អន្តរជាតិ
វៀតណាម ទាមទារ​ឲ្យ​ចិន​ឈប់​បញ្ជូន​នាវា​ចូល​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
13, Mar 2017 , 3:06 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh (រូបថត Talk Vietnam)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh (រូបថត Talk Vietnam)
​វៀតណាម បានទាមទារ​ឲ្យ​ចិន​បញ្ឈប់​បញ្ជូន​នាវា​កំសាន្ត​របស់ខ្លួន​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​ប្រទាញប្រទង់​មិនទាន់​ដាច់ស្រេច​នៅឡើយ​។ ចិន តែង​បញ្ជូន​នាវា​របស់ខ្លួន​ទៅកាន់​តំបន់​កោះ Paracel ដែល​ទាមទារ​ដោយ​វៀតណាម និង​ហ្វីលីពីន ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​របស់ខ្លួន​លើ​តំបន់​ផ្លូវ​សមុទ្រ​ដ៏​មមាញឹក​នេះ បើទោះជា​ប្រទេស​ទាមទារ​ដទៃ ប្រាប់​ចិន​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ក៏ដោយ​។​



​រដ្ឋាភិបាល​ក្រុង​ហាណូយ បង្ហាញ​ជំហរ​ជំទាស់​ដាច់ខាត​ជុំវិញ​សកម្មភាព​របស់​ចិន ដែល​បញ្ជូន​នាវា​ទៅកាន់​ប្រជុំ​កោះមាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ កាលពីដើម​ខែមីនា នាវា​កំសាន្ត​មួយគ្រឿង​របស់​ចិន ផ្ទុក​មនុស្ស​ច្រើនជាង​៣០០​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ប្រជុំ​កោះ Paracel ដែលជា​ទាំង​ចិន វៀតណាម ហ្វីលីពីន និង​ប្រទេស​មួយចំនួនទៀត ទាមទារ​ជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Hai Binh បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន Reuters ថា វៀតណាម​ប្រឆាំង​ដាច់ខាត​សកម្មភាព​របស់​ចិន និង​ទាមទារ​ឲ្យ​ចិន គោរព​អធិបតេយ្យ​របស់ខ្លួន​នៅ​ប្រជុំ​កោះ Paracel ក៏ដូចជា​ច្បាប់​អន្តរជាតិ​ជាដើម​។ ក្រុង​ហាណូយ ក៏​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​បែបនេះ​ជាបន្ទាន់ និង​មិន​ត្រូវធ្វើ​សកម្មភាព​បែបនេះ​ទៀតឡើយ ព្រោះ​វា​បំពាន​ទឹកដី​វៀតណាម​។

​ក្រុង​ប៉េកាំង ទាមទារ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ ខណៈ​ប្រទេស​ខ្លះទៀត​ដូចជា​វៀតណាម​, ម៉ាឡេស៊ី​, ហ្វីលីពីន​, ព្រុយ​ណេ និង​កោះ​តៃវ៉ាន់​ជាដើម ក៏​ទាមទារ​តំបន់​គ្រប់គ្រង​ដូចគ្នា ខុសគ្នា​តែ​ទំហំ និង​ទីតាំង​ប៉ុណ្ណោះ​។ ប្រទេស​ទាំងនោះ បាន​បង្កើត​វត្តមាន​ជន​ស៊ីវិល​តាម​បណ្ដា​កោះ​នានា ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ក្នុងនាម​ជា​មហាអំណាច ចិន​បាន​បញ្ជូន​នាវា​កំសាន្ត​ជាច្រើនលើក​ទៅកាន់​ប្រជុំ​កោះ Paracel មាន​ជម្លោះ​នេះ​។​

​លើសពីនេះ ចិន​ក៏បាន​បន្ថែម​ល្បឿន​កសាង​កោះ​សិប្បនិម្មិត​ជាច្រើន​ក្នុង​តំបន់​នេះ និង​បាន​សាងសង់​មូលដ្ឋាន​យោធា ក៏ដូចជា​ពង្រាយ​សព្វាវុធ​ជាច្រើន​ទៀតផង​។ សកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​តំបន់​មាន​ជម្លោះ​នេះ បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទាំង​ប្រទេស​ក្នុង​តំបន់ និង​មហាអំណាច​ខាងក្រៅ​។ អាមេរិក ជប៉ុន និង​អូស្ត្រាលី តែង​ចេញមុខ​ប្រាប់​ចិន​ឲ្យ​បញ្ឈប់​សកម្មភាព​យោធា​ក្នុង​តំបន់​នេះ ព្រោះ​អាចឈាន​ដល់​ការបង្ក​ជម្លោះ​មិន​ខាន​។​

​យ៉ាងណាមិញ ដូច​សព្វមួយដង ក្រុង​ប៉េកាំង តែងតែ​អះអាងថា ចិន មិនមាន​ជម្លោះ​អធិបតេយ្យ​លើ​តំបន់​ដែល​ចិន កំពុងតែ​ធ្វើ​សកម្មភាព​នានា ដែល​រួមទាំង​ការដំឡើង​សម្ភារ​យោធា​ផងដែរ​នោះ​។ ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ប្រទេស​ខាងក្រៅ​តំបន់​ដែល​មិន​ពាក់ព័ន្ធ​ជម្លោះ ឲ្យ​គោរព​ការប្រឹងប្រែង​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ក្នុង​តំបន់ ជាពិសេស​នោះ អាស៊ាន និង​ចិន​៕


Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com