អន្តរជាតិ
ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ តែងតាំង​ប្រពន្ធ​ខ្លួនឯង​ជា​អនុ​ប្រធានាធិបតី​ទី​១
22, Feb 2017 , 10:50 am        
រូបភាព
ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev និងភរិយារបស់លោក (រូបថត៖ វ៉េបសាយការិយាល័យប្រធានាធិបតីអាស៊ែបៃហ្សង់)
ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev និងភរិយារបស់លោក (រូបថត៖ វ៉េបសាយការិយាល័យប្រធានាធិបតីអាស៊ែបៃហ្សង់)
​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ Ilham Aliyev នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​តែងតាំង​ភរិយា​របស់ខ្លួន Mehriban Aliyeva ឲ្យ​ធ្វើជា​អនុ​ប្រធានាធិបតី ដែលជា​តំណែង​ខ្ពស់បំផុត​ទី​២​បន្ទាប់ពី​លោក​។ ច្បាស់​ណាស់​ថា ការតែងតាំង​ភរិយា​ខ្លួនឯង​ឲ្យ​កាន់តំណែង​ខ្ពស់​បែបនេះ គឺជា​ការប៉ុនប៉ង​ពង្រឹង​អំណាច​គ្រួសារ​របស់លោក Ilham Aliyev នៅក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​ក្នុង​តំបន់​សមុទ្រ Caspian មួយ​នេះ​។​



​ស្ត្រី​ទី​១ របស់​អា​ស៊ែ​បៃ​ហ្ស​ង់ Mehriban Aliyeva ត្រូវបានតែងតាំង​ជា​អនុ​ប្រធានាធិបតី​ទី​១ របស់​ប្រទេស ដោយ​ស្វាមី Ilham Aliyev ដែលជា​ប្រធានាធិបតី​។ ការតែងតាំង​ដែល​ប្រកាស​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ធ្វើឡើង​បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​កាលពី​ឆ្នាំមុន ដែល​សម្រេច​បង្កើត​តំណែង​អនុ​ប្រធានាធិបតី​ទី​១ ដ៏​មាន​ឥទ្ធិពល​។ ក្រុមប្រឆាំង បាន​រិះគន់​ការតែងតាំង​នេះ​យ៉ាងខ្លាំង ដែល​អាច​ឈានដល់​ការបង្កើត​សន្តតិវង្ស​គ្រួសារ Aliyev នៅ​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​មុនពេល​ទទួល​ការតែងតាំង​នេះ លោកស្រី Mehriban Aliyeva គឺជា​សមាជិកសភា​បក្ស​កាន់អំណាច Yeni Azerbaijan ចាប់តាំងពី​ឆ្នាំ​២០០៥ មក ហើយ​លោកស្រី ក៏​ជា​ប្រធាន​មូលនិធិ Heydar Aliyev ដ៏​មាន​ឥទ្ធិពល​ដែរ​។ មិនតែប៉ុណ្ណោះ លោកស្រី ក៏​ត្រូវគេ​មើលឃើញថា ជា​អ្នក​ស្នង​តំណែង​បន្ត​ពី Ilham Aliyev ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​២០០៣ ក្រោយ​មរណភាព​អតីត​ប្រធានាធិបតី Heydar Aliyev ជា​ឪពុក​របស់លោក​ផ្ទាល់​។​

​គណបក្សប្រឆាំង​ដ៏​ធំ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ការតែងតាំង​លោកស្រី Mehriban Aliyeva សម្រាប់​តំណែង​អនុ​ប្រធានាធិបតី និង​ចាត់ទុក​ការតែងតាំង​នេះ ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ព្រមទាំង​ជាការ​ពង្រឹង​អំណាច​គ្រួសារ​របស់លោក Aliyev ។ លោក Isa Gambar ប្រធាន​បក្សប្រឆាំង Musavat ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការតែងតាំង​នេះ បាន​នាំយក​អា​ស៊ែ​បៃ​ហ្ស​ង់​ត្រឡប់​ទៅកាន់​សម័យបុរាណ​វិញ ហើយ​ការគ្រប់គ្រង​បែប​គ្រួសារ​មិនគួរ​មាន​ទេ​។​

​ដោយឡែក​លោក Ilham Aliyev ផ្ទាល់ ក៏៏​កំពុង​ស្ថិតក្នុង​អាណត្តិ​ទី​៣ បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ។ ក្រុម​អ្នកគាំទ្រ បាន​សរសើរ​ការដឹក​នាំ​របស់លោក ដែល​ប្រែក្លាយ​សាធារណរដ្ឋ​មួយ​នេះ ទៅជា​អ្នកផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​សម្រាប់​អឺរ៉ុប​។ ប៉ុន្តែ​ក្រុមប្រឆាំង បាន​ចោទ​លោ​កថា​បាន​បំបិទ​សំឡេង​ប្រឆាំង ព្រមទាំង​ប្រើ​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​គ្រួសារ​របស់លោក​។​

​ជាមួយគ្នានេះ សិទ្ធិសេរីភាព​នៅក្នុងរ​ដ្ឋ​អតីត​សហភាពសូវៀត​នេះ ក៏មាន​ស្ថានភាព​អាក្រក់​ខ្លាំង​ដែរ​។ សកម្មជន​សិទ្ធិមនុស្ស ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​របាយការណ៍​សិទ្ធិមនុស្ស​ប្រទេស​នេះ និង​រិះគន់​ការដឹកនាំ​របស់លោក Aliyev ដែល​បាន​បង្ក្រាប​សកម្មជន​ន​យោ​បាយ និង​ចាប់​អ្នកសារព័ត៌មាន​រិះគន់​លោក​ដាក់ពន្ធនាគារ​ជាដើម​នោះ​៕ 


Tag:
 អា​ស៊ែ​បៃ​ហ្ស​ង់​
  Ilham Aliyev
  Mehriban Aliyeva
© រក្សាសិទ្ធិដោយ thmeythmey.com