អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ បន្ត​ទិតៀន​ស្ថាប័ន​យុត្តាធិការ​បង្ហាញថា​«​ការត្រួតពិនិត្យ​តុល្យភាព​អំណាច​»​អាមេរិក​ប្រឈម​បញ្ហា​
05, Feb 2017 , 7:39 pm        
រូបភាព
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ  សង្ឃឹមក្រសួងយុត្តិធម៌​អាមេរិកនឹង​ឈ្នះ​បណ្តឹង​នៅ​ឧទ្ធរណ៍​ដែល​តទល់​នឹង​ការសម្រេច​របស់​ចៅ​ក្រោម​តុលាការ​សហព័ន្ធ​ដែល​បាន​ព្យួរ​ការអនុវត្ត​បទបញ្ជា​ហាម​ប្រជាជន​ម៉ូ​ស្លី​ម ៧​ប្រទេស​នោះ​បណ្តោះអាសន្ន​សិន​។ ក្រៅពីនេះ​ប្រធានាធិបតី​ដែល​កាន់អំណាច​នីតិប្រតិបត្តិ​ផ្តាច់មុខ​នោះ បន្ត​វាយប្រហារ​លើ​ចៅក្រម​ដែលមាន​តួនាទី​អនុវត្ត​អំណាច​យុត្តាធិការ​ដែលជា​អំណាច​ដាច់ដោយឡែក​នោះ​។ យ៉ាង​ណា​មិញ​ ដល់ថ្ងៃអាទិត្យនេះ​​​តុលាការ​ឧទ្ធរណ៍បានសម្រេច​ទាត់​ចោល​បណ្តឹងតវ៉ា​របស់​ក្រសួង​យុត្តិធម៌ ដោយមិន​អនុញ្ញាតឲ្យអនុវត្តបទបញ្ជា ប្រធានាធិបតី​ឡើងវិញឡើយ។
 
 

​ក្រសួងយុត្តិធម៌​អាមេរិក​ប្តឹងទៅ​ឧទ្ធរណ៍ ហើយ​ឈានទៅ​ឈ្នះ​បណ្តឹង​ប្រឆាំង​ការសម្រេច​របស់​ចៅក្រម James Robart ដែល​ព្យួរ​ការអនុវត្ត​បទបញ្ជា​ហាម​ប្រជាជ​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចំនួន ៧ កាលពី​ថ្ងៃ​សៅរ៍​នោះ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​
 
«​យើង​នឹង​ឈ្នះ​។ ដើម្បី​សុវត្ថិភាព​ប្រទេស​យើង យើង​នឹង​ឈ្នះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងពេលដែល​លោក​ជួប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​រម​ណី​យ​ដ្ឋា​ន Palm Beach នារ​ដ្ឋ Florida​។

 ប៉ុន្តែគួរឲ្យ​សោកស្តាយ​ អ្វី​ដែលលោក ដូណាល់ ត្រាំ បានប្រកាសនោះ​មិន​អាច​​កើតឡើង​ឡើយ។ មកដល់​ថ្ងៃអាទិត្យទី ៥កុម្ភៈនេះ សាលាឧទ្ធរណ៍អាមេរិកបានសម្រេច​បដិសេធចោល​បណ្តឹងទាស់របស់​ក្រសួងយុត្តិធម៌អាមេរិក​ចំពោះសេចក្តី​សម្រេច​របស់ចៅក្រម James Robart។ នេះ​មានន័យថា ការ​ព្យូួរការអនុវត្តបទ​បញ្ជា​របស់លោក ដូណាល់ ត្រាំ នៅតែ​បន្ត​ទៅមុខទៀតទូទាំង​សហរដ្ឋអាមេរិក។
 
១. ដូ​ណា​ល់ ត្រាំ រិះគន់​ចៅក្រម James Robart ឥតឈប់ឈរ​
​ចៅក្រម​តុលាការ​សហព័ន្ធ​លោក James Robart ប្រចាំ​ក្រុង Seattle នា​រដ្ឋ​វ៉ាស៊ីនតោន បានសម្រេច​ដាក់​ព្យូ​រ​បទបញ្ជា​ហាម​ប្រជាជន​មកពី​ប្រទេស ៧ របស់​ប្រធានាធិបតី បណ្តោះអាសន្ន​សិន ហើយ​លោក​បានលើកឡើង​ពី​ធម្មនុញ្ញភាព​នៃ​បទបញ្ជា​នេះ​។ គេ​ស្គាល់​ថា លោក Robart ចៅក្រម​ដែល​តែងតាំង​ឡើយ​ដោយ​ប្រធានាធិបតី  George W. Bush ដោយ​លោក​ជា​មនុស្ស​កណ្តាល ស្រឡាញ់​ភាព​ត្រឹម​ត្រូ និង​យុត្តិធម៌ និង​មិនមាន​និន្នាការ​ទៅរក​ក្រុម​សាធារណរដ្ឋ​ឬ​ទៅខាង​ប្រជាធិបតេយ្យ​ដែរ​។ 
 
