អន្តរជាតិ
Duterte៖ បើ​កូន​ខ្ញុំ​ពុករលួយ ខ្ញុំ​លាលែង​ពី​តំណែង​ភ្លាម​
13, Mar 2017 , 8:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងកូនស្រីប្រុសរបស់លោក (រូបភាពពីវិមានប្រធានាធិបតី Malacanag)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងកូនស្រីប្រុសរបស់លោក (រូបភាពពីវិមានប្រធានាធិបតី Malacanag)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានប្រកាស​នៅ​ថ្ងៃទី​១២ ខែមីនា ថា លោក​នឹង​ចុះ​ចេញពី​តំណែង​ប្រធានាធិបតី​ភ្លាមៗ បើ​កូនៗ​របស់លោក​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ លោក Duterte ដែលមាន​គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ និយាយថា ការលាលែង​តំណែង​នេះ មិនមែនជា​បញ្ហា​ឡើយ បើ​ពិតជា​ករណី​ពុករលួយ​កើតឡើង​មែន​នោះ​។ ម្យ៉ាងទៀត​នោះ លោក​ក៏បាន​បណ្ដេញ​មន្ត្រី​ជាច្រើន​នាក់​ដោយសារ​រឿង​ពុករលួយ​ផងដែរ​។​



​ចុងក្រោយ​នេះ ប្រធានាធិបតី Rodrigo Duterte និង​ក្រុមគ្រួសារ រង​ការចោទប្រកាន់​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​ម្នាក់ ដែល​អះអាងថា​ក្រុមគ្រួសារ​របស់លោក មាន​លុយ​ច្រើន​ពាន់​ពឺ​សូ​នៅក្នុង​ធនាគារ​។ ប៉ុន្តែ​លោក​ក៏បាន​ទាត់ចោល​ការចោទប្រកាន់​នេះ និង​បានប្រកាសថា បើ​មាន​ភស្តុតាង​បង្ហាញ​កំហុស​របស់លោក និង​ក្រុមគ្រួសារ​ជាប់​ពាក់ព័ន្ធ​ពុករលួយ​មែន​នោះ លោក​នឹង​លាលែង​ពី​តំណែង​ភ្លាម​។​

​លោក Duterte មានកូន​ប្រុស​ស្រី​៤​នាក់ ក្នុងនោះ​២​នាក់​ចូលប្រឡូក​ក្នុង​នយោបាយ​។ កូនស្រី Sara Duterte-Carpio កំពុងកាន់​តំណែង​ជា​អភិបាលក្រុង Davao ហើយ​កូនប្រុស​លោក Paolo Duterte ជា​អភិបាលរង​ទីក្រុង​នេះ​។ អ្វី​ជាការ​កត់សម្គាល់​នោះ លោក Duterte ផ្ទាល់​ក៏​ធ្លាប់ជា​អភិបាលក្រុង​នេះ​អស់​ពេល​ជាង​២០​ឆ្នាំ មុនពេល​លោក​ចូល​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី រហូត​ឈ្នះឆ្នោត​ក្នុង​ឆ្នាំ​២០១៦ ។

​ក្នុង​ពិធីជប់លាង​របស់​បក្ស PDP-Laban ដែលជា​បក្ស​របស់លោក​នៅ​ថ្ងៃទី​១២ ខែមីនា ប្រធានាធិបតី Duterte ប្រកាសថា​៖ «​ប្រសិនបើ​កូន​ខ្ញុំ​ណា​ម្នាក់ ជាប់ទាក់ទង​ករណី​ពុករលួយ​ដូចជា​ការ​លួច​លុយ​រដ្ឋ​ជាដើម ខ្ញុំ​នឹង​លាលែង​ពី​តំណែង​។ វា​មិនមែនជា​បញ្ហា​សម្រាប់​ខ្ញុំ​ឡើយ​»​។ បើតាម​សារព័ត៌មាន Rappler លោក​ក៏​នឹង​ចុះ​ចេញពី​តំណែង បើ​សមាជិក​ព្រឹទ្ធសភា Antonio Trillanes IV បង្ហាញ​ភស្តុតាង​បញ្ជាក់ថា លោក និង​គ្រួសារ មាន​លុយ​ច្រើនសន្ធឹក​សន្ធាប់​។​

​អំឡុង​ខែកុម្ភៈ លោក Trillanes ដែលជា​អ្នក​រិះគន់​លោក Duterte យ៉ាង​ចាស់ដៃ អះអាងថា លោក​ប្រធានាធិបតី និង​ក្រុមគ្រួសារ​មាន​លុយ​២.៤​ពាន់​លាន​ពឺ​សូ ក្នុង​គណនី​ធនាគារ​។ ក្រោយ​ការចោទប្រកាន់​នេះ លោក Duterte ក៏​បានមក​ស្រាយ​រួច​ម្ដង​ទៅហើយ តែ​ពេលនេះ​លោក​ក៏បាន​បញ្ជាក់​ម្ដង​ទៀតថា បើ​លោក​មាន​លុយ​ច្រើន​មែន​នោះ លោក​ត្រឡប់ទៅផ្ទះ​ក្នុង​ទីក្រុង Davao វិញ ហើយ​ដើរលេង​រាល់ថ្ងៃ​ប្រសើរ​ជាង​។​

​តាមពិតទៅ នរណា​ក៏​ដឹង​ដែរ​ថា លោក Duterte ជា​ប្រធានាធិបតី​មាន​គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ​។ តាំងពី​ឡើង​ធ្វើ​ប្រធានាធិបតី​មក​នោះ លោក​បាន​បណ្ដេញ​មន្ត្រី​ជាច្រើន​នាក់​ពី​តំណែង​ដោយសារ​រឿង​ពុករលួយ​នេះ ហើយ​ថ្មីៗ​នេះ​ទៀត លោក​ក៏​ទើប​បណ្ដេញ​មន្ត្រី​ថ្នាក់​ជាន់ខ្ពស់​ម្នាក់​ក៏​ព្រោះតែ​ករណី​ពុករលួយ​នេះដែរ​។ កាលពី​ដើមខែ​នេះ លោក​ក៏​ព្រមាន​ទុក​មុន​ដែរ​ថា មន្ត្រី​រដ្ឋ​ដែល​ទើប​តែងតាំង​ថ្មីៗ អាច​ប្រឈមមុខ​ការបណ្ដេញ​ចេញពី​តួនាទី​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com