ជាតិ
រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆ័​ត្រ​ខេត្ត​កែប ឲ្យ​តម្លៃ​ខ្លាំង​លើ​ភាព​ឯកជន និង​បរិស្ថាន
14, Mar 2017 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​កែប​៖ រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆ័​ត្រ ដែល​ស្ថិតនៅ​ក្រុងកែប គឺមាន​សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា កីឡា និង​សេវាកម្ម​ជាច្រើន​ទៀត​។  រមណីយដ្ឋាន​ភាគ​នីរ​តី​មួយ​នេះ បានផ្តល់​តម្លៃ​ខ្លាំង​លើ​ភាពជា​ឯកជន និង​បាន​ប្រើប្រាស់​សម្ភារៈ​ជាច្រើន ដោយ​គ្មាន​ផ្លា​ស្ទិ​ក ដើម្បី​ជួយ​លើកកម្ពស់​បរិស្ថាន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។


 
​រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆ័​ត្រ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ក្រុងកែប​ខេត្ត​កែប​។ រមណីយដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​មួយ​នេះ ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចង់​បានការ​ស្នាក់នៅ​ជាមួយ​ធម្មជាតិ និង​ស្រូបខ្សល់​អាកាស​ល្អ​បរិសុទ្ធ​នៃ​ជំនោរ​សមុទ្រ ព្រមទាំង កម្សាន្ត​ជាមួយ​កីឡា​ជាច្រើន​ប្រភេទ ដូចជា​៖ កីឡា​ទូកក្តោង កីឡា​វាយ​ប៉េង​ប៉ុង និង​កីឡាបាល់ទះ​ជាដើម​។



​លក្ខណៈពិសេស​នៃ​រមណីយដ្ឋាន​ភាគ​នីរ​តី​មួយ​នេះ គឺ​វត្ថុ​ប្រើប្រាស់​ទាំងអស់​មិន​ប្រើប្រាស់​ផ្លា​ស្ទិ​ក​នោះទេ​។ បន្ថែម​ពីនេះ អាគារ​ទាំងអស់ គឺ​ប្រើប្រាស់​ពន្លឺ​ធម្មជាតិ​ច្រើនជាង​ថាមពលអគ្គីសនី​។  លើសពីនេះ សម្ភារៈ​ដែល​ប្រើប្រាស់​នៅក្នុង​រមណីយដ្ឋាន​ផ្ទាល់ គឺ​សុទ្ធសឹង​មាន​បំណែងចែក​សំរាម រួម​យកទៅ​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើងវិញ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ទំនើបៗ​ទៀតផង​។ 



​លោក Jef Moons អគ្គនាយក​នៃ​រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆ័​ត្រ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា រមណីយដ្ឋាន​នេះ បាន​គិតគូរ​យ៉ាងសំខាន់​ទៅលើ​ភាព​ឯកជន និង​មិន​ប្រើប្រាស់​ផ្លា​ស្ទិ​ក​។ លោក​បញ្ជាក់ថា​៖«​យើង​បាន​គិតគូរ​ពី​បន្ទប់​នីមួយៗ​ដែល​ភ្ញៀវ​ស្នាក់នៅ ធ្វើ​ម៉េច​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​ថា ធម្មជាតិ មាន​ឯកជន​ភាព ផាក​សុខភាព និង​មាន​អារម្មណ៍​ថា​សុវត្ថិភាព​។ មួយទៀត កន្លែង​យើង​នេះ មិន​ប្រើប្រាស់​ផ្លា​ស្ទិ​ក​នោះទេ ពីព្រោះ យើង​ចង់​ចូលរួម​អភិវឌ្ឍន៍​ឲ្យ​មាន​និរន្តរភាព​ផ្នែក​បរិស្ថាន​»៕          




© រក្សាសិទ្ធិដោយ thmeythmey.com