ជាតិ
បច្ចុប្បន្ន មានបក្សចំនួន៤៦ ដែលអាចចុះបញ្ជីសម្រាប់ឈរឈ្មោះបោះឆ្នោត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា មានតែគណបក្ស ដែលត្រូវបានទទួលជាផ្លូវការដោយក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ទើបអាចសុំចុះបញ្ជី ដើម្បីឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះបោះឆ្នោត។ រហូតមកដល់ពេលនេះ គណបក្សចំនួន៤៦ ដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ។ ចំណែកឯ គណបក្ស២៥ទៀត មិនទាន់ស្ថិតនៅក្នុងបញ្ជីផ្លូវការរបស់ក្រសួងមហាផ្ទៃ នោះទេ។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានគណបក្សនយោបាយទាំងអស់ ចំនួន៧១។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហង្ស ពុទ្ធា លើកលើកឡើងថា ក្នុងចំណោមគណបក្សទាំង៧១ មានតែគណបក្សចំនួន៤៦ប៉ុណ្ណោះ ដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ និងមានសិទ្ធិ សុំចុះបញ្ជីនៅគ.ជ.ប ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ អ្នកនាំពាក្យខាងលើ បន្តថា គណបក្សចំនួន២៥ទៀត មិនទាន់មានលក្ខណពេញលេញ ហើយក្រសួងមហាផ្ទៃក៏មិនទាន់ទទួលស្គាល់ជាផ្លូវដែរ។ លោក អះអាងថា ដោយផ្អែកតាមគោលការណ៍ គណបក្សទាំង២៥នេះ មិនអាចសុំចុះបញ្ជីនៅគ.ជ.ប ដើម្បីឈរឈ្មោះបោះឆ្នោត ឡើយ។
យ៉ាងណា លោក ហង្ស ពុទ្ធា នៅតែបញ្ជាក់ថា ប្រសិនបើគណបក្សទាំង២៥ អាចរៀបចំឯកសារឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ហើយក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ ពួកគេ ក៏អាចសុំចុះបញ្ជីនៅគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែរ។ លោក ប្រាប់ថា ការទទួលពាក្យសុំចុះបញ្ជីពីគណបក្ស គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា និយាយថា៖«យើងទទួលពាក្យ តែគណបក្ស ដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការទេ។ ឯគណបក្ស២៥ផ្សេងទៀត គាត់ត្រូវរៀចសំណុំឯកសារឲ្យបានគ្រប់គ្រាន់ ហើយទាល់តែក្រសួងមហាផ្ទៃទទួលស្គាល់ ទើបអាចសុំចុះបញ្ជីឈរឈ្មោះបាន»។
បើតាមលោក ហង្ស ពុទ្ធា ដដែល ក្នុងចំណោមគណបក្សទាំង៤៦ ដែលក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ មានគណបក្ស១២ កំពុងជាប់បណ្តឹងនៅតុលាការ។ លោក ហង្ស ពុទ្ធា អះអាងថា បើទោះបីជាគណបក្សទាំង១២ ជាប់បណ្តឹងក៏ដោយ ក៏ពួកគេ នៅតែអាចសុំចុះបញ្ជីសម្រាប់ឈរឈ្មោះបោះឆ្នោត ដែរ។
អ្នកនាំពាក្យគ.ជ.បរូបនេះ បានបកស្រាយថា ទាល់តែតុលាការ សម្រេចឲ្យគណបក្សទាំង១២ មានពិរុទ្ធ ទើបពួគេ មិនអាចសុំចុះបញ្ជីសម្រាប់ឈរឈ្មោះបោះឆ្នោត។ លោក សង្កត់ធ្ងន់ៗដូច្នេះថា៖«ពួកគាត់ គ្រាន់តែជាប់បណ្តឹងតើ មិនមែនជាប់ពិរុទ្ធទេ។ ដរាបណា តុលាការមិនទាន់កាត់ក្តីថាពួកគាត់មានទោសឬជាប់ពិរុទ្ធ គឺពួកគាត់ នៅតែមានសិទ្ធិសុំចុះបញ្ជីសម្រាប់ឈរឈ្មោះបោះឆ្នោត»។
សូមបញ្ជាក់ថា គណបក្ស ដែលទទួលស្គាល់ជាផ្លូវការ និងអាចសុំចុះបញ្ជីសម្រាប់ឈរឈ្មោះបោះឆ្នោត មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com