ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
កូនអ្នកក្រ ដើរតាមកូនអ្នកមាន សល់ត្រឹមសោកស្តាយ
× មានយុវជនខ្លះនៃក្រុមគ្រួសារក្រីក្រ ឬគ្រួសារមិនសូវមានទ្រព្យសម្បត្តិ ចូលចិត្តសេពគប់មិត្តភក្តិដែលជាកូនអ្នកមានទ្រព្យសម្បត្តិ។ ពួកគេគ្រាន់តែមិនហ៊ានទទួលស្គាល់អំពីភាពក្រីក្ររបស់ខ្លួន ប៉ុន្តែការប្រព្រឹត្តតាមកូនអ្នកមាន ឬការដើរចូលក្នុងក្រុមកូនអ្នកមាន មិនបានធ្វើឲ្យពួកគេចំណេញអ្វីសោះឡើយ។ ខាតពេលវេលា ចំណាយលុយកាក់ច្រើនតែលើសម្ភារមិនបានរៀនសូត្រ ហើយចុងក្រោយ ពួកគេមិនមានមុខរបរត្រឹមត្រូវឡើយ។ ចំណែកឯកូនអ្នកមាន ពួកគេនៅតែមានអាជីព និងមុខរបរដែលផ្គត់ផ្គង់ដោយឪពុកម្តាយពួកគេ។
លោក ចាន់ សុធា ទើបតែអាយុ៣២ឆ្នាំ បានក្លាយខ្លួនទៅជាអ្នករត់ម៉ូតូឌុប ដើម្បីរកលុយចិញ្ចឹមប្រពន្ធ និងកូន២នាក់ក្នុងបន្ទុក។ សុធា បានទទួលស្គាល់ថា ស្ថានភាពជីវិតដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការសេពគប់មិត្តភក្តិជាកូនអ្នកមាន កាលពីពេលដែលរូបគេនៅរៀនថ្នាក់វិទ្យាល័យ នៅចុងទស្សវត្ស១៩៩០ ។ កាលណោះ កុមារាសុធា មិនបានខ្វាយខ្វល់នឹងការសិក្សាឡើយ។ ដើរលេង ធ្វើខ្លួនដូចកូនអ្នកមាន ទិញសម្លៀកបំពាក់តែងខ្លួនដូចកូនអ្នកមាន គឺជាអ្វីដែលរូបគេបានព្យាយាមធ្វើ ទោះបីជាខ្លួនមកពីត្រកូលគ្រួសារអ្នកក្រីក្រក៏ដោយ។ ទីបំផុត សុធា ដែលមិនសូវបានចូលរៀន បានបោះបង់ការសិក្សានៅថ្នាក់ទី១០ ។ អង្គុយនៅលើម៉ូតូចាំភ្ញៀវនៅជិតផ្សារសិនជូរី ក្បែរព្រលានយន្តហោះ សុធា បានរម្លឹកប្រវត្តិរបស់ខ្លួនយ៉ាងដូច្នេះថា៖កាលខ្ញុំនៅរៀន ខ្ញុំមិនបានគិតអ្វីច្រើននោះទេ។ ខ្ញុំដឹងតែពីដើរលេងសប្បាយជាមួយកូនអ្នកមាន។ ខ្ញុំតែពីរឿងតែងខ្លួនហ៊ឺហា តាមពួកគេ។ ខ្ញុំខ្លាចគេដឹងថាខ្ញុំក្រ។ ខ្ញុំខ្មាសពួកគេ»។
ដោយសារតែខ្លាចខ្មាសមិត្តភក្តិជាកូនអ្នកមាន សុធា បានដើរលេងដូចកូនអ្នកមានរហូតដល់បោះបង់សាលារៀន។ ប៉ុន្តែ១០ឆ្នាំក្រោយមក សុធា រឹតតែខ្មាសមិត្តភក្តិលើសដើម។ មិត្តភក្តិជាកូនអ្នកមាន នៅតែជាអ្នកមានទ្រព្យសម្បត្តិដដែល។ នោះគឺដោយសារតែពួកគេមានការទំនុកបម្រុងពីឪពុកម្តាយរបស់ពួកគេ។ «នៅពេលនេះបានខ្ញុំដឹងថា វាពិបាកមែនទែន។ ខ្ញុំគ្មានចំណេះដឹង។ ចង់ប្រកបរបរអ្វីក៏មិនកើត»។ នេះជាការអះអាងទាំងសោកស្តាយរបស់សុធា។