​ចាប់​ពីថ្ងៃ​សៅរ៍ទី ៤ កុម្ភៈ​មិ្សលមិញ ​លោក ដូ​ណា​ល់ ត្រាំ​នៅ​មិន​សុខ​បក់​មិន​ល្ហើយ ប្រើប្រាស់​គណនី Twitter របស់ខ្លួន​វាយប្រហារ​ចៅក្រម​សហព័ន្ធ​រូបនេះ​ឥត​ឈប់​។​ 
 
​ក្រោយ​ចៅក្រម​សម្រេច លោក ត្រាំ បាន​សរសេរ​បង្ហោះ​ថា​៖« ការសម្រេច​របស់​ចៅ​ក្រុម ដែលមាន​គោលដៅ​ទាញ​ការអនុវត្ត​ច្បាប់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រទេស​យើង គឺជា​រឿង​មួយ​ដែល​មិន​សម​ហេតុផល ហើយ​វា​នឹង​បរាជ័យ​»​។ ត្រាំ បាន​បន្ថែមថា វិធានការ​ដ៏​តឹងរ៉ឹង​របស់​ខ្លូន​នេះ​ជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ប្រជាជន​អាមេរិក​។​
 
​មិនទាន់​អស់ចិត្ត ដូ​ណា​ល់ ត្រាំ ត្រឡប់មក​ជាថ្មីទៀត​ដោយ​សរសេរថា ការសម្រេច​របស់​ចៅក្រម​ជាការ​បើកផ្លូវ​ឲ្យ​ក្រុម​ភេរវជន ដែលជា​ក្រម​មិន​គិត​ប្រយោជន៍​អាមេរិក​។ លោក​បន្តថា​ក្រុមមនុស្ស​អាក្រក់ៗ​កំពុង​រីករាយ​ដោយ​ឃើញ​ការសម្រេច​នេះ​។​
 
២. លោក ត្រាំ ធ្វើ​ឲ្យ​ប្រព័ន្ធ​«Check and Balance» រង្គោះរង្គើរ  
​យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ​មួយចំនួន​ចាប់ផ្តើម​ក្រឡេកមើល​សម្តី​និង​សកម្មភាព​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ប្រឆាំងនឹង​ចៅក្រម​ដែល​អនុវត្ត​អំណាច​យុត្តាធិការ​អាមេរិក​នោះ​។​គេ​ថា វា​ប៉ះពាល់​ដល់​ស្ថាប័ន​ដែល​គេ​បង្កើត​ឡើងមក​ដើម្បី​ធានា​ការត្រួតពិនិត្យ​ការប្រើប្រាស់​អំណាច​នៅ​សេត​វិមាន និង​សភា​អាមេរិក​ឲ្យ​បាន​ត្រឹមត្រូវ​។ ហើយ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​ដូចគ្នា​។​
 
​សូមបញ្ជាក់​បន្តិច​ថា រដ្ឋធម្មនុញ្ញ​អាមេរិក​ចែង​ច្បាស់​ពី​ការបែងចែក​អំណាចរ​វា​ង​ស្ថាប័ន​បី​មាន​ស្ថាប័ន​យុត្តាធិការ​,​ស្ថាប័ន​នីតិប្រតិបត្តិ និង​បញ្ញត្តិ​នោះ ហើយ​គ្មាន​ស្ថាប័ន​មួយណា​មានអំណាច​ច្រើនជាង និង​អាច​ជ្រៀតជ្រែក​ទៅវិញទៅមក​បានឡើយ​។  ស្ថាប័ន​យុត្តាធិការ​,​ស្ថាប័ន​ប្រតិបត្តិ​និង​នីតិបញ្ញត្តិ​មាន​សិទ្ធិ​, អំណាច និង​ឯករាជ្យ​រៀងៗ​ខ្លួន​ដើម្បី​បំពេញការងារ​និង​ទទួលខុសត្រូវ​ចំពោះ​តួនាទី​ខ្លួន​។  
 
​ពាក់ព័ន្ធ​បញ្ហា​នេះដែរ គេ​ក៏​មើលឃើញថា សំដីសំដៅ​អសុរោះ​និង​ការបន្ត​វាយប្រហារ​របស់លោក ដូ​ណា​ល់ ត្រាំ ដាក់​ចៅក្រម​អាមេរិក កំពុង​បង្កើត​បញ្ហា​សម្រេចការ​តែងតាំង​រដ្ឋ​អាជ្ញា​ប្រចាំ​ក្រសួង​យុត្ត​ធម៌ និង​ការ​ឈានទៅ​តែងតាំង​ចៅ​ក្រុម​តុលាការ​កំពូល​ថ្មី​នោះ​។ វា​ប្រាកដ​ណាស់​ថា វា​នឹងមាន​ការលំបាក​សម្រាប់​ប្រធានាធិបតី​ក្នុងការ​ទាមទារ​ឲ្យ​តុលា​ការគោរព​អំណាច​លោក នៅពេលដែល​លោក​មិន​គោរព​អំណាចតុលាការ​នោះ​៕​

Tag:
 ដូ​ណា​ល់ ត្រាំ​
  James Robart
© រក្សាសិទ្ធិដោយ thmeythmey.com