ជាតិ
«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»៖ គជប មិនទាន់​អាចមាន​ចំណាត់ការ​លើ​ពាក្យស្លោក​CNRP ឡើយ​
10, Mar 2017 , 12:03 pm         4232
រូបភាព
លោក មាន សទិ អង្គុយនៅកណ្ដាល
លោក មាន សទិ អង្គុយនៅកណ្ដាល
​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អះអាងថា ខ្លួន​មិនទាន់​អាចមាន​ចំណាត់ការ​ណាមួយ ចំពោះ​ពាក្យស្លោក​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» នេះ​បានឡើយ ដោយ​រងចាំ​មើល​ការពិនិត្យ​តាមដាន សកម្មភាព​ឃោសនាបោះឆ្នោត​នាពេលខាងមុខ​នេះ​សិន​។ ការលើកឡើង​របស់​គ​.​ជ​.​ប បែបនេះ ស្រប​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ​ដំណើរការ​នីតិវិធី​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ពាក្យស្លោក​នេះ​។​

​សមាជិក​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក មាន ស​ទិ បាន​បញ្ជាក់ថា គ​.​ជ​.​ប មិនទាន់​អាច​យក​ពេល​គិតគូ និង​ដោះស្រាយ​ទៅលើ​បញ្ហា​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះឡើយ ។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា គ​.​ជ​.​ប ទុក​បញ្ហា​ចម្រូងចម្រាស​នៃ​ពាក្យស្លោក​នេះ​ចោល​ដែរ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១០ មីនា​នេះ លោក មាន ស​ទិ បាន​និយាយថា «​ទាល់តែ​ដល់​ដំណាក់កាល​នៃ​កា​រ​ឃោសនាបោះឆ្នោត​រយៈពេល​១៤​ថ្ងៃ ទើប​គ​.​ជ​.​ប គិតពិចារណា​លើ​ពាក្យស្លោក​នេះ ថា​ត្រូវ​ឬក៏​ខុស ឬក៏​ប៉ះពាល់​យ៉ាងម៉េច ដែល​ត្រូវ​ដោះស្រាយ​»​។​

​ទាក់ទង​នឹង​បញ្ហា​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​សប្បាយចិត្ត​ឡើយ​។

គណបក្សកាន់អំណាច កំពុងតែ​ដំណើរការ​នីតិវិធី ដើម្បី​ប្តឹង​បក្សប្រឆាំង ដែល​នៅតែ​បន្ត​ប្រើ​ពាក្យស្លោក «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ គណបក្សកាន់អំណាច ចាត់ទុក​ពាក្យស្លោក​នេះ​ថា ជាការ​ញុះញង់​។ ប៉ុន្តែ​គណបក្សប្រឆាំង ហាក់​មិន​អើពើ​នឹង​ការព្រមាន​ប្តឹង​របស់​បក្ស​កាន់អំណាច​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​រក្សាទុក​ពាក្យស្លោក​ខាងលើ​ដដែល​៕

Tag:
 គជប​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next