ជាតិ
ពិធីបង្កក់កូន ៖ សុំ​ដូនតា​ទទួលស្គាល់​សមាជិក​ថ្មី និង​ខមាទោស​យាយ​ម៉ប​
04, Feb 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
  
​ពិធីកាត់សក់​បង្កក់ឆ្មប ដែល​អ្នកស្រុក​អង្គរ​ទម្លាប់​ហៅ​យ៉ាងខ្លី​ថា បង្កក់កូន តាមពិត​ទៅជា​ពិធី​ដែល​គេ​ធ្វើឡើង​ដើម្បី​សុំ​ខមាទោស និង​ថ្លែងអំណរគុណ​ចំពោះ​យាយ​ម៉ប (​ឆ្មប​) ដែល​បាន​ជួយ​ខ្នះខ្នែង​ទាំងយប់​ព្រលប់ ក្នុងពេល​ឆ្លងទន្លេ​។ មិនតែប៉ុណ្ណោះ ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​សែនដូនតា​សុំ​ឲ្យ​ទទួលស្គាល់​កូនចៅ​ដែល​ទើប​កើតមក បានរួម​រស់​សុខ​សប្បាយ​ជាមួយ​សហគមន៍​របស់​ខ្លួន​ផង​។​

 
 អ្នក​នៅ​តំបន់​អង្គរ​សព្វថ្ងៃ ទោះបីជា​បាន​វិ​វត្ត​ពី​ការឆ្លង​ទន្លេ​នៅតាម​ផ្ទះសម្បែង ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ដូច​តំបន់​ទូទៅ​ក្តី ក៏​នៅ​រក្សា​ទំនៀម​កាត់សក់​បង្កក់ឆ្មប​ដដែល​។ អ្នក​អង្គរ​បាន​អញ្ជើញ​ស្ត្រី​ចំណាស់​មួយរូប ដែល​ធ្លាប់មាន​មុខរបរ​ជាយា​យ​ម៉ប​មក​បំពេញ​កិច្ច​នេះ​។ ពុំមាន​កិច្ច​ពិធី​អ្វី​ច្រើន​ទេ គេ​ធ្វើ​ត្រឹម​តែមួយព្រឹក​ប៉ុណ្ណោះ ហើយ​បើ​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ចំណុច​សំខាន់​នៃ​ពិធី​គឺ​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ​។ ក្រៅពីនោះ មានតែ​ការរៀបចំ​គ្រឿង​រណ្តាប់ និង​លៀងភ្ញៀវ​ដែល​មក​ចូលរួម​តាម​ការអញ្ជើញ​របស់​សាមី​ពិធី​។​
  
​គ្រឿង​រណ្តាប់​សំខាន់​ដែល​គេ​រៀបចំ​សម្រាប់​ពិធី​នេះ​មាន គ្រឿង​ស្លាធម៌​បាយសី​ពីរ​ថាស មួយ​ថាស​សម្រាប់​អាចារ្យ និង​មួយ​ថាស​ទៀត​សម្រាប់​យាយ​ម៉ប​។ គ្រឿង​រណ្តាប់​ទាំងពីរ​ថាស​មិនមាន​អ្វី​ប្លែក​គ្នា​ទេ ឃើញ​លើស​តែ​ថាស​យ៉ា​យ​ម៉ប​បន្តិច​ត្រង់​មាន កូន​ពាន​មួយ​ដាក់​អំបោះ​ក្រហម កន្ត្រៃ​កាត់សក់ ស្និត ឡា​ម​កោរសក់​... សម្រាប់​យាយ​ម៉ប​ធ្វើ​ពិធី​ដូចជា​កាត់សក់ កោរសក់ និង​សង្កត់​ព្រលឹង​ទារក​។​
 
 
​ក្រោយ​ជួបជុំគ្នា អាចារ្យ​មួយរូប​សូត្រ​ប្រកូក​ប្រកាស​ហៅ​អស់​ព្រលឹង​ដូនតា​ក្នុងភូមិ​ស្រុក មកជួបជុំ​សោយ​សំណែន​សែន​ព្រែ​ន​ដែល​គេ​រៀបចំ​ថ្វាយ​មួយ​លើក​ជា​ពីរលើក​រហូតដល់​បី​លើក​។ ពាក្យ​ប្រកាស​នេះ ក៏​សុំ​ឲ្យ​ដូនតា​ជួយ​ទទួលស្គាល់​ទារក​ដែលជា​សមាជិក​ថ្មី​នៃ​គ្រួសារ ហើយ​សុំ​ឲ្យ​ជួយ​ជូនពរ​សព្ទសាធុការ​ថែរក្សា​ការពារ​ដល់​ទារក និង​ក្រុមគ្រួសារ​។ ក្រោយ​ពីនេះ ស្ត្រី​ចំណាស់​ដែល​ត្រូវបាន​អញ្ជើញ​ជា​យាយ​ម៉ប ក៏​ធ្វើ​ពិធីកាត់សក់ ឈូស​មាត់ ដាប់​ធ្មេញ និង​និយាយ​ជូនពរ​ផ្សេងៗ​ដល់​ទារក​។​
 
​ពិធី​របៀបនេះ ប្រហែល​នៅមាន​តិចតួច​នៅ​តំបន់​ផ្សេង ប៉ុន្តែ​អ្នក​អង្គរ​នៅតែ​បន្ត​ថែរក្សា​រហូតដល់​សព្វថ្ងៃ​។ អាច​ថា​អង្គរ​ជា​តំបន់​វប្បធម៌​ដ៏​សម្បូរបែប​ក៏បាន ដោយសារ​អ្នកស្រុក​នេះ នៅ​រក្សា​ទំនៀម​របៀបនេះ​ច្រើនណាស់ ដូចជា ពិធី​ហៅ​ព្រលឹង ពិធី​ឡើងអ្នកតា ពិធី​លៀង​មេមត់ ពិធី​ហៅ​ទឹកភ្លៀង​។​ល​។ ហើយក៏​ដោយសារ​ភាពរ​ស់រ​វើក​នៃ​ប្រពៃណី​ដូនតា​នេះហើយ ទើប​អ្នកស្រាវជ្រាវ​ជាច្រើន​តែង​ហៅ​រមណីយដ្ឋាន​អង្គ​រថា ជាម​រតករស់ ឬ​ជា​បេតិកភណ្ឌ​មានជីវិត​៕
 





​អត្ថបទ​៖ លោក សេន សែត​

Tag:
 ពិធីបង្កក់កូន​
  អ្នកស្រុក​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com