ជាតិ
មិន​ដល់​មួយខែ​ផង ច្បាប់​ហាម​ទណ្ឌិត​មិន​ឲ្យ​ធ្វើ​មេបក្សនយោបាយ នឹងត្រូវ​អនុម័ត​
15, Feb 2017 , 8:59 pm        
រូបភាព
លោក ឈាង វុន (ស្តាំ) និងលោក ហូរ វ៉ាន់ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន
លោក ឈាង វុន (ស្តាំ) និងលោក ហូរ វ៉ាន់ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន
​ភ្នំពេញ​៖ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៧ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដោយ​កំណត់ថា ទណ្ឌិត​មិនគួរ​មាន​សិទ្ធិ ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នោះទេ​។ សំណើ​របស់​សម្តេច ហ៊ុន សែន ត្រូវបាន​ព្រាង​នៅក្នុង​ច្បាប់​ខាងលើ​រួចហើយ ហើយ​រដ្ឋសភា​ត្រៀម​នឹង​អនុម័ត​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​។



​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ដើម្បី​ពិនិត្យ​និង​អនុម័ត ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលមាន​ចំណុច​បន្ថែម​មួយចំនួន​។ សេចក្តីស្នើ​វិសោធនកម្ម​ថ្មី ដែល​ស្នើ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សរសេរថា ទណ្ឌិត​មិនមាន​សិ​ទិ្ធ​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស​នោះទេ​។ ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ ក៏បាន​កំណត់​ដែរ​ថា ទណ្ឌិត​មិនអាច​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​គណបក្ស​ណាមួយ​ឡើយ​។ ជាងនេះទៀត គណបក្ស​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។​

​យោងតាម​សេចក្តីព្រាង​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​គណបក្សនយោបាយ មាត្រា​១៨ ថ្មី​ចែងថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី​របស់ខ្លួន ក្នុងករណី​ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។

​មាត្រា​៣៨ ឯណោះ​វិញ​បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់វិធានការ ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​»​។

​រីឯ​មាត្រា​៤៥ ​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​

​បើ​គិតពី​ដើមទី ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​តាក់តែង​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ តាម​សំណើ​របស់​សម្តេច ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ផង​នោះ រហូតដល់​ចប់សព្វគ្រប់ មាន​រយៈពេល​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោយមក​ខ្លឹមសារ​នៃ​ច្បាប់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ភ្លាមៗ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​។

​បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​ចំនួន​ពីរលើក គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក៏​សម្រេច​ដាក់សំណើ​សុំ​ឲ្យ​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចូលក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​និង​អនុម័ត​ជា​ផ្លូវការ​។ ដំណើរ​នៃ​ការធ្វើវិសោធកម្ម​ច្បាប់​នេះ ត្រូវ​ចំណាយពេល​ប្រហែល​២០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​គិតពី​ពេល ដែល​សម្តេច ហ៊ុន សែន ស្នើឡើង រហូត​ឈានដល់​ការអនុម័ត​ជា​ផ្លូវការ តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​ដែល​គ្រោង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​កុម្ភៈ​នេះ​។

​លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ថ្ងៃនេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក បានស្នើ​ឲ្យ​ពន្យារពេល​នៃ​ការធ្វើវិសោធកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លោក លើក​ហេតុផល​ថា ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់ ដូច្នេះ​គណបក្ស​នីមួយៗ ត្រូវការ​ពេលវេលា ដើម្បី​គិតគូ​ពី​បញ្ហា​នេះ​។

​ម្យ៉ាងទៀត ការពន្យារពេល អាច​ផ្តល់ឱកាស​ទៅដល់​គណបក្ស​ផ្សេងៗ រួមទាំង​ក្រុម​សង្គម​ស៊ីវិល​ផងដែរ ដើម្បី​ចូលរួម​ពិភាក្សា និង​ផ្តល់យោបល់​បន្ថែមទៀត ឲ្យ​មាន​លក្ខណៈ​ទូលំទូលាយ​។ នេះ​ជាការ​យល់ឃើញ​របស់លោក ហូរ វ៉ាន់ ដដែល​។

​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូ​បន​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ ស្នើ​ឲ្យ​ពន្យារ​ការប្រជុំ​វិសាមញ្ញ ឬ​ប្រជុំ​នានា ឬក៏​ពិភាក្សា​ច្បាប់​ហ្នឹង ឲ្យ​យូរ​បន្តិច ឲ្យ​វែង​ជាង​ហ្នឹង​បន្តិច ដើម្បី​ឲ្យ​វា​គ្រប់​ជ្រុងជ្រោយ ឲ្យ​វា កាន់តែ​ទូលំទូលាយ​។ យើង​ចង់​ឲ្យ​ពន្យារពេល ក្រែងលោ​យើង អាច​រៀបចំ​សិក្ខាសាលា ជាមួយ​គណបក្ស​ពាក់ព័ន្ធ​ផ្សេងៗ ឬក៏​មហាជន សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ច្បាប់​ហ្នឹង កាន់តែ​ល្អ​។ យើង​មើលទៅ ដូច​តក់ក្រហល់​ពេក​»​។

​យ៉ាងណា សំណើ​របស់​បក្សប្រឆាំង ត្រូវបាន​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពី​បក្ស​កាន់អំណាច​ច្រោ​ន​ចោល​។

​លោក ឈាង វុន ក្នុងនាម​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​ទន្ទឹមនឹង​លោក ហូរ វ៉ាន់ ពេល​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន បាន​បកស្រាយ​ថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ បាន​ឆ្លងកាត់​ការសិក្សា​ជាច្រើន​ដំណាក់កាល និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​អស់ហើយ ដូច្នេះ មិនចាំបាច់​ត្រូវ​ពន្យារពេល​បន្តទៀត​នោះទេ​។ លោក សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា ត្រូវការ​អនុវត្ត​ច្បាប់​នេះ​ភ្លាមៗ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង​សភាពការណ៍​បច្ចុប្បន្ន​។​

​លោក ឈាង វុន បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ហើយ​? រហូតដល់​ថ្ងៃទី​២០ កុម្ភៈ ឯណោះ​។ មាន​ពេល​គ្រប់គ្រាន់​ហើយ សម្រាប់​មក​តស៊ូ​មតិ​ក្នុង​រដ្ឋសភា​»៕


Tag:
 បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com