ជាតិ
ស្ថាបត្យករ​វ័យក្មេង​ជប៉ុន​ស្ងើច​ស្នាដៃ​បិតា​ស្ថាបត្យករ​ខ្មែរ​លោក វណ្ណ ម៉ូលីវណ្ណ​
06, Mar 2017 , 1:59 pm        
រូបភាព
​លោក Masaaki Iwamoto បង្ហាញស្នាដៃស្ថាបត្យកម្មលោក វណ្ណ ម៉ូលីវណ្ណ នៅសារមន្ទីរជាតិកម្ពុជា។ រូបថត រឿន ភារុន
​លោក Masaaki Iwamoto បង្ហាញស្នាដៃស្ថាបត្យកម្មលោក វណ្ណ ម៉ូលីវណ្ណ នៅសារមន្ទីរជាតិកម្ពុជា។ រូបថត រឿន ភារុន
ដោយ:
​ភ្នំពេញ​៖ ស្ថាបត្យករ​ជប៉ុន​លោក Masaaki Iwamoto បាន​ស្ងើច​ស្នាដៃ​ស្ថាបត្យកម្ម​របស់​បិតា​ស្ថាបត្យករ​ខ្មែរ​លោក វណ្ណ ម៉ូលីវណ្ណ ដែល​បាន​បង្ហាញរចនាប័ទ្ម​ស្ថាបត្យកម្មអត្ត​សញ្ញាណ​ខ្មែរលើសំណង់​អគារ​ធំៗ ក្នុង​ទស្សវត្សរ៍​ទី ៥០ និង​ទី​៦០​។ បន្ថែម​លើសពីនេះ សាស្ត្រាចារ្យ​រង និង​ជា​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ KYUSHU ជប៉ុន​វ័យ​ជាង ៣០​ឆ្នាំ​រូបនេះ បាន​ស្រាវជ្រាវ​ឃើញថា ស្ថាបត្យករ និង​វិស្វករ​ជប៉ុន​ជាង ២០​នាក់ ក៏បាន​ចូលរួមសង់​អគារ​ជាមួយ​លោក វណ្ណ ម៉ូលីវណ្ណ អំឡុង​សម័យ​សង្គមរាស្ត្រនិយម នៅ​កម្ពុជា​ផងដែរ​។



​លោក Masaaki Iwamoto បាន​វាយតម្លៃ​ស្នាដៃ​ស្ថាបត្យកម្ម​បិតា​ស្ថាបត្យករ​ខ្មែរ​ដោយ​ផ្អែក​តាម​ការស្រាវជ្រាវថា លោកជាស្ថាបត្យករ​ខ្មែរ​ដែលមានគំនិត​រចនាប័ទ្ម​ល្អ​ឯក នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​សម័យ​សង្គមរាស្ត្រនិយម​ក្រោម ការដឹកនាំ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។​



​ការសន្និដ្ឋាន​របស់​ស្ថាបត្យករ​វ័យ​កេ្ម​ង​ជប៉ុន​រូបនេះ គឺ​ផ្អែកលើ​ការស្រាវជ្រាវ​របស់លោក​ដោយផ្ទាល់​នៅតាម​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​នៅ​ជប៉ុន​ដែល​បាន​សហការ​ជាមួយ​ខ្មែរ​កាល​ជំនាន់​មុន និង​សម្ភាសន៍​ផ្ទាល់​ជាមួយ លោក វណ្ណ ម៉ូលីវណ្ណ នៅ​ខេត្តសៀមរាប កាល​ចុងឆ្នាំ​២០១៥ កន្លងមក​។ បុរស​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ និង​សាកលវិទ្យាល័យ​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ​២០១១​រូបនេះ បានចាត់ទុក​លោក ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​គំរូ​របស់លោក​ផង​។ លោក​បាន​និយាយ​យ៉ាង​ម៉ឺង​មាត់​ចាត់ទុក លោក ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ដ៏​ឆ្នើម​ដែល​ចេះ​គ្រប់គ្រង និង​សហការ​ការងារជាក្រុមជាមួយ​អ្នកជំនាញ​បរទេស​មកពី​ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និង​អាមេរិក ដើម្បីអនុវត្ត​គម្រោង​សាងសង់​អគារនានា ដូចជា ពហុ​កីឡដ្ឋាន​ជាតិ និង​សា​លស​ន្និ​ស​ទី ជាដើម កាលពី​ជំនាន់​មុន​។​



