នៅ​ដើមខែ​មីនា ឧទ្ធរណ៍ នឹង​បើកសវនាការ ជម្រះ​លើ​ដីកាឃុំខ្លួន​លោក គឹម សុខ ​

ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅ​ដើមខែ​មីនា ឧទ្ធរណ៍ នឹង​បើកសវនាការ ជម្រះ​លើ​ដីកាឃុំខ្លួន​លោក គឹម សុខ ​
25, Feb 2017 , 10:19 pm         1206
រូបភាព
លោកមេធាវី ជូង ជូងី ជាអ្នក​ការពារក្តីឲ្យ​លោក គឹម សុខ
លោកមេធាវី ជូង ជូងី ជាអ្នក​ការពារក្តីឲ្យ​លោក គឹម សុខ
ភ្នំពេញ​៖ សាលាឧទ្ធរណ៍ សម្រេច​ថា​នឹង​បើកសវនាការ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ដោះស្រាយ​សំណើ​លោក គឹម សុខ ដែល​សុំ​ជំទាស់​នឹង​ដីកាឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ​។​

​សាលាឧទ្ធរណ៍​បាន​ជូនដំណឹង ទៅកាន់​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​របស់លោក​គឹម សុខ រួចហើយ ថា​បណ្តឹងសុំ​ជំទាស់​នឹង​ដីកាឃុំខ្លួន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹងត្រូវ​លើក​ទៅ​ជំនុំជម្រះ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧​។ បើតាម​លោក​មេធាវី ជូ​ង ជូ​ងី ការដាក់​ពាក្យ​ប្តឹង​នៅ​សាលាឧទ្ធរណ៍ គឺ​ដោយសារតែ​លោក គឹម សុខ មិន​សុខ​ចិត្តនឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេចយក​លោក ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។



លោក​មេធាវី​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ដោយសារតែ​កូនក្តី​ខ្ញុំ​មិន​សុខចិត្ត គាត់​ក៏​ពឹងពាក់​ខ្ញុំ​ជា​មេធាវី ឲ្យ​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​ដីកាឃុំខ្លួន​។ នេះ ជា​សិទ្ធិ​របស់គាត់​។ ជន​ត្រូវ​ចោទ មាន​សិទ្ធិ​តវ៉ា​គ្រប់​នីតិវិធី​»​។​

យ៉ាងណា លោក ជូ​ង ជូ​ងី មិនបាន​អះអាង​ទេ​ថា ការប្តឹង​ទៅ​សាលាឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​ការឃុំខ្លួន​លោក គឹម សុខ ខុសពី​នីតិវិធី​ឬ​យ៉ាងណា​នោះ​។ លោក​មេធាវី​រូបនេះ គ្រាន់​បកស្រាយ​ថា លោក រួមទាំង​កូនក្តី មាន​មូលហេតុ​ច្បាស់លាស់ ក្នុងការ​ប្តឹង​ជំទាស់​នេះ​។ លោក បន្តថា មូលហេតុ​យ៉ាងណា​នោះ លោក​នឹង​លើកឡើង​នៅក្នុង​សវនាការ​។​

ក្រៅពី​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ លោក ជូ​ង ជូ​ងី ក៏បាន​ដាក់​លិខិត​មួយ​ផ្សេងទៀត ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ បានរស់នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ លោក ជូ​ង ជូ​ងី ប្រាប់ថា ជា​នីតិវិធី ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​ជូនដំណឹង​ថា​ដោះលែង​កូនក្តី​របស់លោក​តាម​កា​រ​ស្នើសុំ​ឬ​បន្ត​ឃុំខ្លួន​។

លោ គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ទើបតែ​ជាប់ពន្ធនាគារ ដោយសារ​បណ្តឹង​សម្តេច ហ៊ុន សែន ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពីបទ «​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ បើតាម​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ការសម្រេច​ដាក់ពាក្យ​ប្តឹង​នេះ គឺ​ដោ​សារ​តែ​លោក គឹម សុខ បាន​ចោទថា គណបក្ស​ប្រជា​ជនក​ម្ព​ជា សម្លាប់​លោក កែម ឡី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។ នៅក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ រហូតដល់​ទៅ ៥០​ម៉ឺន​ដុល្លារ ឯណោះ​។

លោក គឺ​ម សុខ នៅ​រង​បណ្តឹង​មួយ​ផ្សេងទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ តែ​២៥០០​ដុល្លារ ប៉ុណ្ណោះ​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next