មិនខុសពីសុធាឡើយ ម៉ៅ សុខា ក៏បានឆ្លងកាត់ពិសោធន៍ដូចគ្នាដែរ។ កាលពីនៅរៀនវិទ្យាល័យ សុខា មានម្តាយជាអ្នកលក់ចេកចៀន ដើម្បីបានប្រាក់ផ្តត់ផ្គង់ការសិក្សារបស់កូនៗ ។ ប៉ុន្តែសុខា បានសេពគប់មិត្តភក្តិកូនអ្នកមាន ដែលដើរលេងច្រើន។ នៅពេលនេះ សុខា ដែលកំពុងអង្គុយប្រកបរបរប៉ះកង់ម៉ូតូ ទើបស្តាយក្រោយ ដោយសារមិនបានសិក្សា។ សម្រាប់ សុខា ការសិក្សាពិតមានសារៈប្រយោជន៍សម្រាប់ការចិញ្ចឹមជិវិតនៃមនុស្សគ្រប់រូប។ សុខា បាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖«តាមពិត យើងដើរលេងជាមួយកូនអ្នកមានក៏ដោយ ជាមួយកូនអ្នកក្រដូចគ្នាក៏ដោយ គឺមិនចំណេញឡើយ។ យើងត្រូវសិក្សា»។ ប៉ុន្តែនៅពេលដែលសុខាយល់ពីសារៈប្រយោជន៍នៃការសិក្សា វាបានហួសពេលទៅហើយ។ សុខា បានក្លាយជាអ្នកប៉ះកង់ម៉ូតូបាត់ទៅហើយ ហើយសុខាបានត្រឹមតែ ប្តេជ្ញាអប់រំកូនមិនអោយដើរតាមគន្លងរបស់ខ្លួនទៀតឡើយ។
ទិដ្ឋភាពកូនអ្នកក្រសេពគប់ និងប្រព្រឹត្តតាមកូនអ្នកមាននោះ មិនមែនមានតែម្តងនោះទេ។ សម័យណាក៏មាន។ រហូតដល់បច្ចុប្បន្ននេះ ក៏មានដែរ។ យុវសិស្ស មាឌល្អិត ជិន រត្នធី ដែលសិក្សានៅថ្នាក់ទី១១នៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុក បាននិយាយថា រូបគេមានមិត្តភក្តិច្រើនដែលជាកូនអ្នកមានទ្រព្យសម្បត្តិ។ មានឪពុកជាអ្នករត់ម៉ូតូឌុប និងមានម្តាយដែលមិនប្រកបរបរអ្វីសោះនោះ រត្នធី និយាយយ៉ាងក្លាហានថា រូបគេតែងតែរៀបចំខ្លួនឲ្យបានស្អាតសមរម្យដូចជាកូនអ្នកមាន ដើម្បីកុំឲ្យខ្លួនឯងអន់ជាងគេ។ យុវជនទាបល្អិតរូបនេះពន្យល់ដូច្នេះថា៖«ពេលខ្ញុំដើរលេងជាមួយកូនអ្នកមាន ខ្ញុំត្រូវធ្វើខ្លួនឲ្យឡូយឆាយ ដូចគេដែរ។ ខ្ញុំខ្លាចគេថាអន់»។
ចំពោះ ធិន សុភាព វិញ ការដែលនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរូបនេះ សុខចិត្តសេពគប់ និងដើរជាក្រុមជាមួយមិត្តភក្តិជាកូនអ្នកមាន នោះគឺដោយសារតែ គេចង់ឆ្លៀតយកឱកាសនេះ ដើម្បីបានស្គាល់កន្លែងកម្សាន្តទំនើបៗ និងសប្បាយៗ ។ សុភាព និយាយសារភាពយ៉ាងដូច្នេះថា៖«ធម្មតាយើងអត់សូវមានលុយច្រើន ពេលដែលស្គាល់ពួកគេ(កូនអ្នកមាន) ហើយទៅណាជាមួយគេ គឺគេមិនសូវឲ្យខ្ញុំចំណាយច្រើនទេ។ ណាមួយគេក៏បាននាំខ្ញុំទៅដើរលេងកន្លែងឡូយទំនើបៗ ដែលខ្ញុំមិនដែលបានទៅលេងទៀត អ៊ីចឹងទាន់មានពេលដើរលេង គឺដើរលេងឲ្យហើយទាន់ខ្លួននៅក្មេង»។
យុវជន ឌី វណ្ណាដេត បានធ្វើដូចសុភាពដែរ ហើយក៏បានទទួលស្គាល់ថា ការរៀនសូត្ររបស់គេបានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ដោយសារតែនិស្សិតម្នាក់នេះ មិនសូវចូលរៀន។ វណ្ណាដេត ទំនងជានៅមិនទាន់ដឹងបច្ច័យចុងក្រោយថា រូបគេអាចនឹងមានលទ្ធផលដូច សុធា ជាអ្នករត់ម៉ូតូឌុប និងសុខា ជាអ្នកប៉ះកង់ម៉ូតូ ដែលបានពោលពាក្យសោកស្តាយនៅឡើយទេ។ ដំរីជុះ កុំជុះតាមដំរី៕
© រក្សាសិទ្ធិដោយ thmeythmey.com