«​ខ្ញុំ​បានមក​ដល់​ភ្នំពេញ​ដំបូង​ក្នុង​ឆ្នាំ​២០១៥ ខ្ញុំ​បាន​ស្វែងយល់​ពី​រចនាប័ទ្ម​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ពេលនោះ​ខ្ញុំ​ពុំ​ស្គាល់ឈ្មោះ​លោក វណ្ណ ម៉ូលីវណ្ណ​នោះទេ​។ ដោយសារ​ខ្ញុំ​ចាប់អារម្មណ៍​នឹង​ស្នាដៃ​គាត់​កាលពី​សម័យ​នោះ ខ្ញុំ​ចាប់​ផ្តើមដំបូង​ស្រាវជ្រាវ​សរសេរ​សៀវភៅ​ពី​គាត់​។ ពីដំបូង ខ្ញុំ​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរក​មើលថា តើ​លោក វណ្ណ ម៉ូលីវណ្ណ ជា​នរណា​»? លោក​សាស្ត្រាចារ្យ​ស្ថាបត្យករ​វ័យ​កេ្ម​ង​ជប៉ុន រម្លឹក​រឿង​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពេល​លោក​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​សម័យថ្មី និង​ប្រទេស​ជប៉ុន ក្រោម​កិច្ចសហការ​ជាមួយ Japan Foundation Asia Center ​។​

បន្ថែមលើបទបង្ហាញអំពីស្នាដៃលោក ម៉ូលីវណ្ណ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក Iwamoto ដែលមាន​បទពិសោធន៍​ការងារ​ផ្នែក​ស្ថាបត្យកម្ម​នៅ​ប្រទេស​វៀតណាម​ប្រមាណ ៤​ឆ្នាំ រូបនេះ បាន​បន្ត​សរសើរ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​ទំនើបភាវូបនីយកម្ម​ខ្មែរ​របស់លោក ម៉ូលីវណ្ណ ទៀត។ លោកស្ងើចថា បិតាស្ថាបត្យកម្មខ្មែរ​ពិតជា​មានគំនិត​ច្នៃប្រឌិត​រចនាប័ទ្ម​ខ្មែរ​ថ្មី​ក្នុងសម័យ​កាលនោះមែន ទោះបីជា​លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង ក្នុង​តំបន់​អឺរ៉ុប​ក្តី​។​



«​នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ​។ ខ្ញុំ​គិតថា គាត់​ជា​បិតា​សាងសង់​កម្ពុជា ពីព្រោះ​សំណង់​របស់គាត់​មាន​រចនាប័ទ្ម​ថ្មី ខុសប្លែក ពី​រចនាប័ទ្ម​នៅ​អឺរ៉ុប​។ គាត់​ហាក់​យក​គំរូ​តាម​រចនាប័ទ្ម​ប្រាសាទ​អង្គ​វត្ត​ខ្មែរ​សុទ្ធសាធ​»​។ លោក Iwamoto កំពុង​វិភាគ​ពី​ស្នាដៃ​រចនាប័ទ្ម​របស់​បិតា​ស្ថាបត្យករ​ខ្មែរ ក្នុង​ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ និង​ជប៉ុន​ជា​សាធារណៈ រយៈពេល ១៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់ទី​១៦ ខែមីនា​នេះ ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​។​

