អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​យោធា​ថៃ​យក «​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ​»​ដើម្បី​ចរចា​ផ្សះផ្សា​ជាតិ​
11, Feb 2017 , 3:59 pm        
រូបភាព
​រដ្ឋាភិបាលយោធា​ថៃ នឹង​ចាប់ផ្ដើម​ការពិភាក្សា​ស្ដីពី​ការផ្សះផ្សា​ជាតិ​ជាមួយ​អ្នកនយោបាយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ថ្ងៃ​តំណាង​ឲ្យ​ក្ដី​ស្រឡាញ់​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ និយាយថា រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៤ នេះ ដើម្បី​ឆ្លៀត​ប្រើ​ឱកាស​នេះ​បង្ហាញ​ការ​រួបរួមគ្នា​ក្នុងចំណោម​អ្នកនយោបាយ​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងស្រុក​ដែល​អូសបន្លាយ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។



​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Kongcheep Tantrawanit បានប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការពិភាក្សា​ផ្សះផ្សា​ជាតិ​ជាមួយ​អ្នកនយោបាយ ដែល​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ចំ​ថ្ងៃ​នៃ​ថ្ងៃ​ស្រឡាញ់​តែម្ដង​។ រដ្ឋាភិបាលយោធា ក៏​ត្រៀម​ប្រធានបទ​ចំនួន​១០ ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​អ្នកនយោបាយ​ចម្រុះ​បក្ស សំដៅ​រក​វិធីសាស្ត្រ​យ៉ាងណា​សម្រេច​ឲ្យ​ការរួបរួម​ជាតិ ដែល​នៅ​បែកបាក់​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Kongcheep បានប្រកាស​ដូចនេះ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​ផ្សះផ្សា​ជាតិ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwon ។ ឧ​ត្ត​ម​សេនីយ៍ Prawit បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នេះ​ថា កិច្ចព្រមព្រៀង​ដែល​សម្រេចបាន នឹងមិន​ចាំបាច់​ចុះហត្ថលេខា​ឡើយ តែ​អ្នកនយោបាយ​ទាំងអស់ ត្រូវតែមាន​ជំហរ​ច្បាស់លាស់​លើ​ការផ្សះផ្សា​ជាតិ និង​សុខដុម​រមនីយ​កម្មស​ង្គ​ម​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា កិច្ចពិភាក្សា​ថ្ងៃទី​១៤ នឹង​មិនមាន​វត្តមាន​យោធា​ក្នុងការ​ព្រមព្រៀង​ណាមួយ​ឡើយ បើទោះជា​ខាង​បក្សនយោបាយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​កងទ័ព​ក៏ដោយ​។ នេះ​ក៏​ព្រោះតែ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ បានរួម​ចំណែក​តិច ឬ​ច្រើន ក្នុងការ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស មកដល់​ចំណុច​នេះ​។ លោក​ឧបនាយករដ្ឋមន្ត្រី Prawit បញ្ជាក់ថា ដោយសារ​នឹង​មិនមាន​រដ្ឋប្រហារ​ម្ដងទៀត យោធា​ក៏​មិនចាំបាច់​ចូលរួម​អ្វី​ដែរ​។​

​គណបក្សនយោបាយ​ប្រហែល​៧០ ដែល​ចុះឈ្មោះ​នៅ​គណៈកម្មការ​បោះឆ្នោត នឹងត្រូវ​ហៅ​មកជួប​គណៈកម្មាធិការ​ផ្សះផ្សា​ជាតិ ដើម្បី​សាកសួរ​យោបល់​លើ​ការបង្រួបបង្រួម​ជាតិ​។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ នឹង​រៀបចំ​កិច្ចពិភាក្សា​តុ​មួយ ដោយមាន​មន្ត្រី​យោធា​១០​នាក់ ជួប​ជាមួយ​តំណាង​១០​នាក់​របស់​បក្សនយោបាយ​។ អ្នកនាំពាក្យ​ខាងលើ​និយាយថា គណៈកម្មាធិការ​ផ្សះផ្សា​ជាតិ នឹង​ជួប​គណបក្សនយោបាយ​ទីមួយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។​

​អ្នកនយោបាយ​ទាំងនោះ ក៏ត្រូវ​បានស្នើ​ឲ្យ​ផ្ដល់យោបល់​លើ​វិធីសាស្ត្រ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​, ការដោះស្រាយ​ការបែងចែក​ក្នុងសង្គម អយុត្តិធម៌ ព្រមទាំង​ជួយ​ជំរុញ​ការបង្រួបបង្រួម​ជាតិ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទៀត​។ រដ្ឋាភិបាល​ថៃ នឹង​សុំ​យោបល់​ពី​អ្នកនយោបាយ​ដើម្បី​ការកែទម្រង់​ជាតិ និង​យុទ្ធសាស្ត្រ​ជាតិ​២០​ឆ្នាំ ផងដែរ​។ មិនតែប៉ុណ្ណោះ របប​យោធា​ក៏បាន​បង្កើត​អនុគណៈកម្មាធិការ​ផ្សេងទៀត​ដើម្បី​ប្រមូល​យោបល់​ទាំងអស់ ក្នុងការ​ឈានទៅ​បង្កើត​ពង្រាង​កិច្ចព្រមព្រៀង​ផ្សះផ្សា​ជាតិ​៕


Tag:
 ​ថៃ​
  Prawit Wongsuwon
© រក្សាសិទ្ធិដោយ thmeythmey.com