សេដ្ឋកិច្ច
អន្តរជាតិ
ប្រទេស​ឥណ្ឌា​ធូរស្រាល​ចិត្ត បន្ទាប់ពី​លោក​ត្រាំ​បោះបង់ចោល​កិច្ចព្រមព្រៀង TPP
24, Feb 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​ញូ​វ​ដេលី  ៖ កិច្ចព្រមព្រៀង TPP ដ៏​មាន​មហិច្ឆតា​របស់​ប្រទេស​ចំនួន​១២​ដែលមាន​ព្រំប្រទល់​នៅជាប់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បង្កើតឡើង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម គឺជា «​ក្តីកង្វល់​ដ៏​ធំ​» សម្រាប់​លោក Sudhir Dhingra ដែលជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Orient Craft​។ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី​មួយ​នេះ គឺជា​ក្រុមហ៊ុននាំចេញ​ធំ​បំផុត​មួយ​ក្នុងចំណោម​ក្រុមហ៊ុននាំចេញ​សម្លៀកបំពាក់​ធំ​បំផុត​នានា​របស់​ឥណ្ឌា​។​



​ឥណ្ឌា​សប្បាយចិត្ត​ដែល​កិច្ចព្រមព្រៀង TPP ត្រូវ​បោះបង់ចោល​

​មូលហេតុ​នោះ​គឺថា កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ​ការនាំចេញ​របស់​ឥណ្ឌា​មាន​លក្ខណៈ​ប្រកួតប្រជែង​តិចជាង​មុន ដោយសារតែ​កិច្ចព្រមព្រៀង​នេះ​កាត់បន្ថយ​ពន្ធគយ​នាំចេញ​នាំចូល និង​ផ្តល់ឱកាស​ដល់​ប្រទេស​នានា​ដូចជា​វៀតណាម​និង​ម៉ាឡេស៊ី​ឲ្យ​ទទួលបាន​ការអនុគ្រោះ​ពិសេស​សម្រាប់​ការនាំ​ចូលទៅក្នុង​ទីផ្សារ​អាមេរិក​និង​ជប៉ុន​។​

​លោក Dhingra យល់ថា ការបោះបង់ចោល​នេះ​ជា​ដំណឹង​ដ៏​ល្អ​។​

​លោក​ពន្យល់ថា «​ខ្លួន​ខ្ញុំ​ផ្ទាល់​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​ពាណិជ្ជ​កម្មនេះ​ណាស់​។ បើតាម​កិច្ចព្រមព្រៀង​ហ្នឹង ផ្នែក​ខ្លះ​នៃ​តំបន់​ទាំងនោះ​នឹង​បង្កើន​ផលិតកម្ម​របស់ខ្លួន​ជាង​មុន​និង​កាន់​តែមាន​ប្រសិទ្ធិ​ផល​។ ក្រៅពីនេះ ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​តាមរយៈ​ការលើកលែង​ពន្ធ ដូច្នេះ​ជំនួញ​ទាំងអស់​នឹង​ទៅ​ប្រមូលផ្តុំ​ក្នុង​ទីផ្សារ​ទាំងនេះ​»​។​

​ឧស្សាហកម្ម​សម្លៀកបំពាក់​ដ៏​ធំ​នៅក្នុង​ប្រទេស​ឥណ្ឌា​

​វិស័យ​វាយ​ន​ភណ្ឌ​និង​សម្លៀកបំពាក់​របស់​ឥណ្ឌា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រាប់លាន​នាក់ ហើយ​ប្រមាណ​ជា​២០%​នៃ​ការនាំចេញ​សម្លៀកបំពាក់​ត្រូវបាន​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​។​

​វិស័យ​សម្លៀកបំពាក់​មិនមែនជា​វិស័យ​តែមួយ​ដែល​ទទួលរង​ការគំរាមកំហែង​ពី​កិច្ចព្រមព្រៀង TPP ទេ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ឥណ្ឌា លោកស្រី Nirmala Sitharaman បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​ដូចជា ទំនិញ​ដែល​ធ្វើ​ពី​ស្បែក​សត្វ ប្លា​ស្ទិ​ក សារធាតុ​គីមី និង​វាយ​ន​ភណ្ឌ​។​

​នេះ​មានន័យថា កិច្ចព្រមព្រៀង TPP នឹងធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ខ្ទាត​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ ដែល​គ្របដណ្តប់​ពាណិជ្ជកម្ម​ពិភពលោក​ប្រមាណ​ជា​៤០%​។​

