ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ​ថៃ ពន្យារពេល​ដំឡើង​ពន្ធ​ត្រី​លើ​អាជីវករ​ខ្មែរ ត្រឹម​ថ្ងៃទី​១ មីនា​
24, Feb 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ នៅពេលនេះ​ការតវ៉ា​លើ​ករណី​ដំឡើង​ពន្ធ​ត្រី នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ថមថយ​បន្តិច​ហើយ ក្រោយ​អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​ថៃ បាន​ជួប​ពិភាក្សាគ្នា រក​ដំណោះស្រាយ​លើ​បញ្ហា​ដំឡើង​ពន្ធ​នេះ​។​



​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ដែល​បាន​ដឹកនាំ​មន្ត្រី​កម្ពុជា ជួបពិភាក្សារ​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ថៃ បាន​ឲ្យ​ដឹងថា នៅពេលនេះ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​អាជីវករ​ខ្មែរ អាច​នាំ​ត្រី​ចូល​ទីផ្សារ​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​សិន​។ មានន័យថា អាជីវករ​កម្ពុជា អាចអនុវត្ត​លើ​ពន្ធ​ចាស់​សិន​ត្រឹម​ថ្ងៃទី​១ មីនា មុននឹង​បន្ត​ការចរចា​រក​ដំណោះស្រាយ នូវ​ចំណុច​រួមមួយ​សមរម្យ ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ង៉ោ ម៉េង​ជ្រួ​ន បានបញ្ជាក់​ដូច្នេះ​ថា​៖« យើង​នឹង​បន្ត​ប្រជុំពិភាក្សា ចរចា​គ្នា​ជាមួយ​ភាគី​ថៃ នៅ​ខែមីនា លើ​អត្រាពន្ធ ថា​គួរ​យក​តម្លៃ​ពន្ធ​ប៉ុន្មាន​ឲ្យ​សមរម្យ ដែល​អាជីវករ​ខ្មែរ​អាច​បង់​បាន​មុន​ដំឡើង​ពន្ធ​។ យើង​ក៏បាន​ឯកភាពគ្នា បង្កើត​ស្តង់​ត្រី​សម្រាប់​អាជីវករ​ខ្មែរ ហើយ​បើ​ភាគី​ថៃ​ត្រូវការ​ត្រី​ពី​អាជីវករ​ខ្មែរ​នោះ នៅពេល​ពួកគេ​ចូលមក​ទិញ ត្រូវ​បង់ពន្ធ​ឲ្យ​គយ​ថៃ​ខ្លួនឯង ដោយ   អាជីវករ ខ្មែរ​មិនចាំបាច់​បង់ពន្ធ​នេះ​ទេ​»​។ 

​អភិបាលក្រុង​ប៉ោយប៉ែត​រូបនេះ ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​បណ្ដា​ខេត្ត​នានា ដែលមាន​ចង់​នាំ​ត្រី​ចូល​ប្រទេស​ថៃ​នោះ ត្រូវ​ផ្អាក​ការ​សម្រុក​ដឹក​យកមក​លក់​សិន ដោយ​រង់​ចាំមើល​ដំណោះស្រាយ​លើ​បញ្ហា​ដំឡើង​ពន្ធ​ត្រី​នេះ​សិន ដើម្បី​បញ្ចៀស​ការខាតបង់​ថវិកា​លើ​ជំនួញ​ត្រី​នាពេលនេះ​។​

​កាលពី​ថ្ងៃទី​២៣ កុម្ភៈ អាជ្ញាធរ​ថៃ បាន​បង្គាប់​ឲ្យ​អាជីវករ​ខ្មែរ ដែល​នាំចូល​ត្រី​ទៅ​លក់​ក្នុងប្រទេស​ថៃ​មានច្បាប់​ត្រឹមត្រូវ​នោះ ត្រូវ​បង់ពន្ធ​ក្នុងតម្លៃ ១២​បាត (១៣០០​រៀល​) ក្នុង​មួយ​គីឡូក្រាម និង​ត្រី​ចាប់ពី​១០០​ទៅ​២០០ គីឡូក្រាម អាជីវករ​ខ្មែរ​ត្រូវ​បង់ពន្ធ​ពី​១,៥០០​បាត ទៅ​២​ពាន់​បាត ប្រហាក់ប្រហែល​នឹង ១៧​ម៉ឺន​ទៅជា​ង​២២​ម៉ឺន​រៀល​។ គោលការណ៍​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​សុក្រ​ទី​២៤ កុម្ភៈ​នេះ​។​

