ជាតិ
សិល្បះ
Angelina Jolie៖«​កម្ពុជា​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ ខ្ញុំ​មិន​អាចក្លាយជា​ម្តាយ​ដ៏​ល្អ​ម្នាក់​ទេ បើ​គ្មាន​កម្ពុជា​»
19, Feb 2017 , 9:35 am        
រូបភាព
​លោកស្រី Angelina Jolie បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ភាពយន្ត​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ​ថា កម្ពុជា​បាន​ផ្លាស់​ប្តូរជីវិត​របស់លោក​ស្រី និង​ធ្វើ​ឲ្យ​រូបគាត់​បានក្លាយ​ទៅជា​ម្តាយ​ដ៏​ល្អ​ម្នាក់​។ តារាហូលីវូដសញ្ជាតិខ្មែររូបនេះ បន្តទៀតថា នាងផលិត​ភាពយន្ត​​​នេះ​ឡើង ក៏​ដើម្បី​អរគុណ​ដល់ប្រទេស​កម្ពុជា ​ដែល​បានផ្តល់​ជីវិត​ថ្មី​ដល់​ខ្លួន​។​



​នៅក្នុង​សុន្ទរកថា​ជាង​មួយ​នាទី នា​ពិធី​សម្ពោធ​ភាពយន្ត​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ លោកស្រី Angelina Jolie បានបញ្ជាក់​ជាថ្មី​ថា ភាពយន្ត​នេះ មិន​ផ្តោត​ទៅ​ទៅលើ​សង្គ្រាម​នោះទេ ប៉ុន្តែ​​ភាពយន្ត​នេះ គឺ​បានបង្ហាញ​ពី​ការតស៊ូ ការខិតខំ​ប្រឹងប្រែងរ​បស់​ពលរដ្ឋកម្ពុជា និង​ទេពកោសល្យ​សម្តែង របស់​តួអង្គក្នុងរឿងនេះ​។


រូបភាពពីAKP
​ការផលិត​ភាពយន្ត​នេះ ក៏​ជា​ការថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បានផ្តល់​ជីវិត​ថ្មី​ឲ្យ​ខ្លួនផងដែរ​។ ​លោកស្រី Angelina Jolie បានបញ្ជាក់យ៉ាងដូច្នេះ មុននឹង​បន្ត​​ថា​៖«​កម្ពុជា​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ ខ្ញុំ​នឹងមិន​អាចក្លាយជា​ម្តាយ​ដ៏​ល្អ​ម្នាក់​នោះទេ បើ​គ្មាន​ប្រទេស​កម្ពុជា​»​។

មុននឹង​បញ្ចប់​សុន្ទ​កថា​ដ៏​ខ្លី​នេះ តារាហូលីវូដសញ្ជាតិខ្មែររូបនេះ បញ្ជាក់ថាកូនប្រុស​ច្បង Maddox  កូន​ខ្មែរ​ដែល​នាង​យកទៅ​ចិញ្ចឹម មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​នាង​ទេ ប៉ុន្តែ​ជា​ចំណែក​មួយ​នៃ​ប្រទេស​កម្ពុជា និង​ដែល​តែងតែ​នៅ​ជាមួយ​នាង។ ផលិតករ​រូបនេះ ថែមទាំង​បាន​ណែនាំ Maddox ឲ្យ​ថ្លែង​ចំណាប់អារម្មណ៍​ខ្លី​នៅក្នុង​ឱកាស​នោះដែរ។ 

នាឱកាស Maddox មិនបាន​និយាយ​អ្វី​ច្រើន​ ក្រៅតែពីការ​អរគុណ និង​ជា​កិត្តិយស​ដែល​រូបគេ​ មាន​ចំណែក​នៅក្នុង​ភាពយន្ត​នេះ។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះនោះ គឺ Shiloh ប្អូនស្រី របស់​Maddox បាន​និយាយ​ណែនាំ​ខ្លួន​ជា​ភាសា​ខ្មែរ​ទៅកាន់អង្គ​ពិធី​ និង​បន្ថែម​យ៉ាងខ្លី​ដូច្នេះ​ថា៖«ខ្ញុំ​ស្រឡាញ់​ស្រុក​ខ្មែរ»។


រូបភាពពីAKP
​​ព្រះ​លានជល់ដំរី ខេត្តសៀមរាប ជាទីតាំង​ដែលភាពយន្ត​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ត្រូវ​ចាក់​បញ្ចាំង​លើកដំបូង​​​ ក្រោម​ព្រះរាជ​វត្តមាន ព្រះករុណា ព្រះបាទ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ​។ ​បន្ទាប់ពី​ទឹកដីអង្គរ ភាពយន្ត​នេះ​នឹង​បន្តទៅ​បញ្ចាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី​២១ ខែកុម្ភៈ និងនៅ​សួនច្បារ​នាគ​បាញ់​ទឹក​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ព្រមទាំងចេញផ្សាយ​នៅលើ​គេហទំព័រ​បញ្ចាំង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ Netflix  នៅ​ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​

«​មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» គឺជា​ភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី ​លួង អ៊ឹង ដែលជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ អ្នកស្រី​បាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម​ពី​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ​១៩៧៩​។​ ​សាច់រឿង​ត្រូវបាន​រៀបរាប់ តាម​ការមើលឃើញ​រប​ស់​អ្នកស្រី ​តាំងពី​អាយុ​៥​ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ​៩​ឆ្នាំ​។ ខ្សែភាពយន្ត​នេះ ​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់ ​របស់គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា​ អំឡុង​សម័យ​ខ្មែរក្រហម​៕


Tag:
 Angelina Jolie
 ​ ភាពយន្ត​
  ​ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com