ជាតិ
សង្គមជាតិ
អាជ្ញាធរ មិនទាន់មាន​តម្រុយ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ឈើ​នៅ​កំពង់ស្ពឺ​
14, Mar 2017 , 11:19 pm        
រូបភាព
​អាជ្ញាធរ ហាក់​មិនទាន់មាន​តម្រុយ​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ នៅ​ខេត្តកំពង់ស្ពឺ​នៅឡើយ ខណៈ​ប្រតិបត្តិការ​តាម​ចាប់ខ្លួន បាន​ផ្តើម​តាំងពី​ថ្ងៃទី​១១ មីនា​មក​។ ជនសង្ស័យ ជា​កូនប្រសា មន្ត្រី អាវុធហត្ថ​ជាន់ខ្ពស់​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ​។



​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១១ ខែមីនា​មក​។ ប៉ុន្តែ​មកដល់ពេលនេះ អាជ្ញាធរ ហាក់​មិនទាន់មាន​តម្រុយ ពី​ជនសង្ស័យ​នៅឡើយ​។

​លោក អេង ហ៊ី អ្នកនាំពាក្យ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​នៅថ្ងៃនេះ​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​គេ​កំពុង​ស៊ើបសួរ​ហើយ​»​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ជនសង្ស័យ ជា​កូនប្រសា​នាយរង​សេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ក្រោយ​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ​។

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា កម្លាំង​សមត្ថកិច្ច បាន​ឃាត់ទុក​រថយន្ត​ដឹកឈើ  ២​គ្រឿង ជា​បន្តបន្ទាប់ ដែល​មានការ​អះអាងថា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ស៊ី ស ជា​កូនប្រសារ​នាយរង​សេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​នោះ​។ ពេល​ឃាត់​រថយន្ត​ដឹកឈើ​នោះ សមត្ថកិច្ច​ក៏បាន​ឃាត់​អ្នកបើកប​រថយន្ត​ម្នាក់​ដែរ ខណៈ​អ្នកបើកបរ​ម្នាក់ទៀត​គេចខ្លួនបាត់​។ ក្រោយ​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នេះ កម្លាំង​សមត្ថកិច្ច បាន​បន្តទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ជនសង្ស័យ ស្ថិតនៅ​ក្រុង​ច្បារមន​ទៀត និង​បាន​រកឃើញ​កំណាត់ឈើ​ជាច្រើន​ដុំ​ទៀតផង​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនបាន​បញ្ជាក់ថា តើ​កំណាត់ឈើ​២​រថយន្ត និង​ឈើ​ដែល​រកឃើញ​នៅក្នុង​ឃ្លាំង​នោះ​មាន​ប៉ុន្មាន​ដុំ និង​ប៉ុន្មាន​ម៉ែត្រ​គីប​ឡើយ​។  លោក អេង ហ៊ី ថ្លែងថា​លោក​មិនទាន់​ទទួលបាន​របាយការណ៍​លម្អិត​នៅឡើយ​៕


Tag:
 បទល្មើស​
 ​ ព្រៃឈើ​
 ​ អេង ហ៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com