​ការប៉ាន់ស្មាន​លើ​ការខាតបង់​វិស័យ​នាំចេញ​របស់​ឥណ្ឌា​មាន​ចំនួន​ខុសគ្នា​យ៉ាងខ្លាំង​។ វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ការខាតបង់​របស់​ឥណ្ឌា​អាចមាន​ចំនួន​ប្រមាណ​ជា​៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ប្រសិនបើ​ចិន​និង​ប្រទេស​ដទៃទៀត​ចូលរួម​ជាមួយនឹង​កិច្ចព្រមព្រៀង​នេះ​នៅពេល​ក្រោយ​។ អ្នកវិភាគ​ផ្សេងទៀត​និយាយថា វា​អាចមាន​ចំនួន​តិចជាង​នេះ​ឆ្ងាយ​ណាស់​។​

​លោក Biswajit Dhar ដែលជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Jawaharlal Nehru ក្នុង​ទីក្រុង​ញូ​វ​ដេលី​និយាយថា ក្រោយពី​បោះបង់ចោល​កិច្ចព្រមព្រៀង TPP ឥណ្ឌា​បាន​ធូរស្បើយ​ចិត្ត​ឡើងវិញ​។​

​លោក​និយាយថា «​អាចមាន​ភាព​ធូរស្បើយ​ឡើងវិញ ដោយសារតែ​កិច្ចព្រមព្រៀង TPP បាន​គំរាម​នាំយក​បទដ្ឋាន​ថ្មីៗ​សម្រាប់​សេរីភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម​និង​ការនាំយក​នូវ​បទបញ្ញត្តិ​ថ្មីៗ​ដែល​កាន់តែ​តឹងរ៉ឹង​ជាង​បទបញ្ញត្តិ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ឥណ្ឌា​»​។​

​កិច្ចព្រមព្រៀង TPP បង្កើត​ឲ្យ​មាន​បទបញ្ញត្តិ​បរិស្ថាន​និង​ពលកម្ម​តឹងរ៉ឹង​និង​ការការពារ​កម្មសិទ្ធិបញ្ញា​ខ្លាំង​ជាង​មុន​។​

​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​

​ការបោះបង់ចោល​កិច្ចព្រមព្រៀង TPP អាច​នឹង​បង្វែរ​ការយកចិត្តទុកដាក់​ទៅលើ​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​នានា ដែល​មួយ​ក្នុងចំណោម​កិច្ចព្រមព្រៀង​ទាំងនោះ​អាចជា​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថ្នាក់​តំបន់​ឬ​ហៅថា​កិច្ចព្រមព្រៀង RCEP​។ កិច្ចព្រមព្រៀង​នេះ​ជា​ប្លុក​មួយ​ដែល​បូក​រួមទាំង​ឥណ្ឌា​និង​ចិន ហើយ​គ្របដណ្តប់​លើ​ប្រជាជន​សាកលលោក​ស្ទើរតែ​ពាក់កណ្តាល​។​

​អ្នកវិភាគ​ជាច្រើន​រំពឹងថា ចិន​នឹងចូលរួម​បំពេញ​គម្លាត​ដែល​បន្សល់ទុក​ដោយ​សហ​រដ្ឋ​អាមេរិក ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​។ អ្នកវិភាគ​ខ្លះ​និយាយថា នេះ​នឹង​ជា​រឿង​ល្អ​មួយ​សម្រាប់​ឥណ្ឌា ដោយសារតែ​ចិន​ទំនងជា​នឹងមិន​បង្កើត​បទដ្ឋាន​ដូចគ្នា​ទៅនឹង​កិច្ចព្រមព្រៀង TPP ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នោះទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកវិភាគ​ផ្សេងទៀត​យល់ថា នេះ​ក៏​អាចជា​រឿង​មិនល្អ​សម្រាប់​ឥណ្ឌា​ដែរ ដោយសារតែ​ឥណ្ឌា​ត្រូវ​បើក​ទីផ្សារ​របស់ខ្លួន​ឲ្យ​ប្រទេស​ចិន​។​

​ឥទ្ធិពល​របស់​ចិន

​លោក Dhar និយាយថា «​ទោះជា​មិនមាន​ការអនុគ្រោះ​ពិសេស​ក៏ដោយ ក៏​ចិន​អាច​បោះជំហាន​នៅក្នុង​សេដ្ឋកិច្ច​ឥណ្ឌា​បាន​យ៉ាងច្រើន​។ ដូច្នេះ​ការព្រួយបារម្ភ​របស់​អ្នកជំនួញ​ឥណ្ឌា​គឺថា ប្រសិនបើ​ចិន​ទទួលបាន​ការអនុគ្រោះ​ពិសេស​ផ្នែក​ទីផ្សារ​នោះ ជំនួញ​របស់​ឥណ្ឌា​នឹងមាន​បញ្ហា​ជាក់​ជាមិនខាន​»​។​

