ជាតិ
ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ប៉េកាំង​
03, Mar 2017 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែមីនា នេះ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​ទៅតាម​ការកំណត់​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាពខ្លាំង​ក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ត្រ​គ្រប់រូប រស់នៅក្នុង​សុខសន្តិភាព​តរៀង​ទៅ​»​។​



​មិនមាន​ការបញ្ជាក់​ប្រាប់​ទាក់ទង​នឹង​រយៈ​ពេលដែល​ព្រះអង្គ​ទាំង​ទ្វេរ​ត្រូវ​គង់នៅ​រាជធានី​ប៉េកាំង និង​ការយាង​ត្រឡប់មកវិញ​ពេលណា​នោះឡើយ​។ នា​អំឡុង​ព្រះរាជ​អវត្តមាន​ព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវ​ទទួលភារៈ​ជា​ប្រមុខរដ្ឋស្តីទី​៕


Tag:
 ព្រះមហាក្សត្រ​
  សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com