អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកការទូត​ជើងចាស់​អាមេរិក​ប្រាប់ ដូ​ណា​ល់ ត្រាំ ថា​«​ដំបៅ​មិន​ឈឺ កុំ​យក​ឈើ​រុក​»
04, Feb 2017 , 7:59 am        
រូបភាព
 
 
​អតីតមន្ត្រី​ការទូត​អាមេរិក លោក Christopher Hill បានផ្ដល់​យោបល់​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​រង​ការរិះគន់​រឿង​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧ ក៏ដូចជា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​រង្គោះរង្គើ​ដោយសារតែ​ជំហរ​មិន​គោរព​នយោបាយ​ចិន​តែមួយ​លើ​បញ្ហា​កោះ​តៃវ៉ាន់​។ អតីតមន្ត្រី​ការទូត​រូបនេះ ក៏បាន​ណែនាំ​លោក ត្រាំ ឲ្យ​បើកចំហ​ចិត្ត​ជុំវិញ​បញ្ហា​អន្តរជាតិ និង​មិន​ត្រូវធ្វើ​អ្វី​ហួសហេតុ​លើសពី​ការសន្យា​ពេល​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​ដែរ​។​

 
​អ្នកការទូត​ជើងចាស់ Christopher Hill បាន​ប្រាប់​ឲ្យ​រដ្ឋបាល​ថ្មី​នៃ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បើក​ចិត្ត​ឲ្យ​ទូលាយ​ពេល​ដោះស្រាយ​បញ្ហា​ការបរទេស​សំខាន់ៗ និង​មិន​ត្រូវមាន​ជំហរ​ដាច់ខាត​ខ្លាំង​លើ​គោលនយោបាយ​ដែល​លើកឡើង​កាលពីមុន​បោះឆ្នោត​ដែរ​។ អតីតមន្ត្រី​ការទូត​រូបនេះ លើកឡើង​ដូចនេះ ស្រប​ពេលដែល​គោលនយោបាយ​ការបរទេស​នៃ​ប្រធានាធិបតី ត្រាំ ធ្វើ​ឲ្យ​រដ្ឋ​ដទៃ​ឃ្នើសចិត្ត​យ៉ាងខ្លាំង ព្រោះ​លោក​ផ្លាស់ប្ដូរ​ជំហរ​ដែល​អាមេរិក​ធ្លាប់​អនុវត្ត​កន្លងមក​។ 
 
​ក្នុង​កិច្ច​សម្ភាស​ផ្តាច់មុខ​ជាមួយ​ទូរទស្សន៍ Channel News Asia អ្នកការទូត​ចាស់វស្សា​ធ្លាប់​បម្រើការ​អស់​ពេល​បី​ទសវត្សរ៍​រូបនេះ ក៏បាន​ព្រមាន​រដ្ឋបាល​ថ្មី​ដែរ​ថា អាមេរិក មិនមែន​ចេះតែ​អាច​ចង់​ដោះស្រាយ​បញ្ហា​ពិភពលោក​តាមចិត្ត​រប​ស់​ខ្លួន​។ លោក​និយាយថា​៖ «​ជា​ប្រធានាធិបតី​អាមេរិក អ្នក​មិនអាច​ជ្រើសរើស​តាមចិត្ត​ចង់ ដូច​រើស​ម្ហូប​លើ​មី​នុយ​ឡើយ​។ អ្នក​មិនអាច​ដោះស្រាយ​នៅ​មជ្ឈិមបូព៌ា ហើយ​ទុកចោល រួច​ទៅ​ដោះស្រាយ​បញ្ហា​មួយទៀត​ដែរ​»​។​
 
​ចាប់តាំងពី​កាន់តំណែង​កាលពី​ខែមករា​មក​នោះ លោក​ប្រធានាធិបតី ត្រាំ បាន​ផ្លាស់​គោលនយោបាយ​ការបរទេស​របស់​អាមេរិក និង​ចេញ​បទបញ្ជា​ជាច្រើន​ដើម្បី​ផលប្រយោជន៍​អាមេរិក​។ លោក​បានចេញ​បញ្ជា​ឲ្យ​ចាប់ផ្ដើម​គម្រោង​សាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​, ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​មូស្លីម​ចូល​ទឹកដី​អាមេរិក​។ ជាពិសេស​នោះ លោក​ថែមទាំង​ហ៊ាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ក៏ដូចជា​គំរាម​ឈប់​អនុវត្ត​នយោបាយ​ចិន​តែមួយ​ទៀតផង​។​
 
​លោក Hill ដែល​ធ្លាប់ជា​មន្ត្រីការទូត​ក្រោម​រដ្ឋបាល​លោក ប៊ី​ល គ្លី​ន​តុ​ន​, ច​ច ដាប់​ប៊ែ​ល​យូ ប៊ូ​ស និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ប្រាប់​ឲ្យ​លោក ត្រាំ ប្រយ័ត្នប្រយែង​ឲ្យ​បាន​ច្រើន ខណៈដែល​លោក​ព្យាយាម​ផ្លាស់ប្ដូរ​ស្ថានការណ៍​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​អាមេរិក​-​ចិន​-​តៃវ៉ាន់​នោះ​។ លោក​បន្ថែមថា លោក ត្រាំ នឹង​រកឃើញថា មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ តែ​លោក​ក៏​មិនត្រូវ​ប៉ះពាល់​រឿង​មួយ (​កោះ​តៃវ៉ាន់​) ដែល​មិនមាន​បញ្ហា​អ្វី​សោះ​នៅពេលនេះ​។​
 
​គោលនយោបាយ​ចិន​តែមួយ ដែល​អាមេរិក​អនុវត្ត​ចាប់តាំងពី​ទទួលស្គាល់​ក្រុង​ប៉េកាំង​ជា​តំណាង​តែមួយ​របស់​ចិន ស្ថិត​លើ​មាត់ជ្រោះ ក្រោយ​លោក ត្រាំ ទាមទារ​ឲ្យ​ចិន​ធ្វើ​សម្បទាន​ខ្លះទៅ​ឲ្យ​អាមេរិក ជា​ថ្នូរ​នឹង​ការគោរព​នយោបាយ​នេះ​បន្តទៀត​។ ប៉ុន្តែ​លោក Hill បាន​និយាយ​ការពារ​នយោបាយ​នេះ ព្រោះ​អាមេរិក​នៅតែ​អាច​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ទន្ទឹមគ្នា​នឹង​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក​ចាត់ទុក​រឿងនេះ ជា​ស្ថានភាព​ដែល​មិនគួរ​ធ្វើ​ឲ្យ​ខូចខាត​ឡើយ ឬ​បើ​ដំបៅ​មិន​ឈឺ កុំ​យក​ឈើ​រុក​៕ 
 
       
 

Tag:
 អាមេរិក​
  Christopher Hill
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com