អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បន្ត​វាយប្រហារ​សេរីភាព​សារព័ត៌មាន ស្រដៀង​មេដឹកនាំ​ផ្តាច់ការ​?
21, Feb 2017 , 10:59 pm        
រូបភាព
សមាជិកសភា​បក្ស​សាធារណរដ្ឋ​លោក John McCain រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សំចៃមាត់ ដោយ​លើកឡើងថា ការ​សង្កត់សង្កិន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាការ​ចាប់ផ្តើម​នៃ​មេដឹកនាំ​ផ្តាច់ការ​។ ការលើកឡើង​នេះ កើតក្រោយ​ប្រធានាធិបតី​អាមេរិក​បន្ត​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ហៅ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជាស​ត្រូវ​របស់​ប្រជាជន​អាមេរិក​»​ថែមទៀត​។ បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​នៃ​ភាពល្អក់​ករក​នៃ​ទំនាក់ទំនង​រវាង​សេត​វិមាន​និង​ក្រុម​សារព័ត៌មាន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការបំពាន​អំណាច «​សារព័ត៌មាន​» ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​អាមេរិក​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ​៖





​រយៈពេល​ជាច្រើន​សប្តាហ៍​មកនេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្ត​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជាច្រើន​មានដូចជា CNN, NBC, New York Times, ABC, CBS​ជាដើម​ដោយ​យក​លេស ថា​ស្ថាប័ន​ទាំងនេះ​ចែកចាយ​តែ​ព័ត៌មាន​ក្លែងក្លាយ​។  មេដឹកនាំ​អាមេរិក​រូបនេះ​បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter របស់ខ្លួន ដោយ​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ​ទាំងនោះ​ថា​ជា​ប្រភព​នៃ​ព័ត៌មាន​មិន​ពិត និង​ជាស​ត្រូវ​ធំ​របស់​ប្រជាជន​អាមេរិក​ថែមទៀត​ផង​។​

​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង​ក្នុងចំណោម​អ្នកនយោបាយ​ទាំង​ក្នុង​និង​ក្រៅ​បក្ស​ផង និង​ក្រុម​អ្នកសារព័ត៌មាន​ផង​។ អ្នកនយោបាយ​ខ្លះ​ចាត់ទុកថា សកម្មភាព​លោក ត្រាំ ជាការ​បំពារបំពាន​សង្កត់សង្កិន​លើ​សេរីភាព​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​វា​ជាការ​ចាប់ផ្តើម​នៃ​របប​ផ្តាច់ការ​។  ហើយ​ខ្លះទៀត​ហៅ​កាយវិការ​របស់​ដូ​ណា​ល់ ត្រាំ ចំពោះ​អ្នកសារព័ត៌មាន​ថា ជា​គ្រោះថ្នាក់​បំផុត​សម្រាប់​អាមេរិក​ផង​។​

​ជារួម ការចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាស​ត្រូវ និង​ទិតៀន​អ្នកសារព័ត៌មាន​ឥតមាន​លោះ​ថ្ងៃជា​បញ្ហា​មួយ​និង​ជា​រឿងចម្រូងចម្រាស​បំផុត​ក្នុងសង្គម​អាមេរិក​។ អ្នកណា​ក៏​ដឹងថា សេរីភាព​សារព័ត៌មាន​ជា​អំណាច​ទី ៤ នៅ​អាមេរិក ហើយ​សារព័ត៌មាន​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​អាមេរិក​ដូចគ្នា​។ ដូច្នេះ វា​មានន័យថា អ្វីដែល​ប្រធានាធិបតី​នៃ​មហាអំណាច​ប្រជាធិបតេយ្យ ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ដាក់​អ្នកសារព័ត៌មាន ជាការ​បំពារបំពាន​លើ​អំណាច​និង​សេរីភាព​សារព័ត៌មាន​ដែលមាន​តួនាទី​ស្នូល​ក្នុងសង្គម​អាមេរិក​រាប់​ទសវត្សរ៍​មកហើយ​នោះ​។ គេ​ក៏​កំពុង​រង់​ចាំមើល​សង្គ្រាម​រវាង​ប្រធានាធិបតី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​បន្ត​ដល់​ពេលណា ហើយ​វា​អាច​នឹងមាន​អ្វី​ធ្ងន់ធ្ងរ​កើតឡើង​អត់​នោះ​។ 

 ១. សម្តី​កុហក​របស់​ប្រធានាធិបតី​ជា​«​គ្រោះថ្នាក់​»​ជាង​ព័ត៌មាន​ក្លែងក្លាយ​?

