ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ថា បរិយាកាស​នយោបាយ​អាប់​អួ និង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដល់​កម្ពុជា​
22, Feb 2017 , 7:46 pm        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក និង​អង្គការ​សមាជិក​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​ការព្រួយបារម្ភ និង​ថ្កោលទោស​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ នៅពេលនេះ​សហភាព​អឺរ៉ុប ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​។​


 
​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​កំពុងមាន​ភាព​អាប់​អួ​ឡើងវិញ នៅ​រយៈពេល​ចុងក្រោយ​នេះ ដែល​អាច​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការបោះឆ្នោត​នាពេលខាងមុខ​។ អ្វីដែល​សហភាព​អឺរ៉ុប ព្រួយបារម្ភ​នោះ គឺ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​អាចជា​ការ​រិត​ត្បិត​សិទ្ធិសេរីភាព​មួយ​នៃ​ផ្នែក​នយោបាយ ទៅលើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​។​
 
​សេចក្ដីថ្លែងការណ៍​រប​ស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅក្នុង​បរិបទ​នេះ យើង​ចង់ឃើញ​អាជ្ញាធរ​ធានា​បរិយាកាស​មួយ​ដែល​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​អាច​ដំណើរការ​ដោយ​សេរី​។ ផ្ទុយទៅវិញ បរិ​យា​ការបោះឆ្នោត​ត្រូវ​ទទួលរង​ប៉ះពាល់​ដោយ​ការអនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តី​គណបក្សនយោបាយ ដែល​អនុញ្ញាត​ឲ្យ​មានការ​រឹតបន្តឹង​សកម្មភាព​គណបក្សនយោបាយ ឬ​ឈានដល់​ការរំលាយ​គណបក្ស​។ សកម្មភាព​ដែល​ប្រឆាំង​ទៅនឹង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ នឹង​បង្កើត​ឲ្យ​មាន​ជា​សំណួរ​ស្តីពី​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​ខាងមុខ​»​។​
 
​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជឿជាក់ថា ដើម្បី​ប្រយោជន៍​របស់​កម្ពុជា និង​ដើម្បី​ប្រយោជន៍​នៃ​ស្ថិរភាព​យូរអង្វែង​របស់​ប្រទេស​នេះ វា​ត្រូវមាន​ការបោះឆ្នោត​ដែល​ទទួលបាន​ការទុកចិត្ត​ពី​អ្នកបោះឆ្នោត ហើយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជ្រើសរើស​អ្នកណាម្នាក់​ដែល​តំណាង​ពួកគេ​នៅ​ថ្នាក់មូលដ្ឋាន និង​នៅ​ថ្នាក់ជាតិ​។ ហេតុ​ដូច្នេះហើយ​បានជា​សហភាព​អឺរ៉ុប​បាន​គាំទ្រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការងារ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។ 
 
​ក្រៅពី​សហភាព​អឺរ៉ុប​ដែល​ព្រួយបារម្ភ​ពី ខ្លឹមសារ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​នេះ រដ្ឋាភិបាល​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ខ្លួន កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ​ថា​៖ « វិសោធន​កម្មនេះ បានផ្តល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់កំហិត​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សកម្មភាព​ច្បាប់​នានា​របស់​គណបក្សនយោបាយ ហើយ​ស្ថិតនៅក្រោម​កាលៈទេសៈ​មិន​ច្បាស់លាស់​ណាមួយ គឺ​រំលាយ​គណបក្សនយោបាយ​តែម្តង​»​។ 
 
​ចំណែក​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដោយ​ចាត់ទុកថា ការធ្វើ​វិសោធនកម្ម​ថ្មី​នេះ ជាការ​ស្លាប់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​
 
​តែ​យ៉ាងណាក្តី​ព្រួយបារម្ភ​ទាំងនេះ​ត្រូវ​រដ្ឋាភិបាល​ចេញមក​ច្រានចោល​ជា​បន្តបន្ទាប់​ថា សេចក្ដីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បរទេស​នេះ គឺ​ផ្អែកលើ​ការសង្ស័យ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​គោលបំណង​ប៉ុនប៉ង​ជ្រៀតជ្រែក ឬ​រំលោភ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យា​អន្តរជាតិ នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​អះអាងថា ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​នេះ មិនមែន​បង្កើត​មក​ដើម្បី​សម្លាប់​ប្រជាជន និង​បង្ក​ឲ្យ​បែកបាក់​ឯកភាព​ជាតិ ដូច​មតិ​រិះគន់​កន្លងមក​នោះទេ​៕
 

Tag:
 EU
 ​ច្បាប់​នយោបាយ​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com