ជាតិ
មន្ត្រី​អាដហុក ដែល​ជាប់ឃុំ​ព្រោះ​រឿងស្រី​មុំ បរាជ័យ​ជា​លើក​ទី ៦ ក្នុង​ការសុំ​នៅក្រៅ​ពន្ធនាគារ​
23, Feb 2017 , 4:43 pm         2021
រូបភាព
​ភ្នំពេញ​៖ សំណើសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​កំពុង​ជាប់ពន្ធនាគារ ត្រូវបាន​សាលាឧទ្ធរណ៍ ច្រានចោល​ម្តងទៀត នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។ បើ​គិត​ទៅ នេះ ជា​សំណើ​លើក​ទី​ប្រាំមួយ​ហើយ ដែល​ពួកគេ ស្នើឡើង ប៉ុន្តែ សុទ្ធតែ​ទទួលបាន​ការបរាជ័យ​។​


​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលាឧទ្ធរណ៍ បាន​បដិសេធ​សាជាថ្មី​ចំពោះ​សំណើ​របស់​មេធាវី ដែល​សុំ​ឲ្យ​មន្ត្រី​អាដហុក​បួនរូប បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ នេះ ជា​លើក​ទី​ប្រាំមួយ​ហើយ ដែល​មេធាវី ព្យាយាម​ដាក់សំណើ​សុំ​ឲ្យ​ដោះលែង​កូនក្តី​របស់​ពួកគេ​។ ប៉ុន្តែ សំណើ​ទាំងនោះ មិនបាន​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​មន្ត្រី​អាដហុក​ឡើយ​។ 

​ក្រោយ​បញ្ចប់​សវនាការ ដែលមាន​រយៈពេល​ជាង​បី​ម៉ោង នា​ព្រឹក​នេះ លោកស្រី គា សុផល មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​បួនរូប មិនបាន​និយាយ​អ្វី​ច្រើន​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន​ឡើយ ដោយ​លោកស្រី អះអាងថា ប្រញាប់​ទៅ​បំពេញការងារ​ផ្សេងទៀត​។ គ្រាន់តែ​ចាកចេញ​ពី​បន្ទប់​សវនាការ​ភ្លាម លោកស្រី​មេធាវី​រូបនេះ ក៏​ធ្វើដំណើរ​ចូលទៅក្នុង​រថយន្ត​តែម្តង​។

​ឆ្លើយ​តប​នឹង​ក្រុម​អ្នកសារព័ត៌មាន ដែល​រត់តាម​រថយន្ត​ផង​និង​ស្រែកសួរ​ផង លោកស្រី គា សុ​ផង គ្រាន់តែ​ប្រាប់​យ៉ាងខ្លី​ថា អង្គជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ មិន​យល់​ស្របតាម​សំណើ​របស់​មេធាវី ដែល​សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​នោះទេ​។ លោកស្រី បាន​និយាយ​តាម​ទ្វារ​រថយន្ត​ដូច្នេះ​ថា​៖«​គេ​បដិសេធ​ហើយ​។ នេះ ជា​លើក​ទី​៦​ហើយ​។ យើង អាច​ស្នើសុំ​ច្រើនដង ព្រោះ​យើង​មាន​សិទ្ធិ​»​។​

​ចំណែកឯ មន្ត្រី​អាដហុក បាន​និយាយ​តែ​ពីរ​-​បី​ម៉ាត់​ប៉ុណ្ណោះ មុននឹង​ដើរចូល​រថយន្ត ដែល​សមត្ថកិច្ច​ត្រៀម​ដឹក​ពួកលោក ទៅ​ពន្ធនាគារ​វិញ​។ ពួកលោក  បាន​សម្តែង​ការមិន​ពេញចិត្ត និង​មិនមាន​ជំនឿ​​លើ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។

​លោក ណៃ វង់​ដា មន្ត្រី​អាដហុក​មួយរូប ដែលត្រូវបាននាំខ្លួនទៅកាន់​សវនាការ​ដែរនោះ បាន​និយាយ​បែបនេះ​ថា​៖«​វា គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ​។ យើង​ដឹង​ហើយ ចំពោះ​តុលាការ​ស្រុក​ខ្មែរ​យើង​»​។

​លោក ណៃ វង់​ដា ទំនងជា​ចង់​បានន័យថា វា ជា​រឿង​ធម្មតា ដែល​តុលាការ មិន​អនុញ្ញាត​ឲ្យ​ពួកលោក បាន​នៅក្រៅ​ឃុំ​។ ម្យ៉ាងទៀត លោក ណៃ វង់​ដា ហាក់​គ្មាន​សង្ឃឹម​សោះឡើយ ថា​តុលាការ​នៅ​កម្ពុជា អាច​ស្វែងរក​យុត្តិធម៌​សម្រាប់​រូបលោក រូ​ម​ទាំង​គ្នីគ្នា​ដទៃទៀត​។​

​សវនាការ​នា​ព្រឹក​នេះ មានតែ​មន្ត្រី​អាដហុកទាំងរូបប៉ុណ្ណោះ គឺលោក នី សុខា លោក ណៃ វង់​ដា ​លោក យី សុខសាន្ត​ និងលោកស្រី លឹម មុន្នី។ រីឯ​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ជាប់ពន្ធនាគារ​ដោយសារតែ​រឿងអាស្រូវ​ខាងលើ​ផង​នោះ ​មិនបាន​ចូលរួម​សវនាការ នោះទេ។

មន្ត្រីអាដហុកទាំងបួនរូប ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ដែល​បទល្មើស​នេះ​ស្ថិតនៅក្នុង​រឿងអាស្រូវ​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ចំណែកឯ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ រហូតមកដល់​ពេលនេះ អ្នក​ទាំង​ប្រាំ​ខាងលើ បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រហែលជា​ដប់​ខែ​ហើយ​៕

Tag:
 អាដហុក​
  គជប​
  សុំ​នៅក្រៅ​ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next