ជាតិ
សេដ្ឋកិច្ច
អាជីវករ​ខ្មែរ នាំគ្នា​បិទផ្លូវ​ច្រកព្រំដែន មិន​ឲ្យ​អា​ជីវករ​ថៃ នាំ​ទំនិញ​ចូលមក​កម្ពុជា
24, Feb 2017 , 10:53 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​មាន​ករណី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ភាគី​ថៃ ដែល​បាន​ដំឡើងថ្លៃ​ពន្ធ​ត្រី​នោះ នៅ​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ​នេះ ក្រុម​អា​ជីវករ​ខ្មែរ​ជាច្រើន​នាក់ បាននាំគ្នា​យក​រទេះដឹក​ត្រី មក​បិទផ្លូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​រារាំង​មិន​ឲ្យ​ភាគី​ថៃ​ នាំ​ទំនិញ​ចូលមក​កម្ពុជា​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​



​អា​ជីវករ​ខ្មែរ​ទាំងនោះ បាន​យក​រទេះ និង​ឡាន បិទផ្លូវ​កណ្ដាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃនេះ ក្រោម​ហេតុផល​ថា ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ដោះស្រាយ​បញ្ហា​ដំឡើងថ្លៃ​ពន្ធ​ត្រី ឲ្យ​មក​នៅត្រឹម​តម្លៃ​ដើម​វិញ​។  ​បើ​គ្មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​នៅ​តវ៉ា​បិទផ្លូវ​ច្រក​អន្តរជាតិ​ជាតិ រាំងខ្ទប់​មិន​ឲ្យ​ភាគី​ថៃ​ នាំ​ទំនិញ​ចូលមក​កម្ពុជា​ដូចគ្នា​។​

​ក្រុម​អា​ជីវករ​ខ្មែរ បន្ត​ការបិទផ្លូវ​តវ៉ា​នេះ គឺ​ស្រប​ពេលដែល​អភិបាលរងខេត្ត​​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី កំពុង​ដឹកនាំ​ក្រុមការងារ​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​អា​ជីករ​ខ្មែរ លក់​ត្រី​នៅក្នុង​ទឹកដី​ថៃ​នេះ​។​

​កាលពី​ថ្ងៃទី​២៣ កុម្ភៈ អាជ្ញាធរ​ថៃ បាន​បង្គាប់​ឲ្យ​អា​ជីវករ​ខ្មែរ ដែល​នាំចូល​ត្រី​ទៅ​លក់​ក្នុងប្រទេស​ថៃ​មានច្បាប់​ត្រឹមត្រូវ​នោះ ត្រូវមាន​កាត​ព្វកិច្ច​បង់ពន្ធ​ក្នុងតម្លៃ ១២​បាត (១៣០០​រៀល​) ក្នុង​មួយ​គីឡូក្រាម ។ ​ត្រី​ចាប់ពី​១០០​ទៅ​២០០ គីឡូក្រាម​នោះ អា​ជីវករ​ខ្មែរ​ត្រូវ​បង់ពន្ធ​ពី​១៥០០​បាត ទៅ​២០០០​បាត (១៧​ម៉ឺន​ទៅជា​ង​២២​ម៉ឺន​) ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​នេះ ពីថ្ងៃ​ទី​សុ​ក្រទី​២៤ កុម្ភៈ​នេះ​។​



​ចំពោះ​ការដំឡើងថ្លៃ​ពន្ធ​ត្រី​នេះ ក្រុម​អា​ជីវករ​ខ្មែរ​រាប់រយ​នាក់ មិន​ពេញចិត្ត​ឡើយ ព្រោះ​វា​ជា​តម្លៃ​ពន្ធ​ខ្ពស់​ ដែល​មិនអាច​ទទួលយកបាន​នោះទេ​។ ក្រុមអាជីវករ​ក៏បាន​ចាក់​ត្រី​ជិត​៣០០​គីឡូក្រាម នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ដើម្បី​តវ៉ាប្រឆាំងនឹង​គោលនយោបាយ​ដំឡើង​ពន្ធ​ថ្មី​របស់​អាជ្ញាធរ​ថៃ​នេះ​។​

​ក្រោយ​អាជីវ​ករលក់​ត្រី​នាំគ្នា​តវ៉ា អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ បាន​ចេញមក​សម្របសម្រួល​ជាមួយ​អាជីវ​ករលក់​ត្រី​កម្ពុជា​ដែរ ។ ដោយ​មន្ត្រី​គយ​ថៃ បាន​​បញ្ចុះ​អត្រា​បង់ពន្ធ​ឲ្យ​អា​ជីវករ​ខ្មែរ​បង់ពន្ធ​ត្រី មក​ត្រឹម​តម្លៃ​៩៥០​បាត​វិញ ក្នុង​មួយ​គីឡូក្រាម បើទោះជា​អា​ជីករ​ខ្មែរ ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ អនុវត្ត​ពន្ធ​ចាស់​ក្តី​។

​គួរ​បញ្ជាក់ថា អត្រាពន្ធ​ចាស់​ដែល​អាជ្ញាធរ​ថៃ បានកំណត់​ទារ​ពី​អា​ជីវករ​ខ្មែរ​កន្លងមក​នោះ គឺ​ក្នុង​អត្រាពន្ធ​ពី​៣០០​បាត ទៅ​៥០០​បាត ប៉ុណ្ណោះ ចាប់ពី​ទំហំ​ត្រី​១០០​គីឡូក្រាម​ឡើងទៅ​៕


Tag:
 កម្ពុជា​
  ​ថៃ​
  ​ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com