ជាតិ
លោក គឹម សុខ បានចូលទៅបំភ្លឺក្នុងតុលាការហើយ
× ភ្នំពេញ៖ ក្រោយពីធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលជាង៣ម៉ោង អមជាមួយអ្នកគាំទ្រ និងព្រះសង្ឃជាច្រើននាក់នៅតាមដងផ្លូវ ចាប់ពីទីតាំងវត្តចាស់មក នៅម៉ោង១១ព្រឹកនេះ លោក គឹម សុខ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅដើម្បីសាកសួរជុំវិញពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីការពារក្តីសម្ដេច ហ៊ុន សែន។
តាមពិតទៅក្នុងដីការបស់តុលាការបានកោះហៅលោក គឹម សុខ ឲ្យចូលបំភ្លឺនៅម៉ោង ៩ព្រឹក ថ្ងៃទី១៧ កុម្ភៈនេះ ប៉ុន្តែលោក គឹម សុខ បានមកដល់នៅម៉ោង១១ ព្រឹកទៅវិញ។ ត្រង់ចំណុចនេះលោក គឹម សុខ អះអាងថា លោកបានអនុលោមតាមការកំណត់របស់តុលាការត្រឹមត្រូវ ប៉ុន្តែដោយសារតែការធ្វើដំណើរតាមផ្លូវដោយថ្មើរជើងតាំងពីម៉ោងជាង៧ ព្រឹកនោះ ត្រូវបានអាជ្ញាធររារាំងរូបលោកជាបន្តបន្ទាប់ ទើបរូបលោកខកពេលវេលាចូលបំភ្លឺបែបនេះ។
ងាកមកខាងក្រៅសាលាដំបូងរាជធានីភ្នំពេញវិញ ក៏មានប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានអមដំណើរលោក គឹម សុខ នោះ កំពុងបន្តឈររងចាំមើលលទ្ធផលនៃការសាកសួរនៅក្នុងតុលាការនេះដែរ។
កាលពីថ្ងៃទី១៣ កុម្ភៈ មេធាវីការពារក្តីឲ្យសម្ដេច ហ៊ុន សែន បានដាក់ពាក្យប្ដឹង លោក គឹម សុខ ក្រោមហេតុផលថា មួលបង្កាច់និង ទម្លាក់ កំហុសទៅលើគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី។ បណ្ដឹងនេះលោក គី តិច បានទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន ៥០ម៉ឺនដុល្លារ ជូនសម្ដេច ហ៊ុន សែន៕
Tag:
គឹម សុខ
ហ៊ុន សែន
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com