​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គេ​ស្គាល់​ជា​យូរ​មកហើយ​ថា​មាន​បរិយាកាស​ធ្វើ​ជំនួញ​ម៉ឺងម៉ាត់​បទបញ្ញត្តិ​ស្មុគស្មាញ​ដែល​បង្អាក់​វិនិយោគទុន ការបង់ពន្ធ​ខ្ពស់​និង​ច្បាប់​ការងារ​ដ៏​តឹងរ៉ឹង មិន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​សង្វាក់​ផលិតកម្ម​ដែល​បាន​កែប្រែ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ី​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ទេ​។​



​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ផលិតកម្ម​នៅក្រោម​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី Narendra Modi ដែល​ត្រូវបាន​គេ​ហៅថា «​ផលិត​នៅ​ឥណ្ឌា​» មិនទាន់​ទទួលបាន​លទ្ធផល​ដុំកំភួន​នៅឡើយ​ទេ​។​

​អនាគត​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា​


​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ព្រមាន​ថា ការបោះបង់ចោល​កិច្ចព្រមព្រៀង TPP និង​កិច្ចចរចា​បន្ថែមទៀត​លើ​ការ​គាំពារ​ទំនិញ​ក្នុងស្រុក​របស់​សហរដ្ឋ​អាមេរិក​នឹងធ្វើ​ឲ្យ​អនាគត​ពាណិជ្ជ​កម្មសាក​ល​លោក​មាន​ភាពមិនប្រាកដ​ប្រជា​។ លោកស្រី Arpita Mukherjee ដែលជា​សាស្ត្រាចារ្យ​នៃ​ក្រុម​បឹ​ក្សា​ឥណ្ឌា​សម្រាប់​ការស្រាវជ្រាវ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​និយាយថា «​ខ្ញុំ​គិតថា យើង​មិនគួរ​សាទរ​ចំពោះ​រឿងនេះ​ទេ​។ លោក​ត្រាំ​ក៏​និយាយថា «​ផលិត​នៅ​សហរដ្ឋអាមេរិក​» ដែរ​។ វា​ជា​ស្ថាន​ភាពមិនច្បាស់លាស់ ដូច្នេះ​យើង​គួរតែ​ព្រួយបារម្ភ​»​។​

​អ្នកជំនាញ​នានា​អំពាវនាវ​ឲ្យ​ឥណ្ឌា​ធ្វើកំណែទម្រង់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​របស់ខ្លួន​អាច​ប្រកួតប្រជែង​ជា​សាកល​បាន​។ លោកស្រី Arpita Mukherjee និយាយថា «​យើង​ត្រូវតែ​ផ្តល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ ហើយ​នៅពេល​យើង​អាច​ធ្វើបាន យើង​នឹង​ទទួលបាន​ផលប្រយោជន៍​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​»​។​

​ទោះជា​យ៉ាងណា ការ​ផុស​ឡើង​នៃ​ការគំរាមកំហែង​ពី​កិច្ចព្រមព្រៀង TPP មិន​ស្ថិតនៅក្នុង​ចិត្ត​របស់លោក Dhingra នោះទេ ហើយ​លោក​នៅតែមាន​សុទិដ្ឋិនិយម​។ លោក និង​អ្នក​ផ្សេងទៀត​យល់ថា ការណ៍​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ឥណ្ឌា​រីកចម្រើន ខណៈដែល​រដ្ឋាភិបាល​ប​ន្ត​ធ្វើកំណែទម្រង់​ដែល​លោកនាយក​រដ្ឋមន្ត្រី Modi បាន​សន្យា​នោះ​។​

​លោក Dhingra និយាយថា កាលពី​ពេលមុន រដ្ឋ​ផ្សេងគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​សន្យា​ជាមួយនឹង​អ្នកធ្វើ​ជំនួញ​មួយចំនួន​ដូចជា​ជំនួញ​របស់លោក​ថា នឹង​ផ្តល់ប្រាក់​ជួយឧបត្ថម្ភ​និង​គ្រឿង​លើកទឹកចិត្ត​ផ្សេងទៀត ដែល​អាចជួយ​លោក​ឲ្យ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កាន់តែខ្លាំង​។ លោក​និយាយថា «​មិន​ដែលមាន​សប្តាហ៍​ណា​ដែល​ខ្ញុំ​មិនបាន​ទទួល​ទូរស័ព្ទ​ពី​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ ឬ​អ្នក​ផ្សេងទៀត​ដែល​ចង់​ឲ្យ​ក្រុមហ៊ុន Orient Craft បង្កើត​រោងចក្រ​នៅ​ទី​នោះទេ​។ ពួកគេ​មាន​ឆន្ទៈ​នឹង​ផ្តល់​គាំទ្រ​និង​ផ្តល់ប្រាក​ជួយឧបត្ថម្ភ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​មិនដែល​បានឃើញ​នៅក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com