ជាតិ
លោក អំ សំអាត៖ «សមត្ថកិច្ច ជាអ្នកវាយខ្ញុំ ហើយបែរជាមកប្តឹងខ្ញុំទៀត»
× ភ្នំពេញ៖ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ អះអាងថា ប៉ូលិសខណ្ឌដូនពេញ បានធ្វើរបាយការណ៍ទៅកាន់តុលាការ ដោយចោទប្រកាន់លោកខុសពីការពិត។ លោក អំ សំអាត បញ្ជាក់ថា មន្ត្រីប៉ូលិស បានចោទលោកថា ជាអ្នកពាក់ព័ន្ធនឹងអំពើហិង្សា កាលពីឆ្នាំ២០១៦ ទើបបានជាតុលាការ ហៅលោក ទៅសាកសួរ ក្នុងនាមជាជនសង្ស័យដូច្នេះ។ យ៉ាងណា អធិការខណ្ឌដូនពេញមិនបកស្រាយឲ្យចំជុំវិញការចោទប្រកាន់របស់លោក អំ សំអាត នោះទេ។
លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ និយាយថា រូបលោកហួសចិត្តផង និងអស់សំណើចផង ដែលខ្លួនជាជនរងគ្រោះដោយសារការវាយដំពីសំណាក់សមត្ថកិច្ច បានក្លាយទៅជាជនសង្ស័យទៅវិញ។ លោក ប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា៖«សមត្ថកិច្ច ជាអ្នកវាយខ្ញុំ ហើយបែរជាមកប្តឹងខ្ញុំទៀត។ បើខ្ញុំ ជាសមត្ថកិច្ចវិញ ខ្ញុំខ្មាស់គេណាស់»។
បើតាមការអះអាងរបស់លោក អំ សំអាត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកលោក ជាជនសង្ស័យ ហើយចេញដីកាកោះហៅលោក ឲ្យចូលបំភ្លឺ ជុំវិញអំពើហិង្សានេះ ដោយយោងទៅតាមរបាយការណ៍ ដែលមន្ត្រីប៉ូលិសនៅមូលដ្ឋានខណ្ឌដូនពេញបញ្ជូនទៅ។ លោក អំ សំអាត និយាយថា ក្រោយរងអំពើហិង្សា លោក ក៏បានដាក់បណ្តឹងទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសុំឲ្យជួយរកយុត្តិធម៌។
លោក អំ សំអាត មិននឹកស្មានថា មន្ត្រីប៉ូលីសមូលដ្ឋាន បានបញ្ជូនរបាយការណ៍ទៅឲ្យព្រះរាជអាជ្ញា ដោយចោទលោកថា ជាជនសង្ស័យក្នុងអំពើហិង្សា ទៅវិញអ៊ីចឹងសោះ។ មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ដំណាក់កាលហ្នឹងអត់និយាយដល់ព្រះរាជអាជ្ញាទេ។ មន្ត្រីមូលដ្ឋានទេ ដែលចោទខ្ញុំថា ជាអ្នកជាប់ពាក់ព័ន្ធនឹងអំពើហិង្សា។ អ៊ីចឹងព្រះរាជអាជ្ញា ហៅខ្ញុំទៅសួរក្នុងនាមជាជនសង្ស័យនេះ គឺយោងទៅតាមរបាយការណ៍ ដែលមន្ត្រីមូលដ្ឋានបញ្ជូនទៅ»។
ដោយប្រកាន់ជំហរថា ខ្លួនជាជនរងគ្រោះពិតប្រាកដ ហើយមិនបានប្រព្រឹត្តកំហុសនោះ លោក អំ សំអាត យល់ព្រមចូលបំភ្លឺនៅតុលាការ នៅរសៀលថ្ងៃពុធនេះ ទៅតាមដីកាកោះហៅ។ លោក អំ សំអាត សង្កត់ធ្ងន់ថា លោក មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញដល់ព្រះរាជអាជ្ញា ថាខ្លួន ពិតជាជនស្អាតស្អំ។
អធិការខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ មិនបកស្រាយច្រើននោះឡើយ ជុំវិញការលើកឡើងរបស់លោក អំ សំអាត។ លោក ហូត ចាន់យ៉ារ៉ាន់ គ្រាន់តែបញ្ជាក់ថា ក្រោយរងអំពើហិង្សា លោក អំ សំអាត ក៏បានយកបណ្តឹង ទៅដាក់នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីឲ្យជួយស្វែងរកយុត្តិធម៌ដែរ។ លោកអធិការរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីមុននឹងបិទទូរសព្ទថា៖«ហេ! រឿងហ្នឹង ខ្ញុំបញ្ជូនទៅតុលាការហើយតើ។ គាត់ (លោក អំ សំអាន) បានប្តឹង ហើយឥឡូវបញ្ជូនទៅហើយ»។
ទាក់ទងនឹងបញ្ហាខាងលើ លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ពន្យល់យ៉ាងម៉េចនោះទេ។ ប៉ុន្តែលោក បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងបណ្តាញសង្គម Telegram ថា ព្រះរាជអាជ្ញា បានកោះហៅលោក អំ សំអាត ឲ្យទៅស្តាប់ចម្លើយជុំវិញអំពើហិង្សា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ។
ក្រៅពីលោក អំ សំអាត តំណាងសហគមន៍បឹងកក់មួយរូបទៀត គឺលោក ច័ន្ធ ពុទ្ធិស័ក្ត ក៏ត្រូវបានតុលាការកោះហៅក្នុងនាមជាជនសង្ស័យផងដែរ ដើម្បីឲ្យចូលបំភ្លឺ ជុំវិញអំពើហិង្សានេះ។ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ លោក ច័ន្ទ ពុទ្ធិស័ក្ត ក៏ជាជនរងគ្រោះក្នុងអំពើហិង្សា ដូចលោក អំ សំអាត ដែរ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ អំពើហិង្សាមួយបានកើតឡើង ដោយការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដូនពេញ ក្នុងពិធីដង្ហែក្បួនប្រារព្ធទិវាលំនៅដ្ឋានពិភពលោក។ កាលនោះ លោក អំ សំអាត ធ្លាប់និយាយថា លោក បានចូលទៅឃាត់សមត្ថកិច្ច និងប្រជាពលរដ្ឋ កុំឲ្យប្រើអំពើហិង្សាដាក់គ្នា។ ប៉ុន្តែ នៅពេលលោក អំ សំអាត កំពុងចូលឃាត់ ស្រាប់តែកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានប្រើកណ្ដាប់ដៃវាយលោកតែម្ដង៕
Tag:
អំ សំអាត
តុលាការ
ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com