លោក  Pattanapong sae Lim ប្រធាន​ត្រួតពិនិត្យ​កិច្ចការ​ព្រំដែន​មួយកន្លែង​នៅ​ប្រទេស​ថៃ  បញ្ជាក់ថា​ការដំឡើង​ពន្ធ​នាំចូល​ត្រី​ទៅ​ទីផ្សារ​ថៃ​នេះ គឺជា​រឿង​ចាំបាច់ ព្រោះ​អាជីវករ និង​អ្នកជំនួញ​ត្រី​នៅ​ប្រទេស​ថៃ បាន​ត្អូញត្អែរថា ត្រី​ស្រស់​នាំចូល​ពី​កម្ពុជា កំពុង​កាន់កាប់​ទីផ្សារ​ក្នុង​ស្រុកថៃ និង​បានធ្វើ​ឲ្យ​តម្លៃ​ត្រី​នៅ​ថៃ​ធ្លាក់ចុះ​។ នេះ​បើតាម​ការ​សែត​បាងកក​ប៉ុស្តិ៍​។​

​ចំពោះ​ការដំឡើងថ្លៃ​ពន្ធ​ត្រី​នេះ ក្រុមអាជីវករ​ខ្មែរ​រាប់រយ​នាក់ មិន​ពេញចិត្ត​ឡើយ ព្រោះ​វា​ជា​តម្លៃ​ពន្ធ​ខ្ពស់​មិនអាច​ទទួលយកបាន​។ ក្រុមអាជីវករ​ខ្មែរ ក៏បាន​ចាក់​ត្រី​ជិត​៣០០​គីឡូក្រាម នៅលើ​ស្ពាន​មិត្តភាព     កម្ពុជា​-​ថៃ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ដើម្បី​តវ៉ា​ប្រឆាំងនឹង​គោលនយោបាយ​ដំឡើង​ពន្ធ​ថ្មី​របស់​អាជ្ញាធរ​ថៃ​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ​នេះ អាជីវករ​ខ្មែរ​ទាំងនោះ បាន​បន្ត​យក​រទេះ និង​ឡាន បិទផ្លូវ​ច្រក​អន្តរជាតិ​នេះ ដើម្បី​រារាំង​មិន​ឲ្យ​ភាគី​ថៃ នាំ​ទំនិញ​ចូលមក​កម្ពុជា​ដូចគ្នា​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុ​ផា​រី លើកឡើងថា ការដែល​អាជីវករ​ខ្មែរ ចាក់​ត្រី​ចោល​ដើម្បី​តវ៉ា​នឹង​អាជ្ញាធរ​ថៃ រឿង​ដំឡើង​ពន្ធគយ​លើ​ការនាំ​ត្រី​ចូល​ប្រទេស​ថៃ​នោះ គឺជា​សកម្មភាព​ដែល​នាំ​ឲ្យ​ពួកគាត់​កាន់តែ​ខាតបង់​។ អ្នកនាំពាក្យ​រូបនេះ​ថា ដំណោះស្រាយ គឺ​មានតែ​ការចរចា​សុំ​ការ​សម្បទាន​ពី​ភាគី​ថៃ ។​ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​បែបនេះ យើង​គួរ​នៅ​ស្ងាត់ៗ​សិន កុំ​ជំរុញ​ឲ្យ​ខាត​អ្វី​កាន់តែច្រើន​ទៀត​។ ជាធម្មតា​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ចាត់វិធានការ ចរចា​ជាមួយ​គេ​»​។

​ក្រៅពី​ការចចារ​ក​ដំណោះស្រាយ រវាង​អាជ្ញាធរ​នៃ​ភាគី​ទាំង​២ នៅ​ថ្នាក់ក្រោម​ជាតិ បញ្ហា​ដំឡើង​ពន្ធ​នាំចូល​នេះ អាច​នឹង​ក្លាយជា​របៀបវារៈ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ជាតិ នៅពេលដែល​គណៈកម្មាកា​រ​ចម្រុះ​កម្ពុជា​-​ថៃ រៀបចំ​កិច្ចប្រជុំ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោកស្រី សឹង សុ​ផា​រី ។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​ថៃ បានកំណត់​ទារប្រាក់ពន្ធ​ពី​អាជីវករ​ខ្មែរ​កន្លងមក ក្នុង​អត្រា ពី​៣០០​បាត ទៅ​៥០០​បាត ចំ​ពោ​បរិមាណ​ត្រី​១០០​គីឡូក្រាម​ឡើងទៅ​៕ 


Tag:
 ថៃ​
 ​ កម្ពុជា​
 ​ ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com