ជាតិ
សេដ្ឋកិច្ច
យានយន្តចុះបញ្ជីថ្មីនៅក្នុងឆ្នាំ ២០១៦ កើនឡើង ៣២ ភាគរយ
× ទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា ក្រសួងទទួលការចុះបញ្ជីយានយន្តសរុបចំនួន ៥២,៥ម៉ឺនគ្រឿង នៅក្នុងឆ្នាំ២០១៦ ដែលកើនឡើង ៣២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
ក្នុងចំណោមយានយន្តចុះបញ្ជីសរុបទាំងជាង ៥២ម៉ឺនគ្រឿងនេះ ការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) មានចំនួន ៤៦,៥ម៉ឺនគ្រឿង, រថយន្តគ្រួសារមាន ៣៧៤៨០ម៉ឺនគ្រឿង, រថយន្តដឹកអ្នកដំណើរ ៤៦១០ គ្រឿង, រថយន្តក្រុង ៥២៨គ្រឿង, រថយន្តភីកអាប់ ១០៩៦១គ្រឿង និងរថយន្តដឹកទំនិញមានចំនួន ៧២១៥គ្រឿង។
ការចុះបញ្ជីម៉ូតូឆ្នាំ២០១៦ កើនឡើង ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន៣៤,២ម៉ឺនគ្រឿង។ ឯការចុះបញ្ជីរថយន្តឆ្នាំមុនមានជាង ៦ម៉ឺនគ្រឿង កើនឡើង ៧ភាគរយ ដោយធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ៥,៦ម៉ឺនគ្រឿង។
បើគិតចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៦ កម្ពុជាមានម៉ូតូចុះបញ្ជីសរុប ៣,១៨លានគ្រឿង ខណៈការចុះបញ្ជីរថយន្តមានចំនួន ៥៤,៧ម៉ឺនគ្រឿង។
ចំពោះកំណើនរថយន្តនៅកម្ពុជា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា រថយន្តថ្មីមានតែជាង ១០ភាគរយប៉ុណ្ណោះនៃចំនួនរថយន្តសរុបដែលត្រូវបាននាំចូលទីផ្សារក្នុងស្រុក។
ពាក់ព័ន្ធនឹងការចុះបញ្ជីយានយន្តនេះដែរ ក្រសួងសាធារណការ កាលពីខែមករាឆ្នាំនេះ បានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ។ ជាមួយគ្នានេះ អ្នកទិញយានយន្ត ក៏អាចធ្វើស្លាកលេខ និងបណ្ណសម្គាល់យានយន្តនៅហាងលក់ម៉ូតូ ឬហាងលក់រថយន្តតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com