អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​ហ្វីលីពីន ប្រាប់ Duterte ថា «​កុំ​ហាមាត់​ឡើង​និយាយ​តែ​រឿង​ស្លាប់​ពេក​»
12, Feb 2017 , 8:39 pm        
រូបភាព
អតីតប្រធានាធិបតី Fidel Ramos និងប្រធានាធិបតី Rodrigo Duterte (រូបថត GMA Network)
អតីតប្រធានាធិបតី Fidel Ramos និងប្រធានាធិបតី Rodrigo Duterte (រូបថត GMA Network)
​អតីត​ប្រធានាធិបតី​ហ្វីលីពីន Fidel Ramos បានស្នើ​ឲ្យ​ប្រធានាធិបតី Rodrigo Duterte ឈប់​និយាយថា «​ខ្ញុំ​ជិត​ស្លាប់​ហើយ​» ទៀត​ទៅ តែ​ត្រូវខិតខំ​បម្រើ​ប្រទេសជាតិ ព្រោះ​ប្រជាជន​ហ្វីលីពីន បោះឆ្នោត​ឲ្យ​កាន់តំណែង​រយៈពេល​៦​ឆ្នាំ​ឯណោះ​។ លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន ស្នើ​ដូចនេះ ទំនងជា​លោក​តឹង​ចិត្តនឹង​ប្រធានាធិបតី Duterte ដែល​តែងតែ​ប្រើពាក្យ​បែបនេះ នៅពេល​លោក​ខឹងសម្បារ ឬ​មិន​ពេញចិត្ត​ថ្នាក់ក្រោម​របស់លោក​។​



«​អត់​ទោស​ឲ្យ​ខ្ញុំ​ផង លោក​ប្រធានាធិបតី Duterte! តែ​លោក​ត្រូវតែ​សេចក្ដី​ស្ងប់​ដាក់ខ្លួន និង​ឈប់​និយាយ​ពី​ការស្លាប់ ឬក៏​ត្រូវគេ​សម្លាប់ ឬក៏​ខ្ញុំ​មិន​ខ្វល់​ពី​ជីវិត​ទៀត​ទៅ​។ លោក​ត្រូវ​ថែរក្សា​ជីវិត​របស់លោក​ផ្ទាល់​»​។ នេះ​ជាស​ម្ដី​ផ្ដែផ្ដាំ​របស់​អតីត​ប្រធានាធិបតី Fidel Ramos ទៅកាន់​ប្រមុខ​ប្រតិបត្តិ​កំពូល Rodrigo Duterte ដែល​ចូលចិត្ត​និយាយ​ពាក្យ​បែបនេះ​ជារឿយៗ ពេល​លោក​មានឱកាស​ថ្លែង​សុន្ទ​កថា​ម្ដងៗ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Rappler អតីត​ប្រធានាធិបតី​រូបនេះ និយាយទៀតថា លោក Duterte មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ហើយ​ប្រជាជន​ហ្វីលីពីន គឺ​គាំទ្រ​លោក​ជានិច្ច​។ លោក​បន្តថា យើង​មិន​ចង់ឃើញ​ប្រធានាធិបតី​និយាយស្ដី​បែបនេះ​ឡើយ ព្រោះ​លោក​ត្រូវបាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់តំណែង​៦​ឆ្នាំ ហើយ​លោក Duterte ត្រូវបាន​បំពេញ​កិច្ច​នេះ​ឲ្យ​បាន​។ យ៉ាងណាក្ដី លោក Ramos និយាយ​ដែរ​ថា ចាត់ទុក​ដំបូន្មាន​លោក​នៅពេលនេះ ប្រហែល​មិនត្រូវ​បានទទួល​យក​ទេ​។​

​ទាក់ទង​នឹង​និយាយស្ដី​របស់លោក Duterte លោក Ramos ដែលជា​ប្រធានាធិបតី​ហ្វីលីពីន​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៨ បាន​ហេតុផល​ថា ការភ័យខ្លាច​របស់លោក​ប្រធានាធិបតី Duterte កើតចេញពី​អារម្មណ៍​មិន​ស្ងប់​របស់លោក ហើយ​វា​អាច​កើតចេញពី​បរិស្ថាន​ដែល​លោក Duterte ផ្ទាល់ ធ្លាប់​រស់នៅ​។ លោក Ramos បាន​ហៅ​លោក Duterte ជា​មនុស្ស​មិនមាន​សេចក្ដី​ស្ងប់ ព្រោះ​លោក​តែង​កើតមាន​អារម្មណ៍​ភ័យខ្លាច​។​

​អ្វី​ជាការ​កត់សម្គាល់​នោះ ចាប់តាំងពី​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦ មក​នោះ លោក Duterte តែងតែ​លើកឡើង​ពី​គម្រោង​សម្លាប់​រូបលោក ឬក៏​បណ្ដេញ​លោក​ចេញពី​តំណែង​។ លោក​បាន​ទម្លាក់​ការចោទប្រកាន់​នេះ​ទៅ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល​អាមេរិក (CIA) ប៉ុន្តែ CIA ក៏បាន​ទាត់ចោល​ជា​បន្តបន្ទាប់​ដែរ​។ ម្យ៉ាងទៀត លោក​ក៏​ធ្លាប់​ចោទប្រកាន់​បក្ស​សេរីនិយម​ថា ចង់​ទម្លាក់​លោក​ពី​តំណែង​ទៀតផង​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៣១ ខែមករា លោក​ប្រធានាធិបតី Duterte ក៏បាន​ហាមាត់​និយាយ​រឿង​ស្លាប់​នេះដែរ ប៉ុន្តែ​នេះ​ក៏​មិនមែនជា​លើក​ទី​១ ដែល​លោក​និយាយ​រឿង​ស្លាប់​នេះដែរ​។ នៅ​ចំពោះមុខ​មន្ត្រី​យោធា​ច្រើន​រូប លោក Duterte ដែល​ចង់​ប្រើ​យោធា​ឲ្យ​ចាប់ខ្លួន​ប៉ូលិស​ពុករលួយ​និយាយថា​៖ «​ប្រសិនបើ​លោក​មិន​ឲ្យ​កងទ័ព​ចូលមក​ពាក់ព័ន្ធ​រឿងនេះ​ទេ លោក​នឹង​ស្លាប់ ព្រោះ​គ្មាន​នរណា​ត្រួតពិនិត្យ​ប៉ូលិស​ខិលខូច​បានឡើយ​»៕


Tag:
 ​ហ្វីលីពីន​
  Fidel Ramos
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com