ជាតិ
សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា នឹងប្ដូររូបសញ្ញា«ហង្ស»របស់ខ្លួន ក្នុងរយៈពេលបីសប្ដាហ៍
× ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងប្ដូរលោហ្គោរូបហង្សរបស់ខ្លួន ក្នុងរយៈពេលបីសប្ដាហ៍ បន្ទាប់ពីមានការសម្រេចរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៧ខែកុម្ភៈនេះ។
ការតម្រូវឲ្យផ្លាស់ប្ដូររូបសញ្ញាហង្សរបស់ធនាគារ អេស៊ីលីដា ត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានដាក់បទបញ្ជាឲ្យធនាគារអេស៊ីលីដា ប្ដូររូបសញ្ញាហង្សរបស់ខ្លួន ក្នុងរយៈពេល ៣សប្ដាហ៍ ដើម្បីបញ្ចៀសការយល់ច្រឡំរបស់សាធារណជនថា ធនាគារអេស៊ីលីដា ជារបស់រដ្ឋ ព្រោះលោហ្គោរបស់ធនាគារមួយនេះ និងលោហ្គោរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់រូបហង្សដូចគ្នា។ លោកបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច គឺជាស្ថាប័នរដ្ឋ និងត្រូវបង្កើតឡើងមុនធនាគារអេស៊ីលីដា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា ធនាគារអេស៊ីលីដា នឹងប្ដូររូបហង្សនេះចេញពីលោហ្គោររបស់ខ្លួនឲ្យបាន ក្នុងរយៈពេលដែលរដ្ឋាភិបាលបានកំណត់ខាងលើ។ លោកបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកបានដាក់លិខិតសុំកែតម្រូវលោហ្គោនេះទៅធនាគារជាតិនៃកម្ពុជា (NBC) តាំងពីថ្ងៃទី១៤ខែនេះ។ ហើយនៅថ្ងៃនេះ លោកបានជួបពិភាក្សាជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មអំពីការកែតម្រូវរូបសញ្ញានេះ។
លោក អ៊ិន ចាន់នី បន្តទៀតថា លោកពេញចិត្តនឹងប្ដូររូបសញ្ញាហង្សនេះ ព្រោះជាការតម្រូវរបស់រដ្ឋាភិបាល ហើយម្យ៉ាងលោកក៏មិនចង់ឲ្យមានការភាន់ច្រឡំណាមួយដែរ។ លោកបន្ថែមថា ការកែតម្រូវលោហ្គោនេះ ក្រុមហ៊ុនលោកនឹងត្រូវចំណាយយ៉ាងតិច ៣លានដុល្លារ លើការផ្លាស់ប្ដូរផ្លាកយីហោ និងលិខិតផ្សេងៗ ។ ទោះយ៉ាងណា លោកអះអាងថា ការប្ដូររូបសញ្ញានេះ នឹងមិនធ្វើឲ្យថយចុះនូវចំនួនអតិថិជននោះទេ ព្រោះធនាគារលោកនៅតែរក្សាអក្សរអេស៊ីលីដាក្នុងយីហោរបស់ខ្លួន ដែលអតិថិជននៅតែអាចស្គាល់បាន៕
ក្នុងពេលថ្មីនេះ រដ្ឋាភិបាលបានតម្រូវឲ្យគ្រប់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដាក់សញ្ញាសម្គាល់ជា«គ្រឹះស្ថានឯកជន»នៅគ្រប់សាខារបស់ខ្លួន ដើម្បីកុំឲ្យសាធារណជនយល់ច្រឡំថាជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋ។ បន្ទាប់ពីការតម្រូវរបស់រដ្ឋាភិបាលដូចនេះ ឃើញថាគ្រឹះស្ថានហិរញ្ញវត្ថុបានអនុវត្តតាមការសម្រេចនេះជាបន្តបន្ទាប់៕
Tag:
ធនាគារអេស៊ីលីដា
អ៊ិន ចាន់នី
© រក្សាសិទ្ធិដោយ thmeythmey.com