អន្តរជាតិ
អាស៊ាន​សង្ឃឹម​សម្រេចបាន​ក្រម​ប្រតិបត្តិ ខណៈ​ចិន​ត្រៀម​ដំឡើង​មី​ស៊ី​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​
22, Feb 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ចង្អៀត​នៅ​ទីក្រុង Boracay ប្រទេស​ហ្វីលីពីន​សប្តាហ៍​នេះ បណ្តា​សមាជិក​អាស៊ាន​រំពឹង​ខ្ពស់​ថា ខ្លួន​និង​ចិន​អាច​នឹង​សម្រេចបាន​នូវ​គោលការណ៍​សម្រាប់​ក្រម​ប្រតិបត្តិ​(Code of Conduct) នៅត្រឹម​ខែមិថុនា ស្របពេល​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​។ ដើម្បី​សម្រេចបាន​នូវ​លិខិតបទដ្ឋាន​គតិ​យុ​ត្តិ​នេះ វា​ត្រូវការ​ការប្តេជ្ញា​ចិត្តខ្លាំង​ពី​មហា​យក្ស​ចិន​ក្នុង​ការបញ្ឈប់​ឲ្យ​អស់​នូវ​រាល់​សកម្មភាព​បង្ករឿង​និង​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​សិន​។ គេ​មិនដឹងថា អាស៊ាន​និង​ចិន​អាច​នឹង​សម្រេចបាន​ផ្លែផ្កា​ដូច​ការរំពឹងទុក​ឬ​អត់​ឡើយ​ព្រោះ​ចិន​នៅតែ​បន្តសកម្មភាព​យោ​ធូប​នីយកម្ម​របស់ខ្លួន​ឥត​ឈប់​ដែល​វា​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​និង​ភាព​តានតឹង​ខ្លាំង​ផង​។ អាមេរិក​ទើប​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញថា ចិន​កំពុង​ព​ន្លឿ​ន​ការសង់​សំណង់​សម្រាប់​ដំឡើង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ថែមទៀត​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត​រយៈពេល​ពីរ​ថ្ងៃ​នាទី​ក្រុង Boracay ប្រទេស​ហ្វីលីពីន បានបញ្ចប់​ទៅហើយ​នៅ​ថ្ងៃ​អង្គារ​ទី ២១ កុម្ភៈ​។ ប្រធានបទ​នៃ​កិច្ចប្រជុំ​ក្រោម​ការដឹកនាំ​របស់​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៧ នេះ​គឺ «​ដៃគូ​សម្រាប់​ការផ្លាស់ប្តូរ​, និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​»​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប្រធាន​កិច្ចប្រជុំ បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​បន្ត​ពិភាក្សាគ្នា​ពី​គោលដៅ​អាទិភាព​របស់ខ្លួន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​បន្ត​ការអនុវត្ត​ទស្សនវិស័យ​សហគមន៍​អាស៊ាន ២០២៥ (ASEAN Community Vision 2025)​។ បន្ថែម​ពីនេះ អាស៊ាន​ក៏​បន្ត​ផ្តោត​សំខាន់​លើ​ការអនុវត្ត​ផែនការមេ​នៃ​សហគមន៍​នយោបាយ​និង​សន្តិសុខ ពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ប្រទេស​ខាងក្រៅ រួមទាំង​បន្ត​រក្សា​តម្លៃ​គោលការណ៍​ស្នូល​អាស៊ាន​និង​អភិវឌ្ឍ​និ​ម្មានកម្ម តំបន់​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅ ប្រទេស​អាស៊ាន​មួយចំនួន​នៅតែ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ពាក់ព័ន្ធ​ការបន្ត​សកម្មភាព​គឃ្លើន​របស់​ក្រុង​ប៉េកាំង​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់ និង​បំផ្លាញ​ទំនុកចិត្ត​ចំពោះ​គ្នា​រវាង​អាស៊ាន​និង​ចិន​នោះ​។  យ៉ាងណាមិញ សេចក្តីប្រកាស​របស់​ប្រធាន​អាស៊ាន​នេះ​មិនបាន​បញ្ជាក់​ឈ្មោះ​ចិន​ឡើយ​ដើម្បី​ការពារ​កុំ​ឲ្យ​ចិន​ខឹងសម្បារ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​ក្នុង​តំបន់​ផងដែរ​។ ហើយ​ពួកគេ​នៅតែ​បង្ហាញ​ជំហរ​រួមគ្នា​និង​ការប្តេជ្ញាចិត្ត​ចំពោះ​ការ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ សមុទ្រ​ចិន​ខាងត្បូង​ដែល​ខ្លួន​និង​ចិន​ចំណាយពេល​១៥​ឆ្នាំ​ចរចា​គ្នា​មក​នោះ​។ ហ្វីលីពីន​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ថា ក្រម​ប្រតិបត្តិ​នេះ​អាច​នឹង​លេចចេញ​ជា​រូបរាង​ឡើង​ក្នុងពេលដែល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំនេះ​។

