កីឡាជាតិ
ជាតិ
ប៉ូលិសលត់ម្ចាស់ផ្ទះវេស្ទើន ៤-០ រីឯស្វាយរៀងយកឈ្នះក្រុមឡើងពីលីកលំដាប់ទី២គីរីវង់ ២-១
× ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានលត់ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៤-០ រីឯក្រុមជើងខ្លាំងព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ២-១ យ៉ាងលំបាកនៅលើទឹកដីរបស់ខ្លួន ក្នុងសប្តាហ៍ទី១នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាប្រចាំឆ្នាំ២០១៧។ ចំណែកការប្រកួតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទក្រុមភ្នំពេញក្រោនបានលត់ក្រុមអាស៊ីអឺរ៉ុប ៣-០។
ការប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៧ កាលពីថ្ងៃទី១៩ កុម្ភៈ ក្រុមអគ្គស្នងការនគរបាលជាតិ(បូលិស) បានបង្ហាញភាពខ្លាំងតាមរយៈការលត់ក្រុមវេស្ទើនភ្នំពេញ ៤-០ នៅលើទឹកដីវេស្ទើន ដើម្បីឈរកំពូលតារាងជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី១ ដោយមាន៣ពិន្ទុជាមួយគ្រាប់ចំណេញច្រើនជាងគេ។
កីឡាករ ស៊ុន វណ្ណដេត បានរកគ្រាប់នាំមុខ ១-០ ឲ្យប៉ូលិសនៅនាទី ១២ មុនចប់វគ្គទី១។ បន្ទាប់មកក្នុងវគ្គទី២ កីឡាករ Afanwi បានសម្រេចគ្រាប់បាល់ទី២នៅនាទី៧៦ ក្រោយមកខ្សែប្រយុទ្ធ នួន បុរី បន្ថែមគ្រាប់ទី៣នៅនាទី៨៧ មុនកីឡាករ No Sang-min សម្រេចគ្រាប់បាល់ជ័យជម្នះ ៤-០ លើវេស្ទើននៅនាទី៩០។
ដោយឡែក ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមភ្ញៀវគីរីវង់សុខសែនជ័យ ២-១ យ៉ាងលំបាក។ ក្នុងជំនួបដ៏ស្វិតស្វាញខ្សែការពារ វី រ៉ាទីន បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមគីរីវង់សុខសែនជ័យនៅនាទី១៨ ក្នុងវគ្គទី១។ ក្រោយមកសក្នុងវគ្គទី២ខ្សែការពារ នេន សុធារ័ត្ន បានរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ស្វាយរៀងនៅនាទី៥៨ មុនកីឡាករ សឿយ វិសាល សម្រេចគ្រាប់បាល់ជ័យជម្នះ ២-១ ឲ្យស្វាយរៀងនៅនាទី៨៥។
ចំណែកការប្រកួតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ខ្សែប្រយុទ្ធ Shane Booysen បានសម្រេចគ្រាប់បាល់បើកឆាកនាំមុខ ១-០ ឲ្យភ្នំពេញក្រោននៅនាទី៦១ មុនខ្សែការពារ អ៊ិន សូដាវីត បន្ថែមគ្រាប់ទី២ឲ្យភ្នំពេញក្រោននៅនាទី៧០។ ក្រោយមកនៅនាទី៧៥ខ្សែប្រយុទ្ធ Shane Booysen បានទាត់បាល់ Free-Kick បានយ៉ាងល្អ ដើម្បីសម្រេចគ្រាប់បាល់ជ័យជម្នះ ៣-០ លើក្រុមអាស៊ីអឺរ៉ុបតែម្តង៕
*លទ្ធផលពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាប្រចាំថ្ងៃ១៩ ខែកុម្ភៈ
- ព្រះខ័នរាជស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ភ្នំពេញក្រោន ៣-០ អាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
- វេស្ទើនភ្នំពេញ ០-៤ អគ្គស្នងការនគរបាលជាតិ នៅកីឡដ្ឋានវេស្ទើន
Tag:
បាល់ទាត់
Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com