ជាតិ
សេដ្ឋកិច្ច
​និយ័ត​ករ​ទូរគមនាគមន៍ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ស្នើសុំ មុន​ឃោសនា​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​
17, Feb 2017 , 8:59 pm        
រូបភាព
TRC ប្រជុំជាមួយតំណាងក្រុមហ៊ុនទូរសព្ទ។ រូបពីហ្វេសប៊ុកTRC
TRC ប្រជុំជាមួយតំណាងក្រុមហ៊ុនទូរសព្ទ។ រូបពីហ្វេសប៊ុកTRC
ដោយ:
​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ដាក់ចេញ​វិធានការ​មួយចំនួន​លើ​ការធ្វើ​ទីផ្សារ​តម្លៃ​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ក្នុង​វិស័យ​មួយ​នេះ​។ ក្រោយ​ប្រជុំ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទូរ​សព្ទ កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ TRC  បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ មុននឹង​ឃោសនា​ពាណិជ្ជកម្ម ត្រូវ​ផ្ញើមក​ស្ថាន​នេះ​សិន​។ នេះ​បើតាម​សេចក្តីណែនាំ​របស់ TRC នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ។​



​ការចេញ​សេចក្តីណែនាំ​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) នៅពេលនេះ គឺ​បន្ទាប់ពី​ស្ថាប័ន​នេះ បាន​កោះប្រជុំ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ទាំងអស់​កាលពីដើម​សប្ដាហ៍​នេះ ជុំវិញ​«​គម្រោង​ប្តូរ​លុយ​»​នាពេល​ថ្មីៗ​នេះ​។ TRC បារម្ភ​ថា ការធ្វើ​ទីផ្សារ​តម្លៃ​ទាំងនេះ អាច​នាំទៅដល់​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដោយមាន​កំណត់ដោយ​បទ​ប្បញ្ញត្តិ ក្នុង​វិស័យ​ទូរគមនាគមន៍​។

​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ឈានមុខ​នៅ​កម្ពុជា ដូចជា​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន Cellcard បាន​ដាក់ចេញ​គម្រោង​ប្ដូរ​លុយ​របស់ខ្លួន ដែល​អាច​ឲ្យ​អតិថិជន​ប្ដូរ​ពី​១​ដុល្លារ ប្ដូរ​បាន​ខ្ទង់រយ​ដុល្លារ សម្រាប់​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ និង​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​។

TRC បានបញ្ជាក់​ក្នុង​សេចក្ដីណែនាំ​របស់ខ្លួន ដល់​ក្រម​ហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​សង្កេតឃើញថា ការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ​មួយចំនួន​មិន​គោរព​ច្បាប់​និង​គោលការណ៍​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ក្នុង​វិស័យ​ទូរគមនាគមន៍ ដែល​បាន​ណែនាំ​កន្លងមក​»​។​

​ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នកប្រើប្រាស់ ក៏ដូចជា​ចំណូល​ថវិកាជាតិ TRC បាន​ណែនាំ​ជាថ្មី​ម្ដងទៀត ដល់​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​ទាំងអស់ ត្រូវ​ស្នើសុំ​ជាមុន​មក TRC ដោយ TRC នឹង​សម្រេច​ពាក្យស្នើសុំ​ក្នុងពេល​យ៉ាងយូរ​១០​ថ្ងៃ រាល់​ការឃោសនា​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់ TRC ។

​លិខិត​ដដែល​នេះ ណែនាំ​ទៀតថា ប្រតិ​ប​ត្ត​ករ​ទាំងអស់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សាយពាណិជ្ជកម្ម តាម​គ្រប់​រូបភាព​អំពី​ការប្ដូរ​ទឹកប្រាក់ ឬ​បន្ថែម​ទឹកប្រាក់ (promotion) ណា​ដែលមាន​លក្ខណៈ​ភូតកុហក​អតិថិជន​និង​/​ឬ​លក់​ក្រោម​ថ្លៃដើម​។ TRC ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ត្រូវ​ផ្ញើមក TRC រៀងរាល់​៦​ខែម្ដង​នូវ​ថ្លៃដើម នៅក្នុង​បណ្ដាញ​តែមួយ​របស់​ក្រុមហ៊ុន​។​

TRC នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ស្របតាម​ច្បាប់ ដូចជា ហាមឃាត់​ការនាំ​ចូល​សម្ភារ​, ព្យួរ​លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញា​បណ្ណ រហូតដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ បាន​អនុវត្ត​គ្រប់គ្រាន់​តាម​ការណែនាំរ​បស់ TRC ។ នេះ​បើតាម​សេចក្ដីណែនាំ​ខាងលើ​៕


Tag:
 TRC
  គម្រោង​ប្ដូរ​លុយ​
  ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com