១.​អាស៊ាន​សង្ឃឹមថា គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​នឹង​ចេញ​ជា​រូបរាង​នៅ​ខែមិថុនា​ខាងមុខ​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Perfecto Yasay បាន​ថ្លែង​ក្រោយ​ចប់​កិច្ចប្រជុំ​ចង្អៀត​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិតជា​បារម្ភ​ពី​ការវិវត្ត​នៃ​ស្ថានការណ៍​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​នៅតែមាន​ទំនុកចិត្ត​ខ្ពស់​ថា អាស៊ាន​និង​ចិន​នឹង​ឯកភាពគ្នា​លើ គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង នៅត្រឹម​ខែមិថុនា​ខាងមុខ​។ ហើយ​អាស៊ាន​ក៏​បន្ត​ទ​ទួ​ច​សុំ​ជាថ្មី​ទៅកាន់​ក្រុង​ប៉េកាំង​ឲ្យ​បញ្ឈប់​សកម្មភាព​ណា​ដែល​បង្ក​ឲ្យ​មានការ​ប្រ​ឈ​មុខ​ដាក់គ្នា​និង​មាន​តានតឹង​ដែរ​។​

​ក្រៅពីនេះ ប្រមុខ​ការទូត​ហ្វីលីពីន រូបនេះ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការបញ្ឈប់​សកម្មភាព​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​គន្លឹះ​សំខាន់បំផុត​សម្រាប់​ជំរុញ​ឲ្យ​ការសម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​រវាង​ចិន​និង​អាស៊ាន​។

​តាម​សម្តី​របស់លោក Perfecto Yasay  ហ្វីលីពីន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ហាក់​កំពុង​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បង្រួបបង្រួម​អាស៊ាន​ជា​ធ្លុង​មួយ​និង​រក្សាបាន​គោលការណ៍​ជា ឯក​ច្ឆ័​ន​ដើម្បី​តតាំង​ជាមួយ​មហា​យក្ស​ចិន​ក្នុង​ការចរចា​គ្នា​លើ​បញ្ហា​ជម្លោះដែនសមុទ្រ​នេះ​។ រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​សមាជិក អាស៊ាន​នៅ​បែកខ្ញែក​គ្នា​ខ្លាំង​នៅពេលដែល​និយាយ កា​រត​តាំ​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ដូច្នេះហើយ គេ​មិនទាន់​អាច​វាយតម្លៃ​បាន​ថា លទ្ធភាព​នៃ​ការ​ឈានទៅ​សម្រេចបាន​ក្រម​ប្រតិបត្តិ​នេះ​មាន​ច្រើន​កម្រិតណា​ឡើយ​។​

២.​សិង្ហ​បុរី​៖ «​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​ជា​រឿង​លំបាក តែ​សំខាន់​»

​ពាក់ព័ន្ធ​ការឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​នេះដែ រ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ចង្អៀត​ថា វា​ជា​កិច្ចការ​លំបាក​បំផុត​មួយ​សម្រាប់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ប៉ុន្តែ​វា​ជា​លិខិតបទដ្ឋាន​សំខាន់បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បាន​។​

​ប្រមុខ​ការទូត​សិង្ហ​បុរី​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Channel News Asia​ថា ៖«​ជារួម​យើង​មាន​ពេល​កំណត់​គឺ​ត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ​ដើម្បី​បញ្ចប់​ឲ្យ​បាន​នូវ​ការ​ចងក្រង​គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។ ខ្ញុំ​ច្បាស់​ថា​វា​នឹង​ក្លាយជា​ការលំបាក​មួយ​ប៉ុន្តែ​ការលំបាក​នេះ​វា​កិច្ចការ​សំខាន់​។ ហើយ​វា​ក៏​ជាការ​ងារ​ដែល​យើង​ប្តេជ្ញា​ធ្វើ​ឲ្យ​បានល្អ​បំផុត​ដែរ​»​។​

