ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ​៖«សង្គ្រោះ​ជាតិ មិនឈ្លោះគ្នា ព្រោះ​ដណ្តើម​តំណែង​ជាដាច់ខាត​» ​
25, Feb 2017 , 4:03 pm         52150
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ លោក យឹម សុវណ្ណ លោក សម រង្ស៊ី និង​លោក កឹម សុខា
ពី​ឆ្វេងទៅ​ស្តាំ៖ លោក យឹម សុវណ្ណ លោក សម រង្ស៊ី និង​លោក កឹម សុខា
ភ្នំពេញ​៖ មួយរយៈ​ចុងក្រោយ​នេះ ពត៌មាន​នៃ​ការបែកបាក់​ផ្ទៃក្នុង​បក្សប្រឆាំង ដែល​កើតចេញពី​ការដណ្តើម​តួនាទី​គ្នា បាន​លេច​ឮជា​ហូរហែ​។ អ្នកនាំពាក្យ​បក្សប្រឆាំង បាន​ចេញមុខ​បកស្រាយ​ថា បក្ស​ខ្លួន មិន​រង្គោះរង្គើ ព្រោះតែ​តំណែង ដូច​អ្វីដែល​សារព័ត៌មាន​មួយចំនួន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចុះផ្សាយ ឡើយ​។  ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច យល់ឃើញថា ការលើកឡើង​របស់​អ្នកនាំពាក្យ​បក្សប្រឆាំង គឺ​គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​មហាជន ប៉ុណ្ណោះ​។ ចំពោះ​អ្នកវិភាគ​នយោបាយ​វិញ បាន​រិះគន់ថា គ្មាន​បក្ស​ណាមួយ ដែល​គិតពី​ប្រយោជន៍​ជាតិ ជាធំ​នោះទេ​។
 

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ឥស្សរជន​នយោបាយ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធសឹងតែ​ជា​អ្នកមាន​ឧ​ត្ត​ម​គតិ និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ហើយ​គិតគូរ​ពី​ប្រ​យោ​ជន៍​ជាតិ ជា​ចម្បង​។ លោក សង្កត់ធ្ងន់ថា ឥស្សរជន​នយោបាយ​ទាំងនោះ ដាច់ខាត​មិនមែនជា​បុគ្គល ដែល​ល្មោភ​អំណាច​និង​តួនាទី នោះទេ​។

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ព្រោះ​គិតតែ​ពី​ដណ្តើម​តំណែង​នេះហើយ បានជា​នាំ​ឲ្យ​ជាតិ​យើង​បែកបាក់ នាំ​ឲ្យ​ប្រជាជនមាន​ការឈឺចាប់​។ យើង ដាច់ខាត មិន​ចម្លង​វប្បធម៌ ដណ្តើម​តំណែង​គ្នា​នោះទេ​»​។

ការដណ្តើម​តំណែង មិនអាច​កើតឡើង​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ផ្ទុយ​មកវិញ គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​ភាព​សាមគ្គី និង​ភាពរឹងមាំ ដើម្បី​ឆ្ពោះទៅកាន់​ការបោះឆ្នោត នាពេលខាងមុខ​។ នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ ដដែល​។

ការលើកឡើង​របស់លោក យឹម សុវណ្ណ គឺ​ដើម្បី​ឆ្លើយតប​នឹង​ពត៌មាន ដែល​លេច​ឮថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​បែកបាក់​ផ្ទៃក្នុង ដោយសារតែ​ដណ្តើម​តំណែង​គ្នា​។ ពត៌មាន​អវិជ្ជមាន​ទាំងនេះ បានកើត​ឡើងជា​បន្តបន្ទាប់ ក្រោយពី​ឯកឧត្តម សម រង្ស៊ី លាលែង​ពី​សមាជិកភាព​និង​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​កន្លះ​ខែ​មុន​។ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី​។​

