ជាតិ
សង្គមជាតិ
លោក នេត សាវឿន រំឭកដល់ស្នងការគ្រប់ខេត្ត-ក្រុង រឿងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ
× អគ្គស្នងការនគរបាលជាតិ បានណែនាំមួយចំនួនទៅដល់ស្នងការគ្រប់រាជធានី ខេត្ត ឲ្យបង្កើនការពិនិត្យ ដើម្បីឈានទៅលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ តាមផ្លូវគោក និងផ្លូវទឹក។ នៅក្នុងសេចក្តីណែនាំនេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាក់ទៀតថា ស្នងការនគរបាលគ្រប់រាជធានី ខេត្ត ត្រូវទទួលខុសត្រូវ ក្នុងករណីមានប្រជាពលរដ្ឋប្តឹង ថាមានមន្ត្រីនគរបាលលួចលាក់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេត្យ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំមួយចំនួនទៅដល់ស្នងការគ្រប់រាជធានី ខេត្ត ក្នុងបំណងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋ លើបញ្ហាប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក។
នៅក្នុងសេចក្តីណែនាំ ចុះថ្ងៃទី៦ ខែកុម្ភៈ លោក នេត សារឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យស្នងការនគរបាលគ្រប់រាជធានី ខេត្ត ប្រជុំ រំឭកឡើងវិញ ទៅកម្លាំងនគរបាលក្រោមឱវាទ ពីគោលការនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវានានា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានការរំខាន។ អ្វីដែលពិសេសនោះ គឺការរំខានពីកងកម្លាំងមានសមត្ថកិច្ច និងកម្លាំងផ្សេងៗទៀត ដែលប្រើប្រាស់សិទ្ធិអំណាចខុសច្បាប់ ឬឆ្លៀតឱកាសដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទារលុយកាក់ពីពួកគាត់។
អគ្គស្នងការនគរបាលជាតិរូបនេះ ក៏ប្រាប់ឲ្យស្នងការទាំងអស់ ត្រូវបញ្ជាក់ជាមួយមន្ត្រីនគរបាលក្រោមឱវាទ ឲ្យបានដឹងច្បាស់ពីគោលការណ៍ចាត់វិធានការ របស់អគ្គស្នងការនគរបាលជាតិ ចំពោះមន្ត្រីនគរបាលណា ដែលប្រព្រឹត្តខុសឆ្គង លួចលាក់ ធ្វើសកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ឬឆ្លៀតយកមុខនាទីរបស់ខ្លួន ដើម្បីទទួលប្រាក់កាសពីប្រជាពលរដ្ឋ ឬអាជីវករខុសច្បាប់ ទោះតាមវិធីណាក៏ដោយ។ វិធានការ ដែលនឹងធ្វើឡើងក្រោមរូបភាពរដ្ឋបាល ឬវិធានការច្បាប់ (បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ ដោយគ្មានការយោគយល់)។
ស្នងការនគរបាលរាជធានី ខេត្តទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខអគ្គស្នងការនគរបាលជាតិ ក្នុងករណីមានប្រជាពលរដ្ឋប្តឹង ថាមានមន្ត្រីនគរបាលលួចលាក់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេត្យ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ នេះបើតាមលោក នេត សារឿន។
ស្នងការគ្រប់រាជធានី ខេត្ត ក៏ត្រូវចាត់ឲ្យមានកម្លាំងល្បាត និងត្រួតពិនិត្យតាមផ្លូវគោក ផ្លូវទឹកជាប្រចាំ ដើម្បីមានវិធានការលុបបំបាត់សកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ បានទាន់ពេល និងត្រូវរាយការណ៍ជារៀងរាល់ថ្ងៃ និងធ្វើរបាយការណ៍ជារៀងរាល់ខែ មកអគ្គស្នងការនគរបាលជាតិ ចំពោះការអនុវត្តការងារនេះ៕
Tag:
នេត សាវឿន
ប៉ុស្តិ៍ត្រួតពិនិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com