អន្តរជាតិ
កូរ៉េខាងជើង ស្នើ​ម៉ាឡេស៊ី​ដោះលែង​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ឃាតកម្ម គីម ជុង​ណាំ​
22, Feb 2017 , 4:45 pm        
រូបភាព
​ខណៈដែល​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក គីម ជុង​ណាំ កំពុង​បន្ត កូរ៉េខាងជើង​ឯណោះ បែរជា​ស្នើ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះលែង​ជនសង្ស័យ​៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ទៅវិញ​។ នៅពេលនេះ ប៉ូលិស​ម៉ាឡេស៊ី កំពុង​តាម​ចាប់​ជនសង្ស័យ​មួយចំនួនទៀត​រួមទាំង​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​កូរ៉េខាងជើង និង​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង ដើម្បី​សួរចម្លើយ​ក្នុង​សំណុំរឿង​ក្ដៅគគុក​នេះ​។



​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ង​ក្រុង​កូ​ឡា​ឡាំ​ពួរ បានស្នើ​ឲ្យ​ម៉ាឡេស៊ី​ដោះលែង​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ ដែល​ជាប់ទាក់ទង​ករ​ណី​ឃាតកម្ម​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ការស្នើ​នេះ​ធ្វើឡើង ស្រប​ពេលដែល​ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​វែកមុខ​ជនដៃដល់ ដែល​គេ​សង្ស័យថា​បានទទួល​បញ្ជា​ពី​ក្រុង​ព្យុងយ៉ាង​ដើម្បី​សម្លាប់​បងប្រុស​ប្រមុខ​កូរ៉េខាងជើង​។​

​ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ស្ថានទូត​កូរ៉េខាងជើង​បញ្ជាក់ថា ស្ត្រី​វៀតណាម​ម្នាក់​, ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ និង​បុរស​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ទៀត គួរ​ត្រូវបាន​ដោះលែង​ជាបន្ទាន់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថានទូត​កូរ៉េខាងជើង​បន្តថា ជនសង្ស័យ​ទាំង​៣ ត្រូវបាន​ចាប់ខ្លួន​ដោយ​មិនមាន​ហេតុផល​ឡើយ​។ ស្ត្រី​វៀតណាម និង​ឥណ្ឌូណេស៊ី ត្រូវបាន​ចាប់ខ្លួន​មិនយូរប៉ុន្មាន​ក្រោយ​ឃាតកម្ម គីម ជុង​ណាំ នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។​

​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ដដែល ប៉ូលិស​ម៉ាឡេស៊ី ក៏បាន​ស្នើ​ទៅកាន់​ស្ថានទូត​កូរ៉េខាងជើង ដើម្បី​សាកសួរ​លេខា​ទី​២ ស្ថានទូត​ឈ្មោះ Hyon Kwang Song និង​បុគ្គលិក​អាកាសចរណ៍​កូរ៉េខាងជើង Kim Uk Il ជុំវិញ​ករណី​ឃាត​កម្មនេះ​។ ស្នងការ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី Khalid Abu Bakar បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប៉ូលិស​សង្ឃឹម​ស្ថានទូត​នឹង​សហការ​ជាមួយ​ខ្លួន និង​អនុញ្ញាត​ឲ្យ​ប៉ូលិស​សួរនាំ​ជន​ទាំងពីរ​នាក់​នេះ​។​

​លើសពីនេះ ស្នងការ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី ក៏បាន​ទាត់ចោល​ព័ត៌មាន​នៃ​ការមកដល់​របស់​សមា​ជិ​ក​គ្រួសារ​លោក គីម ជុង​ណាំ ដើម្បី​ធ្វើតេស្ត DNA បញ្ជាក់​អត្តសញ្ញាណ​សាកសព​។ លោក Khalid Abu Bakar និយាយថា ព័ត៌មាន​ទាំងនោះ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ តែបើ​ពួកគេ​មក​មែន ប៉ូលិស​នឹង​ផ្ដល់​ការការពារ​សម្រាប់​ពួកគេ​។ ហើយ​ប៉ូលិស​ក៏​មិន​បញ្ជូន​សាកសព​ទៅណា​ដែរ បើ​គ្មាន​សមាជិកគ្រួសារ​មក​ប​ញ្ជា​ក់​អត្តសញ្ញាណ​នោះ​។ 

​ករណី​ឃាតកម្ម​របស់លោក គីម ជុង​ណាំ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី ធ្លាក់ចុះ​ខ្លាំង​។ អគ្គរដ្ឋទូត​កូរ៉េខាងជើង បាន​រិះគន់​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​ម៉ាឡេស៊ី និង​ប្រកាសថា ការស៊ើបអង្កេត​នេះ​មិនអាច​ទុកចិត្ត​បានទេ ហើយ​ថែមទាំង​ចោទ​ម៉ាឡេស៊ី​ថា ធ្វើការ​ជាមួយ​សត្រូវ​ខ្លួន​ទៀត​។ សម្ដី​របស់​អគ្គរដ្ឋទូត​កូរ៉េខាងជើង ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខឹង​យ៉ាងខ្លាំង និង​បាន​ប្រាប់​កូរ៉េខាងជើង​ឲ្យ​គោរព​ច្បាប់​ខ្លួន​ផងដែរ​៕


Tag:
 កូរ៉េខាងជើង​
  ម៉ាឡេស៊ី​
  គីម ជុង​ណាំ
© រក្សាសិទ្ធិដោយ thmeythmey.com