​អ្នកសរសេរ​ព័ត៌មាន​ផ្តល់​ឲ្យ​សារព័ត៌មាន CNN និង​ជា​អ្នកឈ្នះ​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម Pulitzer Prize ដោយ​ទម្លាយ និង​ផ្សព្វផ្សាយ​រឿងអាស្រូវ Watergate (​ដែលជា​សំណុំរឿង​ដែល​បង្ខំ​ឲ្យ​ប្រធានាធិបតី Richard Nixon ចុះ​ចេញពី​តំណែង​)  លោក Carl Bernstein បាន​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ខ្លាំងៗ​។ លោក​បញ្ជាក់ថា ការសរសេរ​បង្ហោះ​តាម Twitter របស់​ត្រាំ ដែល​បង្កប់​អត្ថន័យ​វាយប្រហារ​ខ្លាំងៗ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សេរីភាព​សារព័ត៌មាន​មិន​ខុសគ្នា​ពី អ្វីដែល​អតីត​ប្រធានាធិបតី Richard Nixon និង​បណ្តា​មេដឹកនាំ​ផ្តាច់ការ​ផ្សេងទៀត​ធ្វើ​ឡើយ​។ ហើយ​លោក​សង្កត់ធ្ងន់ថា សត្រូវ​ធំ​របស់​ប្រជាជន​អាមេរិក​មិនមែន​សារព័ត៌មាន​ទេ តែ​ជាស​ម្តី​ភូតភរ​របស់​ប្រធានាធិបតី​ទៅវិញ​។

«​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អាមេរិក​ជាស​ម្តី​កុហក​របស់​ប្រធានាធិបតី​។ ការវាយប្រហារ​លើ​សារព័ត៌មាន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គ្រោះថ្នាក់​ខ្លាំង​ជាង​អ្វីដែល​លោក Nixon ធ្វើ​ទៅទៀត​»​។ នេះជាការបញ្ជាក់របស់លោក  Bernstein។ 

​សូម​រម្លឹក​បន្តិច​ថា លោក Bernstein បាន​ភ្ជាប់​សម្តី​របស់លោក ត្រាំ ទៅនឹង​សំណុំរឿង​របស់ Nixon ដោយសារ​លោក Nixon បាន​ព្យាយាម​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ នៅពេលដែល​មានការ​ទម្លាយ​រឿងអាស្រូវ​របស់ខ្លួន​។​លោក​បាន​ហៅ​សារព័ត៌មាន​ជាស​ត្រូវ ហើយ​សូម្បីតែ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ក៏​លោក​ចាត់ទុកជា​សត្រូវរ​បស់​លោក​ដែរ​។

 ២.​ការ​សង្កត់សង្កិន​សេរីភាព​សារព័ត៌មាន​ជាការ​ចាប់ផ្តើម​នៃ​មេដឹកនាំ​ផ្តាច់ការ​

​ចំណែក​អ្នកនយោបាយ​ដែល​តែងតែ​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ឥត​សំចៃមាត់​តាំងពី​មុន​លោក​ចូលកាន់​តំណែង លោក John McCain ឯណោះ​វិញ​បាន​ព្រលយ​ពាក្យ​ថា ប្រវត្តិសាស្ត្រ​បង្ហាញ​ច្បាស់​ហើយ​ថា ការ​សង្កត់សង្កិន​លើ​សេរីភាព​សារព័ត៌មាន​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​មេដឹកនាំ​ផ្តាច់ការ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NBC កាល​ចុង​សប្តាហ៍​នេះ លោក McCain មិនបាន​សំដៅចំ​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ឡើយ គ្រាន់តែ​លោក​ពន្យល់ថា វា​ជា​រឿង​ដែល​ធ្លាប់​កើតមានឡើង​ហើយ ហើយ​វា​ក៏​ជា​រឿង​សត្យានុម័ត​ដែល​មេដឹកនាំ​ផ្តាច់​ការរំលោភ​សេរីភាព​សារព័ត៌មាន​។

​លោក McCain បានបញ្ជាក់​ដូច្នេះ​ថា​៖« ខ្ញុំ​ស្អប់​សារព័ត៌មាន​, ខ្ញុំ​ស្អប់​អ្នកជា​ពិសេស ប៉ុន្តែ​យើង​ត្រូវការ​អ្នក​, យើង​ត្រួវ​ការ​សេរីភាព​សារព័ត៌មាន​។ ប្រសិនបើ​អ្នក​ចង់​រក្សា​តម្លៃ​ប្រជាធិបតេយ្យ យើង​ត្រូវមាន​សេរីភាព​សារព័ត៌មាន និង​សារព័ត៌មាន​ប្រឆាំង​។ បើ​មិនមាន​វា​ទេ ខ្ញុំ​ខ្លាច​ថា យើង​នឹង​បាត់បង់​សិទ្ធិសេរីភាព​ក្នុងនាម​ជា​បុគ្គល​ម្នាក់​។ នេះ​ជា​របៀប​នៃ​ការចាប់​កំណើត​ឡើង​នៃ​មេដឹកនាំ​ផ្តាច់ការ​»​។

​មកដល់​បច្ចុប្បន្ននេះ វា​ហាក់ដូចជា​គ្មាន​សញ្ញា​ណាមួយ​ដែល​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាចធ្វើ​ការ​ជាមួយគ្នា​បានឡើយ​។ លោក ត្រាំ មិន​លះបង់​គោលជំហរ​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ជាស​ត្រូវ​របស់ខ្លួន​ឡើយ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ក៏​មិន​បោះបង់​មហិច្ឆតា​តស៊ូ​មតិ​ប្រឆាំង​រដ្ឋបាល​លោក ត្រាំ​ដែរ​៕


Tag:
 John McCain
  ដូ​ណា​ល់ ត្រាំ​
  សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com