ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពលករ​ខ្មែរ​នៅ​ថៃ​បាន​ផ្ទេរ​លុយ​ចូលមក​កម្ពុជា​ទំហំ​១៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
15, Feb 2017 , 4:51 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ថតselfie នៅមុខពលករខ្មែរ​នៅក្នុងបរិវេណ​ស្ថានទូត​កម្ពុជា​ក្នុងទីក្រុងបាងកក
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ថតselfie នៅមុខពលករខ្មែរ​នៅក្នុងបរិវេណ​ស្ថានទូត​កម្ពុជា​ក្នុងទីក្រុងបាងកក
​ចាប់ពី​ខែមីនា​ខាងមុខនេះ ក្រសួង​ការងារ​របស់​កម្ពុជា និង​ថៃ​នឹង​ផ្តើម​យុទ្ធនា​ការចែក​លិខិតឆ្លងដែន ឬ​លិខិត​ធ្វើដំណើរ និង​បណ្ណ​ការងារ​ដល់​ពលករ​ខ្មែរ​ចំនួន​ប្រមាណ​៤៣​ម៉ឺន​នាក់ ដែល​កំពុងតែ​កាន់​ឯកសារ​ផ្លូវការ​បណ្តោះអាសន្ន​ដែល​បញ្ជាក់​អំពី​សិទ្ធិ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ក្រសួង​ការងារ គឺ​លោក ហេង សួរ សព្វថ្ងៃនេះ​មាន​ពលករ​ខ្មែរ​សរុប​១​លាន​៦​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​នៅតាម​វិស័យ​នានា​នៅក្នុង​ប្រទេស​ថៃ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​ដដែល​បាន​មានប្រសាសន៍​ពលករ​ខ្មែរ​សរុប​ដែល​កំពុងធ្វើការ​បរទេស​មាន​ចំនួន​១,១៥​លាន​នាក់ ដែល​អាច​ផ្ទេរ​ថវិកា​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ​ទំហំ​១៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។



​សូម​លោកអ្នក​ស្តាប់​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​៖




​ក្នុងចំណោម​ពលករ​ខ្មែរ​ចំនួន​១,១៥​លាន​នាក់​ដែល​កំពុងធ្វើការ​នៅ​បរទេស មាន​ពលករ​ខ្មែរ​១​លាន​៦​ម៉ឺន​នាក់​ហើយ​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ បើតាម​ការពន្យល់​រប​ស់លោក ហេង សួរ ដែលជា​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​មាន​៣​ប្រភេទ​។ «​ក្រុម​ទីមួយ​ដែលមាន​ប្រមាណ​៣០​ម៉ឺន​នាក់ គឺជា​ក្រុម​ដែល​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​ស្របច្បាប់​ក្នុង​ក្របខណ្ឌ​MOU​។ ក្រុមទី​២ មាន​ចំនួន​ប្រមាណ​៤៣​ម៉ឺន​នាក់ ជា​ក្រុម​ដែលមាន​បណ្ណ​ការងារ​ស្របច្បាប់​បណ្តោះអាសន្ន និង​ក្រុមទី​៣​ដែលមាន​ប្រហែល​៣០​ម៉ឺន​នាក់​ដែរ ពួកគេ​ទើបតែ​ចូលទៅ​ធ្វើ​ការងារ​ក្នុងប្រទេស​ថៃ​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៥»​។ ក្រុមទី​៣​នេះ ជា​ក្រុម​ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា​ពួកគេ​ជា​ពលករ​ស្របច្បាប់​ឡើយ​។​

​ក្រោយពី​ការពិភាក្សា​រវាង​ក្រសួង​ការងារ​នៃ​ប្រទេស​ទាំងពីរ ក្រសួង​ទាំង​ពីរបាន​ព្រមព្រៀង​សហការគ្នា​ដើម្បី​ចែក​បណ្ណ​ការងារ និង​លិខិត​ធ្វើរ​ដំណើរ​ដល់​ក្រុម​ពលករ​ខ្មែរ​ចំនួន​៤៣​ម៉ឺន​នាក់​ដើម្បី​ពួកគេ​អាច​ក្លាយជា​ពលករ​បរទេស​ស្របច្បាប់​ពេញលេញ​នៅលើ​ទឹកដី​រហូតដល់​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ លោក ហេង សួរ ដែល​បាន​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​ថៃ ពលករ​ខ្មែរ​ភាគច្រើន​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ផលិត​អាហារ​កំប៉ុង ក្នុង​វិស័យ​សំណង់ កសិកម្ម និង​នេសាទ​ជាដើម​។ លោក ហេង សួរ បាន​បន្តថា ក្នុង​មួយឆ្នាំ​ពលករ​ខ្មែរ​ទាំង​១​លាន​៦​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ថៃ​បាន​ផ្ញើរ​ថវិកា​ទំហំ​១៣០០​លាន​ដុល្លារ​ចូលមកក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​កំណើត​របស់​ពួកគេ​។​

​សព្វថ្ងៃនេះ ក្រៅពី​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ចំនួន​៤៦០០០​នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស​សាធារណរដ្ឋ​កូរ៉េ ៤​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ៤​ពាក់​នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស​ជប៉ុន និង​៤០០​នាក់​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​។ ពលករ​ខ្មែរ​សរុប​ទាំង​១,១៥​លាន​នាក់ បាន​ផ្ញើ​ថវិកា​១៧០០​លាន​ដុល្លារ​ចូលមកក្នុង​សេដ្ឋកិច្ចកម្ពុជា​ក្នុង​មួយឆ្នាំ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​៕


Tag:
 ហេង សួរ​
 ​ ការងារ
 ​ពលករ​
  ថៃ​
  កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com