ដោយ​ចាត់ទុកជា​រឿង​ផ្ទៃក្នុង​របស់​អ្នកដទៃ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​មិន​បកស្រាយ​អ្វី​ឲ្យ​វែងឆ្ងាយ​នោះទេ ទាក់ទង​នឹង​ការលើកឡើង​របស់ លោក យឹម សុវណ្ណ ខាងលើ​។ យ៉ាងណា លោក សុខ ឥសាន យល់ថា ការលើកឡើង​របស់លោក យឹម សុវណ្ណ ដែល​អះអាងថា មិន​ចង់បាន​អំណាច ឬ​តួនាទី គឺ​ផ្ទុយ​ពី​ការពិត​។

លោក បាន​និយាយ​ដូច្នេះ​ថា​៖«​ការលើកឡើង​នេះ គឺ​គ្រាន់តែ​ជាការ​ឃោសនា​នយោបាយ ដើម្បី​បំភាន់​ភ្នែក​មហាជន ប៉ុណ្ណោះ​។ ខ្ញុំ មិន​ជឿ​លើ​ការនិយាយ​ទេ តែ​ខ្ញុំ មើល​ទៅលើ​ភាពជាក់ស្តែង​»​។

ដោយឡែក លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើលឃើញថា ក្នុង​កាលៈទេសៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជម្រើស​អ្វី ក្រៅពី​រួបរួមគ្នា ដើម្បី​ឈានទៅរក​ការបោះឆ្នោត​នោះទេ​។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ពិតជា​ដណ្តើម​តំណែង​គ្នា ស្របពេល​ស្ថានភាព​មិនសូវ​អំណោយផល​បែបនេះ គឺជា​ការបង្ហាញ​ចំណុចខ្សោយ ឲ្យ​បក្ស​កាន់អំណាច ឃើញ ហើយ​ទីបំផុត​បក្ស​កាន់អំណាច នឹងមាន​វិធីសាស្ត្រ ដើម្បី​យកឈ្នះ​ការបោះឆ្នោត ដដែល​។ 

អ្នកវិភាគ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​បក្សប្រឆាំង ដណ្តើម​ឬ​ឈ្លោះ​គ្នា​ព្រោះ​អំណាច និង​តួនាទី​មែន វា នឹង​ផ្តល់ឱកាស​ឲ្យ​បក្ស​កាន់អំណាច ហើយ​បក្ស​កាន់អំណាច នឹង​នៅតែ​ដឹកនាំ​ប្រទេស​ទៀត​។ ដូច្នេះ ចង់​មិន​ចង់ បក្សប្រឆាំង​ត្រូវតែ​អត់ទ្រាំ​»​។​

យ៉ាងណា លោក សូ ចន្ថា បាន​រិះគន់​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ មិនតិច​នោះទេ​។ លោក អះអាងថា អ្នកនយោបាយ​នៅ​កម្ពុជា គិតពី​ប្រយោជន៍​បក្ស មុន​ប្រយោជន៍​ជាតិ ប៉ុន្តែ នៅពេល​ប្រើ​វោហារសាស្ត្រ​ក្នុងការ​ឃោសនា​នយោបាយ ពួកគេ តែងតែ​អួតថា គិត​ប្រយោជន៍​ជាតិ​ជា​ចម្បង​។​

បើតាម​ការសង្កេត​រប​ស់លោក សូ ចន្ថា ដោយសារតែ​អ្នកនយោបាយ គិតពី​ប្រយោជន៍​បុគ្គល​និង​ប្រយោជន៍​បក្ស​ជាធំ​បែបនេះហើយ ទើប​ប្រទេសជាតិ ឧស្សាហ៍​កើត​ជម្លោះផ្ទៃក្នុង​។ លោក បញ្ជាក់​ចុងក្រោយ​ថា​៖«​ខ្ញុំ​មើលទៅ អ្នកនយោបាយ​ស្រុក​ខ្មែរ ដូចជា​មិនទាន់មាន​លក្ខណ​ពេញលេញ ដែល​គិតគូរ​ពី​ប្រយោជន៍​ជាតិ ពិតប្រាកដ​នោះទេ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង