កីឡាជាតិ
ជាតិ
ជំនួប​បឹងកេត ជាមួយ ទ័ព ត្រូវ​លើក​ពេល ក្រោយ​បឹងកេត​ជាប់​កាតព្វកិច្ច​នៅ AFC Cup
16, Feb 2017 , 9:19 am        
រូបភាព
បឹងកេតអង្គរប្រកួតជាមួយក្រសួងការពារជាតិក្នុងពានរង្វាន់សប្បុរសធម៌ CNCC Charity Cup 2017 នៅពហុកីឡដ្ឋានជាតិ។ (2)
បឹងកេតអង្គរប្រកួតជាមួយក្រសួងការពារជាតិក្នុងពានរង្វាន់សប្បុរសធម៌ CNCC Charity Cup 2017 នៅពហុកីឡដ្ឋានជាតិ។ (2)
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នឹង​ចាប់ផ្ដើម​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី​១​នា​ថ្ងៃទី​១៨ ខែកុម្ភៈ ចុង​សប្ដាហ៍​នេះ ដោយមាន​ការប្រកួត​ចំនួន​៣​គូ​។ ប៉ុន្តែ​ដោយសារ​បឹងកេត​អង្គរ​ជាប់​កាតព្វកិច្ច​ក្នុង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup 2017 នៅ​ប្រទេស​ម៉ាឡេស៊ី សប្តាហ៍​នេះ ជំនួប​ដ៏​ជក់ចិត្ត​រវាង​បឹងកេត​អង្គរ​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវបាន​លើក​ពេល​។



​ការប្រកួត​រវាង​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ ជាមួយ​ក្រុម​ជើងឯក​រង​ក្រសួងការពារជាតិ​(​ទ័ព​)​ដែល​គេ​គិតថា ជា​ជំនួប​មួយ​ដ៏​ជក់ចិត្ត​ក្នុងចំណោម​បី​គូ​នៅ​ថ្ងៃ​បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ នា​ថ្ងៃទី​១៨ កុម្ភៈ ត្រូវបាន​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃទី​១ ខែមីនា​។ 

​ការលើក​ពេល​រហូតដល់​បំណាច់​ខែកុម្ភៈ នេះ ដោយសារ​ក្រុម​បឹងកេត​អង្គរ​ត្រូវបំពេញ​កាតព្វកិច្ច​ដ៏​ធំ​ក្នុង​វគ្គ​ចែក​ពូ​ល​(Group Stage)​ពានរង្វាន់ AFC Cup 2017 នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​យកឈ្នះ​ក្រុម Lao Toyota របស់​ឡាវ ២-១ វគ្គ​ជម្រុះ Play off Stage កាលពី​ខែកុម្ភៈ កន្លងទៅ​។

​ក្រុម​បឹងកេត​អង្គរ​ដែល​ឈរ​ក្នុង​ពូ​ល F ត្រូវ​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ JOHOR DARUL TA'ZIM ក្នុង​ថ្ងៃ​បើកឆាក​នា​ថ្ងៃទី​២១ កុម្ភៈ នៅ​កីឡដ្ឋាន Tan Sri Dato' Haji Yunos Stadium​។ មុន​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហ្វីលីពីន GLOBAL FC និង​ក្រុម MAGWE FC របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​១៤ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​នៅ​ថ្ងៃទី​៥ ខែមេសា ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុ​ជាមួយនេះ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ MAGWE FC របស់​មី​យ៉ាន់​ម៉ា នៅ​កីឡដ្ឋាន Youth Training Centre មុន​ស្វាគមន៍​ក្រុម JOHOR DARUL TA'ZIM របស់​ម៉ាឡេស៊ី នា​ថ្ងៃទី​១៩ ខែមេសា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រោយមក​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ហ្វីលីពីន GLOBAL FC នៅ​កីឡដ្ឋាន Rizal Memorial Football Stadium នៅ​ថ្ងៃទី​៣ ខែឧសភា​។   

​ដោយឡែក សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី​១៨ កុម្ភៈ ចុង​សប្តាហ៍​នេះ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា តទល់​ជាមួយ​ក្រុម​ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕


Tag:
 បាល់ទាត់​
  បឹងកេត​អង្គរ​
  AFC Cup 2017
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com