ជាតិ
លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា ប្រកាស​លាលែង​ពី​តំណែង​ក្នុង​បក្ស​
23, Feb 2017 , 10:41 pm        
រូបភាព
ភ្នំពេញ៖ ​លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ព​ន្ធ​នាគារ បាន​សរសេរ​លិខិត​រៀងៗ​ខ្លួន ទៅកាន់​លោក ប៉ុល ហំ​ម ដើម្បី​សុំលាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ប៉ុល ហំ​ម គឺជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាមួយ​គ្នា​នេះ លោក ហុង សុខហួរ សមាជិកព្រឹ​ទ្ធ​សភា គណបក្ស​​សម រង្ស៊ី វិញ​ ក៏បាន​សរសេរលិខិតទៅលោក​ ទាវ វណ្ណុល ប្រធានគណបក្ស​នេះ ដើម្បី​សុំលាលែង​ពីតំណែង​ជា​សមាជិក​គណៈកម្មា​ធិការ​នាយក​នៃ​បក្ស​សម រង្ស៊ី ផងដែរ ។



​តាមរយៈ​លិខិត​ខាងលើ លោក អ៊ុំ សំអាន និង​លោក មាជ សុណ្ណារ៉ា បាន​ប្រាប់​មូលហេតុ​ដូចគ្នា​ថា ការចាកចេញ​ពី​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ង្គ្រោះ​ជាតិ គឺ​ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន​។ យ៉ាងណា លិខិតនោះ មិនបានសរសេរថា ពួកលោកបានលាលែងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិឡើយ ពោលគឺ ពួកគេ គ្រាន់តែលាលែងពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

​ជុំវិញបញ្ហានេះ  លោក ប៉ុល ហំ​ម ដែលជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​យប់​ម៉ោងជាង​៩ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក ពិតជា​ឮដំណឹង​ខាងលើ​មែន តែ​មិនទាន់​ទទួលបាន​លិខិត​របស់លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណា​រ៉ា ជា​ផ្លូវការ​នោះទេ​។ ដោយសារតែ​មិនទាន់​ទទួលបាន​លិខិត​ទាំងនោះ លោក ប៉ុល ហំ​ម សូម​មិន​បកស្រាយ​អ្វី​ច្រើន​នោះទេ​។

​ម្យ៉ាងទៀត ពេលនេះ លោក ប៉ុល ហំ​ម កំពុងតែ​បំពេញបេសកកម្ម​នៅក្នុង​ខេត្ត​កែប​ឯណោះ​។ ដូច្នេះ​លោក បញ្ជាក់ថា លុះត្រាតែ​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ និង​បានឃើញ​លិខិត​ទាំងនោះ​ដោយផ្ទាល់​ភ្នែក​សិន ទើប​អាច​បញ្ចេញមតិ​បាន​។ លោក សង្កត់ធ្ងន់ដូច្នេះថា​៖«​ខ្ញុំ​មិន​និយាយ​អ្វី ដែល​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់លាស់​នោះទេ​។ ចាំមើល​ខ្ញុំ​ត្រឡប់​ទៅវិញ​សិន ហើយ​ដឹង​រឿង​ហ្នឹង​ថា​យ៉ាងម៉េច ទើប​ខ្ញុំ​និយាយ​»​។

​ទោះបីជា​លោក ប៉ុល ហំ​ម មិនទាន់​ហ៊ាន​បញ្ជាក់​ក៏ដោយ តែ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា ពិតជា​បាន​សុំលាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មែន​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បញ្ជាក់​យ៉ាងខ្លី​ថា​៖«​ជាការ​ពិត​។ ពួកគាត់ ពិតជា​សុំលាលែង​មែន​»​។​

​បើតាម​លោក យឹម សុវណ្ណ ការលាលែង​ពី​តំណែង​នេះ គឺ​ដោយសារតែ​លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណារ៉ា គិតគូរ​ដល់​វាស​នាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក យឹម សុវណ្ណ បន្តថា ប្រសិនបើ​លោក​ទាំងពីរ មិន​លាលែង​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងមាន​បញ្ហា​។

ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​កំណត់ថា ទណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស នោះទេ​។ ម្យ៉ាងទៀត ទណ្ឌិត ក៏​មិនអាច ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក ឬ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ណា​មួយ​ឡើយ​។ ជាងនេះទៀត គណបក្ស​ណាមួយ ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។

​មាត្រា​១៨ បានសរសេរថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី ក្នុងករណី ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។

​ចំណែក​មាត្រា​៣៨ បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់​វិធ​នា​ការ ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណ​ធ្ងន់ធ្ងរ​»​។
​រីឯ​មាត្រា​៤៥ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​

​ប្រហែលជា​ព្រួយបារម្ភ​ពី​បញ្ហា​នេះហើយ ទើប​អ្នក​ទាំងពីរ ប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​ជាការ​សន្និដ្ឋាន របស់លោក យឹម សុវណ្ណ​។​

​យ៉ាងណា លិខិត​របស់លោក អ៊ុំ សំអាន និង​លិខិត​របស់លោក មា​ជ សុវណ្ណា​រ៉ា មិនបាន​បញ្ជាក់ថា​ពួកលោក បាន​លាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ ហើយ​លោក យឹម សុវណ្ណ ក៏​មិនបាន​បញ្ជាក់​ដែរថា​ ពួកលោក​ទាំងពីរ លាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​ង្គ្រោះ​ជាតិ​។ ដូច្នេះ ពួកលោក ទំនងជា​នៅតែ​ជា​សមាជិក​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​។

​ដោយឡែក លោក ហុង សុខ​ហួរ ​សមាជិក​ព្រឹទ្ធសភា ដែលកំពុងជាប់ពន្ធនាគារ ក៏បាន​ប្រកាស​លាលែង​ពី​សមាជិក​គណៈ​ក​ម្មា​ធិការនាយក​នៃ​គណបក្ស សម រង្ស៊ី ដែរ​។ មូលហេតុ​របស់ លោក ហុង សុខ​ហួរ ក៏​ប្រហែលជា​មិន​ខុសពី​លោក អ៊ុំ សំអាន និង​លោក មា​ជ សុវណ្ណា​រ៉ា ឡើយ​។

លោក យឹម សុវណ្ណ មិន​ហ៊ាន​បកស្រាយ​បញ្ហា​ទាំងឡាយណា ដែល​ទាក់ទង​នឹង​លោក ហុង សុខ​ហួរ នោះទេ ព្រោះ​លោក ហុង សុខ​ហួរ មិនមែនជា​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​៕

 


Tag:
 អ៊ុំ សំអាន
  មាជ សុវណ្ណារ៉ា
  ហុង សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com