អន្តរជាតិ
តួ​ក​គី និង​ហូ​ឡង់​ផ្ទុះ​ជម្លោះ​ការទូត​ព្រោះ​ប្រជាមតិ​បង្កើន​អំណាច​ប្រធានាធិបតី Erdogan
13, Mar 2017 , 11:36 am        
រូបភាព
​យុទ្ធនាការ​ក្រៅប្រទេស​របស់​រដ្ឋាភិបាល​តួ​ក​គី ដើម្បី​ស្វែងរក​ការគាំទ្រ​ប្រជាមតិ​នៅ​ខែមេសា ដែលមាន​គោលដៅ​ពង្រឹង​អំណាច​ប្រធានាធិបតី Tayyip Erdogan កំពុង​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​។ មន្ត្រីជាន់ខ្ពស់​តួ​ក​គី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុងការ​ជួបជុំ​ប្រជាជន​តួ​ក​គី​នៅ​ប្រទេស​អឺរ៉ុប​ដូចជា​នៅ​អាល្លឺម៉ង់​ជាដើម​។ ចុងក្រោយ​នេះ​ហូ​ឡង់​ក៏​ហាម​មន្ត្រី​តួ​ក​គី​ទៀត​។ រដ្ឋាភិបាល​តួ​ក​គី ខឹងក្រេវក្រោធ​ចំពោះ​ទង្វើ​របស់​ហូ​ឡង់​ និង​បាន​វាយប្រហារ​ពាក្យសម្ដី​ធ្ងន់ៗ​ទៀតផង​។​



​បណ្ដា​ថ្នាក់់ដឹកនាំ​ជាន់ខ្ពស់​តួ​ក​គី បាន​បន្ត​វាយប្រហារ​រដ្ឋ​សមាជិក​អឺរ៉ុប ហូ​ឡង់ ដែល​ហាម​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ពី​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​តួ​ក​គី​ជុំវិញ​ប្រជាមតិ​ខែក្រោយ​នេះ​។ ទាំង​ប្រធានាធិបតី​លោក Tayyip Erdogan ទាំង​រដ្ឋមន្ត្រីការបរទេស​លោក Mevlut Cavusoglu ដែលជា​អ្នក​ត្រូវ​ហូ​ឡង់​ហាមឃាត់​ដែរនោះ បាន​ចោទប្រកាន់​ហូ​ឡង់​ថា​ជាទី​ក្រុង​នៃ​ពួក​ហ្វា​ស៊ី​ស​និយម និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ទៀត​ផង​។​

​កាលពី​ថ្ងៃទី​១១ ខែមីនា យន្តហោះ​ដឹក​លោក Cavusoglu មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចុះចត​នៅ​ទីក្រុង Rotterdam ឡើយ​។ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​រូបនេះ មាន​គម្រោង​ចូលរួម​ក្នុងការ​ជួបជុំ​របស់​ប្រជាជន​តួ​ក​គី​ក្នុង​ទីក្រុង​នេះ ដើម្បី​ស្វែងរក​ការគាំទ្រ​ជុំវិញ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​ដែល​ប្រែក្លាយ​តួ​ក​គី​ទៅជា​របប​ប្រធានាធិបតីនិយម និង​ផ្ដល់​អំណាច​កាន់​ច្រើន​ដល់​លោក Erdogan ។ ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​តួ​ក​គី​ម្នាក់ទៀត ក៏​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូល​កុងស៊ុល​តួ​ក​គី និង​ត្រូវបញ្ជូន​ទៅកាន់​ព្រំដែន​អាល្លឺម៉ង់​។​

​សព្វថ្ងៃនេះ លោក Erdogan មិនមាន​អំណាច​អ្វី​ឡើយ ខណៈដែល​អំណាច​ស្ថិតក្នុង​កណ្ដាប់ដៃ​នាយករដ្ឋមន្ត្រី Yildirim Binali ឯណោះ​។ បក្ស​កាន់អំណាច​របស់លោក Erdogan ជា​អ្នក​ផ្ដួចផ្ដើម​វិសោធន​កម្មនេះ ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តួ​ក​គី ឲ្យ​ដូចជា​របប​នយោបាយ​ដូច​នៅ​អាមេរិក​ដូច្នោះ​ដែរ​។ លោក Erdogan បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ជនអន្តោប្រវេសន៍​តួ​ក​គី​ក្រៅប្រទេស ដើម្បី​ទាក់ទាញ​ការគាំទ្រ​ឲ្យ​បាន​ច្រើន​។

​ថ្លែង​ពី​ទីក្រុង Metz របស់​បារាំង​នៅ​ថ្ងៃទី​១២ ខែមីនា លោក Cavusoglu បាន​រិះគន់​រដ្ឋាភិបាល​ហូ​ឡង់ ដែល​ហាមឃាត់​រូបលោក និង​បាន​ប្រដូច​ទង្វើ​របស់​ហូ​ឡង់​ទៅនឹង​ទង្វើ​របស់​ហ្វា​ស៊ី​ស​ទៀតផង​។ ប៉ូលិស​ហូ​ឡង់ បាន​ប្រើ​កាណុង​បាញ់​ទឹក​បំបែកហ្វូង​បាតុករ​តួ​ក​គី ដែល​ប្រមូលផ្ដុំ​តវ៉ា​នៅក្រៅ​កុងស៊ុល​តួ​ក​គី​ក្នុង​ទីក្រុង Rotterdam ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​របស់​តួ​ក​គី​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហូ​ឡង់​។​

​ថ្ងៃ​ដដែល​នោះ ប្រធានាធិបតី​តួ​ក​គី Erdogan ក៏បាន​ហៅ​ហូ​ឡង់​ជាទី​ក្រុង​ហ្វា​ស៊ី​ស​និយម និង​ណា​ហ្ស៊ី​និយម​ទៀតផង ព្រោះ​មានតែ​ក្រុម​នេះ​ប៉ុណ្ណោះ​ដែល​ហ៊ាន​ហាមឃាត់​រដ្ឋមន្ត្រីការបរទេស​ប្រទេសមួយ​ចូល​ទឹកដី​ខ្លួន​។ លើសពីនោះ លោក​ថែមទាំង​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​នៅ​អឺរ៉ុប និង​កន្លែង​ដទៃទៀត ជួយ​ដាក់ទណ្ឌកម្ម​លើ​ហូ​ឡង់​ផងដែរ​។ លោក Erdogan ក៏​និយាយ​ទាំង​កំហឹង​ថា ហូ​ឡង់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​

​ជាការ​ឆ្លើយតប នាយករដ្ឋមន្ត្រី​ហូ​ឡង់ Mark Rutte បាន​ហៅ​សម្ដី​របស់លោក Erdogan ជា​រឿង​អុជអាល​។ នាយករដ្ឋមន្ត្រី Rutte ក៏​បញ្ជាក់​ជំហរ​មិន​សុំទោស​តួ​ក​គី​រឿង​ហាមឃាត់​រដ្ឋមន្ត្រី​នោះ តែ​ក៏បាន​ប្រាប់​ឲ្យ​តួ​ក​គី​សុំទោស​ខ្លួន​វិញ ចំពោះ​ការប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទាំងនោះ​។ លោក Rutte ចាត់ទុក​សម្ដី​របស់​ប្រធានាធិបតី​តួ​ក​គី ជា​រឿង​មិនអាច​ទទួលយកបាន និង​មិន​ធ្លាប់មាន​ក្នុងចំណោម​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ដូចគ្នា​៕      


Tag:
 តួ​ក​គី​
  ហូ​ឡង់​
  Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com