កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រី​បារាំង​ម្នាក់​បាន​សន្យា ហូប​សត្វ​កណ្តុរ បើ Barcelona ឡើងទៅ​វគ្គ​បន្ត តែ​...
14, Mar 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​អភិបាលរងក្រុង Mont-de-Marsan តំបន់ Landes ប្រទេស​បារាំង ដែលជា​អ្នកគាំទ្រ​របស់ PSG បានប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា  បើ Barcelona ឡើងទៅ​វគ្គ​បន្ត​បន្ត​ក្នុង​ក្របខណ្ឌ Champions League គាត់​នឹង​ហូប​សត្វ​កណ្តុរ ហើយ​ត្រៀមខ្លួន​បោះឆ្នោត​ឲ្យ​លោក Melenchon​។ Barcelona បាន​វាយបក PSG ៦-១ ក្នុង​លទ្ធផល​ដ៏​មិនគួរ​ឲ្យ​ជឿ ប៉ុន្តែ​លោក Charles Dayot មិនទាន់​បំពេញ​ការសន្យា​របស់ខ្លួន​ឡើយ​។​



«​ប្រសិនបើ Barcelona ឡើងទៅ​វគ្គ​បន្ត ខ្ញុំ​នឹង​ហូប​សត្វ​កណ្តុរ ហើយ​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​លោក Melenchon!»​។ លោក Charles Dayot  អភិបាលរងក្រុង Mont-de-Marsan តំបន់ Landes ប្រទេស​បារាំង ដែល​ទទួលបាន​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ បាន​សរសេរ​បែបនេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅមុន​ការប្រកួត​ជើង​ទីមួយ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រវាង Barcelona និង PSG ជា​ដែល​ក្លិប​សំណព្វ​របស់គាត់​។​

​ការសរសេរ​របស់ Charles Dayot ដោយ​លោក​មាន​ជំនឿ​ខ្ពស់​ទៅ​ក្លិប Paris Saint German ដែល​បាន​យកឈ្នះ Barcelona រហូតដល់​ទៅ ៤-០ កាលពី​ជើង​ទីមួយ​។ ប៉ុន្តែ​ភាព​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅក្នុង​កីឡាបាល់ទាត់ ដោយ​២​នាទីចុងក្រោយ បូក​នឹង​នាទី​បន្ថែម Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង Sergi Roberto បន្ថែម​១​គ្រាប់ ដែល​នាំ​ឲ្យ Barcelona ឈ្នះ ៦-១ នៅ​ទឹកដី Camp Nou​។ សរុប​ទាំងពីរ​ជើង Barcelona ឈ្នះ ៦-៥ ។​


​    ​
​កាសែត​បារាំង 20Minutes និង Sud Ouest បាន​សរសេ​ចំអក​ថា អ្នកនយោបាយ​ដូចជា លោក Charles Dayot មិនគួរ​យក​រឿង​បែបនេះ មក​សន្យា​នៅតាម​បណ្តាញ​សង្គម​នោះឡើយ​។​

​មួយថ្ងៃ​ក្រោយ​ការប្រកួត អ្នកគាំទ្រ​ក្លិប PSG រូបនេះ បាន​អះអាងថា លោក​បានទទួល​សារ និង​អ៊ី​ម៉ែ​ល ជាច្រើន​។ «​ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​កណ្តុរ​របស់ខ្ញុំ​... មិត្ត​ភ​ក្ត្រិ​ខ្លះ​បាន​ផ្ញើ​បញ្ជី​មុខម្ហូប​សាច់​កណ្តុរ​ឲ្យ​ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Dayot​។

​អ្នកខ្លះ​បាន​សរសេរ​ឌឺដង​ថា លោក Dayot គួរ​ហូប​កណ្តុរ​តាម​ផ្ទះ ប្រសើរ​ជាង​កណ្តុរស្រែ​។ មន្ត្រី​រូបនេះ មិនបាន​បញ្ជាក់ថា លោក​នឹង​គោរព​តាម​សន្យា ឬ​យ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា លោក​មិន​ភ្លេច​ឡើយ​។​

​ទាក់ទង​នឹង​ការ​សន្យាថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោក Jean-Luc Mélenchon ដែលជា​បេក្ខជន​ម្នាក់​ត្រូវ​ប្រជែង​តំណែង​ប្រធានាធិបតី​បារាំង​នាពេលខាងមុខ លោក Dayot បាន​និយាយ​ដោយ​ខ្លី​ថា លោក​នឹងមិន​បោះឆ្នោត​ឲ្យ​លោក Melenchon ឡើយ​៕


Tag:
 បាល់ទាត់​
  Champions League
  កណ្តុរ​
© រក្សាសិទ្ធិដោយ thmeythmey.com