​បុរស​ជប៉ុន​សម្បុរ​ស​ស្តើង​ដែល​កំពុង​ស្រាវជ្រាវ​បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​ចុងឆ្នាំ​២០១៧​នេះ មាន​មោទកភាព​នៅពេល​លោក​បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ជួប​សម្ភាសន៍​លោក វណ្ណ ម៉ូលីវណ្ណ ដែលជា​ម្ចាស់​រចនាប័ទ្ម​និង​អ្នកដឹកនាំ​សហការ​ជាមួយ​អ្នកជំនាញការ​របស់​ជ​ប៉ុន ក្នុងសម័យ​កាល​មុន​ដោយផ្ទាល់​។ លោក​បាន​រកឃើញ​ដូច្នេះ​ថា​៖«​បិតា​ស្ថាបត្យករ​ខ្មែរ និង​ជប៉ុន​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការសហប្រជាជាតិ (UN) ចំនួន ៣​នាក់ បាន​ចូលរួម​គម្រោង​សំណង់​ទាំង​នេះដែរ ក្នុង​ទីក្រុង​ភ្នំពេញ និង​អ្នកជំនាញ​ការប្រមាណ ៦​នាក់​ទៀត បាន​ចូលរួម​គម្រោង​សង់​អគារ​កសិកម្ម​មួយ​ក្នុង​ខេត្តកំពង់ចាម ហើយ​ស្ថាបត្យករ​ជប៉ុន​ជាង ២០ គ្រប់គ្រង​គម្រោង​សហប្រតិបត្តិការ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​»​។​



​លោក Iwamoto បាន​ស្រាវជ្រាវ​ស្នាដៃ​ស្ថាបត្យកម្ម​លោក ម៉ូលីវណ្ណ ជាច្រើន រួមមាន អគារ​មហោស្រព សាល​សី​ទ្ន​ចតុមុខ សាលសន្និសីទ​ព្រះ​សុរាម្រិត ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក អគា​លំនៅដ្ឋាន គម្រោង​រដ្ឋសភា​កម្ពុជា និង​ជប៉ុន ផែនការមេ​ទីក្រុង​ព្រះសីហនុ​និង​សាលារៀន​នានា​ដែលមាន​រចនាប័ទ្ម​ខ្មែរ​ថ្មី​ជាដើម​។ លោក​សង្ឃឹមថា ស្នាដៃ​របស់​បិតា​ស្ថាបត្យករ​ខ្មែរ នឹង​នៅ​ឋិតថេរ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​កូន ខ្មែរ​ដែល​ស្ថាបត្យករ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ​បន្ត​។ បន្ថែម​លើសពីនេះ លោក​បាន​ចាត់ទុកថា ស្នាដៃ​ទាំងនេះ ជា​ចំណង​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន​ផងដែរ សម្រាប់​ឲ្យ​អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង​ប្រទេស ជប៉ុន និង​អន្តរជាតិ​បាន​សិក្សា​រៀនសូត្រ​ពី​រចនាប័ទ្ម​សំណង់​ខ្មែរ​ឲ្យ​កាន់តែច្បាស់​។​



«​បើ​យើង​រក្សា​ស្នាដៃ​ទាំងនេះ ដូចជា ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បច្ចុប្បន្ន​ជាដើម វា​នឹង​អាច​ក្លាយ​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក មានតម្លៃ​ជា​សាកល ក្នុង​រយៈពេល​ពី ១០ ទៅ​២០​ឆ្នាំ ខាងមុខ​ទៀត​។ ខ្ញុំ​ជឿជាក់ថា វា​អាច​ក្លាយ​ចំណងមិត្តភាព​ជា​សាកល​សម្រាប់​មនុស្សជាតិ​»​។ លោក Masaaki Iwamoto ចង់​អភិរក្ស ស្នាដៃ​របស់លោក វណ្ណ ម៉ូលីវណ្ណ​រួច លោក​សង្ឃឹម​បន្ថែមថា លោក​នឹង​មានឱកាស​បង្ហាញ​ស្នាដៃ​របស់លោក​នៅ​កម្ពុជា ដូច​លោក វណ្ណ ម៉ូលីវណ្ណ ផងដែរ នាពេលខាងមុខ​។​

​គួរ​បញ្ជាក់ថា បិតា​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត បើ​គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ លោក​មាន​អាយុ ៩១​ឆ្នាំ​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១ ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​។ នៅ​ចុងឆ្នាំ​២០១៤ លោក វណ្ណ ម៉ូលីវណ្ណ បានសម្រេច​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​រស់នៅ​ក្រុង​សៀមរាប ក្នុង​ជីវិតចុងក្រោយ​របស់លោក​៕










Tag:
 Masaaki Iwamoto
  វណ្ណ ម៉ូលីវណ្ណ​
  ជប៉ុន​
  ស្ថាបត្យកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com