​លោក Balakrishnan បាន​រម្លឹក​ផងដែរ​ពី​ផ្លែផ្កា​មួយចំនួន​ដែល​អាស៊ាន​និង​ចិន​សម្រេចបាន​កន្លងមក​ក្នុងនោះ​មានដូចជា​ការស្នើ​ឲ្យ​មានការ​បង្កើត​ខ្សែរ​ទូរស័ព្ទ​ពិសេស (Hotline Maritime Emergencies) សម្រាប់​ឆ្លើយតប​បញ្ហា​បន្ទាន់​នៅតាម​សមុទ្រ និង ក្រម​ដែល​គ្រប់គ្រង​បញ្ហា​ដែល​កើតឡើង​ដោយ​គ្មាន​ព្រៀងទុក​នៅ​សមុទ្រ​ជាដើម (Code on Unplanned Encounters at Sea)​។  ដូច្នេះ​ការឈាន​ទៅ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​អនុភាព​គតិយុត្តិ​នោះ​ជា​ជំហាន​មួយ​ថ្មី​ទៀត​ដែល​អាស៊ាន​ត្រូវ​សម្រេច​ឲ្យ​បាន​ឆ្នាំនេះ​។​

៣. សញ្ញា​អវិជ្ជមាន​៖ ក្រុង​ប៉េកាំង​ត្រៀម​ដំឡើង​មី​ស៊ី​ល​នៅ​កោះ​សិប្បនិម្មិត​សមុទ្រ​ចិន​ខាងត្បូង

​ខណៈដែល​សមាជិក​អាស៊ាន​ហាក់​ព្យាយាម​សម្រួល​ស្ថានការណ៍​និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បង្ហាញ​ទំនុកចិត្ត​ចំពោះ​ការបង្កើត​ក្រម​ប្រតិបត្តិ​រួមគ្នា​ជាមួយ​មហា​យក្ស​ចិន មន្ត្រី​អាមេរិក​បានបង្ហាញ​របា​យ​ការណ៍​ចារកម្ម​ថា ចិន​កំពុង​ព្យាយាម​ព​ន្លឿ​ន​ការសាងសង់​កន្លែង​សម្រាប់​ដំឡើង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ពីរ​នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ សំណង់​របស់​ក្រុង​ប៉េកាំង​នៅលើ​កោះ​សិប្បនិម្មិត​នា​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទំនងជា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ដំឡើង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ មន្ត្រី​ទាំងនេះ​បន្តថា គម្រោង​សាងសង់​សំណង់​បម្រើ​ប្រយោជន៍​យោធា​នោះ​នឹង​ជួយ​ពង្រីក​សមត្ថភាព​ការពារ​ដែនអាកាស​រប​ស់​ចិន​លើ​ដែន​កោះ​ជម្លោះ ប៉ុន្តែ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា ចិន​អាច​នឹង​នឹង​ពង្រាយ​មី​ស៊ី​ល​ទៅលើ​កោះ​នេះ​នៅពេលណា​ឡើយ​។

​បន្ថែម​ពីនេះ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់ អាមេរិក​ក្រោម​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ នឹង​ឆ្លើយតប​បែ​ណា​ចំពោះ​សកម្មភាព​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ កាល​ស្បថ​ចូលកាន់​តំណែង ទាំង​លោក ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ហាក់​ដំឡើង​សរសៃ​ករ​ដាក់​ចិន​។  Rex Tillerson បាន​ព្រមាន​ចិន​រឿង​សង់​កោះ​សិប្បនិម្មិត​និង​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ ហើយ​លោក​ក៏​គំរាម​បញ្ឈប់​ចិន​មិន​ឲ្យ​ចូលក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត​។ តែ​ក្រោយមក​លោក​ក៏​បន្ទន់​ជំហរ និង​សម្តី​របស់ខ្លួន​ចំពោះ​ក្រុង​ប៉េកាំង និង​ប្តេជ្ញា​គោរព​គោលនយោបាយ​ចិន​តែមួយ​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com