អន្តរជាតិ
ចៅទួត​អតីត​ស្តេច​ភូមា​៖ ថៃ​គោរព​មហាក្សត្រ​ខ្លួន តែ​ផលិត​កុន​មើលងាយ​ស្តេច​ប្រទេស​ដទៃ​
13, Mar 2017 , 8:59 pm        
រូបភាព
​សមាជិក​រាជវង្ស​នៃ​មហាក្សត្រ​ចុងក្រោយ​របស់​ភូមា បាន​រិះគន់​ភាពយន្ត​ភាគ​របស់​ថៃ «A Lady's Flame» ដែល​ផលិត​តាម​ដំណើររឿង​ទំនាស់​ក្នុង​រាជវាំង​ភូមា កាលពី​សម័យមុន និង​បាន​ចោទប្រកាន់​ថៃ​ថា​កំពុង​អនុវត្ត​ស្តង់ដា​ពីរ​ជាន់ ព្រោះ​គោរព​មហាក្សត្រ​របស់ខ្លួន តែ​មិនសូវ​ឲ្យ​តម្លៃ និង​ការគោរព​រាជានិយម​ប្រទេស​ដទៃ​ទៅវិញ​។​



​លោក Soe Win ចៅប្រុស​ទួត​របស់​មហាក្សត្រ​ចុងក្រោយ​ភូមា Thibaw បាន​និយាយថា គ្រួសារ​របស់លោក ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ខ្សែភាពយន្ត​ថៃ​មាន​ចំណងជើង​ថា A Lady's Flame ដែល​យក​លំនាំ​តាម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការដណ្ដើម​អំណាច​ដ៏​បង្ហូរឈាម​ក្នុងចំណោម​សមាជិក​រាជវង្ស​។ ភាពយន្ត​នោះ ត្រូវបាន​ផលិត​ជា​រឿងប្រឌិត​បុរាណ តែ​យក​លំនាំ​ស្ទើរ​ទាំងស្រុង​នៃ​ព្រឹត្តិការណ៍​សម័យ​រាជវង្ស Konbaung ជា​រាជវង្ស​ចុងក្រោយ​របស់​ភូមា​។

​ដំណើរ​សាច់រឿង​ភាពយន្ត​នេះ មាន​រួមបញ្ចូល​ទាំង​សកម្មភាព​មហាក្សត្រី​យ៍ និង​បុត្រី​នៃ​រាជវង្ស Konbaung ដែល​រួមគំនិត​សម្លាប់​មនុស្ស​ជិត​១០០​នាក់​ដើម្បី​ធានាថា គ្មាន​នរណា​មក​ប្រជែង​រាជបុត្រ Thibaw ក្នុង​ការឡើង​សោយរាជ្យ​បន្ត​ពី​បិតា​ក្នុង​ឆ្នាំ​១៨៧៨ នោះ​។ បើទោះជា​ការសម្លាប់​មនុ​ស្ស​នេះ​ជាការ​ពិត​ក្ដី សមាជិក​រាជវង្ស​ជំនាន់​ក្រោយ​របស់​ស្ដេច Thibaw មិន​ពេញចិត្ត​សាច់រឿង​ដែល​បង្ហាញ​ពី​ការ​បង្ហូរឈាម​ដណ្ដើម​នេះឡើយ​។ 
 
​លោក Soe Win បាន​ប្រាប់​ទីភ្នាក់ងារ​ព័័ត៌មាន AFP ថា​៖ «​យើង​បាន​សួរ​ជនជាតិ​ថៃ​ថា តើ​ពួកគេ​អាច​ទទួល​បានទេ ប្រសិនបើ​មាន​ក្រុមហ៊ុន​មួយ​របស់​មី​យ៉ាន់​ម៉ា ធ្វើ​រឿង​ដូចគ្នានេះ​ដាក់​រាជវង្ស​របស់ខ្លួន​នោះ​?»​។ លោក​បន្ថែមថា បើ​គ្មាន​ការចាត់វិធានការ​ណាមួយ​ទេ ខាង​លោក​នឹង​ស្នើ​មហាក្សត្រ​ថៃ​ឲ្យ​ជួយ​អន្តរាគមន៍​មិន​ខាន ព្រោះ​រាជវង្ស​ថៃ​ទទួលបាន​ការការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​ច្បាប់ ហើយ​អ្នក​ប្រមាថ​នឹងមាន​ទោស​ធ្ងន់​មិន​ខាន​។ 

​សមាជិក​នៃ​ស្ដេច​ចុងក្រោយ​របស់​មី​យ៉ាន់​ម៉ា​រូបនេះ រឹតតែ​ខឹង​ខ្លាំង​ត្រង់​ឈុត​មួយ​នៃ​រឿង A Lady's Flame ដែល​សមាជិក​រាជវង្ស​ទះកំផ្លៀង​គ្នា​ទៅវិញទៅមក​។ លោក Soe Win ចាត់ទុក​ឈុត​មួយ​នេះ ជា​រឿង​ប្រមាថ​ខ្លាំងណាស់ ប្រៀបដូចជា​សមាជិក​រា​ជ​វង្ស​ទាំងនោះ ជា​មនុស្ស​សាហាវ​អ៊ីចឹង​ដែរ​។​

​ថៃ និង​មី​យ៉ាន់​ម៉ា ជា​ប្រទេសជិតខាង​២ ដែល​ធ្វើសង្គ្រាម​បង្ហូរឈាម​ជា​ញឹកញាប់​តាំងពីដើម​មក​។ ព្រឹត្តិការណ៍​ដ៏​ធំ គឺ​ជ័យជម្នះ​របស់​កងទ័ព​ភូមា ទៅលើ​កងទ័ព​សៀម ដែល​ភូមា​កម្ទេច​ក្រុង​អាយុ​ធ្យា​គ្មាន​សល់​ក្នុង​ឆ្នាំ​១៧៦៧​។ បើ​ទោះ​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​កន្លង​ហួស​ក្ដី រាល់​ភាពយន្ត​របស់​ថៃ គេ​សង្កេតឃើញ​តួអង្គ​ភូមា ច្រើន​ជា​តួអង្គ​អាក្រក់ ហើយ​រឿងនេះ​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ខឹងសម្បារ​យ៉ាងខ្លាំង​។ ការបាត់បង់​របបរាជានិយម​នៅ​មី​យ៉ាន់​ម៉ា គឺជា​ស្នាដៃ​របស់​អាណានិគម​អង់គ្លេស ហើយ​វា​បាន​ក្លាយជា​ស្នាមរបួស​ផ្លូវចិត្ត​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផងដែរ​៕


Tag:
 ភូមា​
  ថៃ​
  A Lady’s Flame
© រក្សាសិទ្ធិដោយ thmeythmey.com