អន្តរជាតិ
ចិន​សួរ​ជប៉ុន​ថា «​តើ​បញ្ជូន​នាវាចម្បាំងធំ​បំផុត​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅធ្វើ​អ្វី​ឲ្យ​ប្រាកដ​?»
16, Mar 2017 , 9:19 am        
រូបភាព
​ជប៉ុន គ្រោង​នឹង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត​មួយ​របស់ខ្លួន​ទៅ​បង្អួត​សាច់ដុំ​យោធា​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែឧសភា​ខាងមុខ​។ ចិន សង្ស័យ​ខ្លាំង ទោះ​ជប៉ុន​បញ្ជាក់ថា គោលដៅ​របស់​នាវា​ខ្លួន​គឺ​ឈប់​សំចត​នៅ​រដ្ឋ​មួយចំនួន​របស់​អាស៊ាន មុននឹង​ចេញដំណើរ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ចូលរួម​សមយុទ្ធ​ជើង​ទឹក​ជាមួយ​អាមេរិក និង​ឥណ្ឌា​។ ចិន ក៏​ចង់បាន​ការបកស្រាយ​ពី​ជប៉ុន​ជាក់លាក់​ជុំវិញ​រឿងនេះ​ដែរ​។​



​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ជប៉ុន Izumo នឹង​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​នា​ខែឧសភា​ខាងមុខ​ដោយ​នាវា​នេះ​ចូល​សំចត​នៅ​កំពង់ផែ​សិង្ហ​បុរី​, ឥណ្ឌូណេស៊ី​, ហ្វីលីពីន និង​ស្រីលង្ការ​។ នាវា​ដ៏​ធំ​នេះ នឹង​ឆ្លងកាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ដែនសមុទ្រ​ប្រទាញប្រទង់​រវាង​ចិន និង​ប្រទេស​បួន​ទៀត​។ ចិន មិន​សប្បាយចិត្ត​ឡើយ ពេលលឺ​ព័ត៌មាន​នេះ ព្រោះ​ជឿថា ជប៉ុន​ហាក់​ព្យាយាម​ចូល​លូកដៃ​កាន់តែ​ជ្រៅ​ចូលក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទាំង​ដែល​ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​សោះ​នោះ​។​

ក្នុង​សន្និសីទកាសែត​ថ្ងៃទី​១៤ ខែមីនា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ចិន​មិនទាន់​ទទួលបាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​សំណាក់​ជប៉ុន​នៅឡើយ ជុំវិញ​គម្រោង​ឆ្លងកាត់​របស់​នាវា​ដ៏​ធំ​ជប៉ុន​។ ពោល គឺ​ចិន​ទាន់​មិនដឹងថា នាវា Izumo គ្រាន់តែ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ឈប់​សំចត​នៅតាម​រដ្ឋ​សមាជិក ឬ​មាន​គោលដៅ​អ្វី​ផ្សេង​ឡើយ​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ ចិន​មិន​ជំទាស់​ទេ បើ​នាវា​ជប៉ុន​គ្រាន់តែ​បំពេញ​ទស្សនកិច្ច​ធម្មតា និង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ហើយ​ចិន​មានតែ​សង្ឃឹមថា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​បែបនេះ នឹង​ជួយ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ប៉ុន្តែ​បើ​នាវា​ជប៉ុន​ទៅក្នុង​គោលដៅ​ផ្សេង វា​នឹង​ក្លាយជា​រឿង​ផ្សេង ព្រោះ​កន្លងមក​ជប៉ុន តែង​បង្កបញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ហើយ​ចិន​សង្ឃឹមថា ជប៉ុន​ជួយ​រក្សា​សន្តិភាព​ក្នុង​តំបន់​ដែរ​។​

Izumo ជា​នាវាចម្បាំង​និង​ជានា​វា​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន ត្រូវបាន​ដាក់​ឲ្យ​បម្រើកងទ័ព​ជប៉ុន​កាលពី​២​ឆ្នាំមុន​នោះ​។ Izumo មាន​ប្រវែង ២៤៩​ម៉ែត្រ ហើយ​វា​ជានា​វា​ធំ​បំផុត​ដែល​ជប៉ុន​មាន និង​ជា​ប្រភេទ​នាវា​សម័យ​សង្គ្រាមលោកលើកទី ២​។ នាវា​នេះ​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន ៩​គ្រឿង​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ជប៉ុន​បាន​កែច្នៃ​ទៅជា​នាវាចម្បាំង ដ្បិតតែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន​មិន​អនុញ្ញាត​ឲ្យ​ជប៉ុន​ទិញ ឬ​ផលិត​សព្វាវុធ​សម្រាប់​ប្រយុទ្ធ​ឡើយ​។

​អ្វីដែល​សំខាន់ នាវា Izumo នេះ​មាន​សមត្ថភាព​ចម្បង​បំផុត​ក្នុងការ​បំពេញ​ប្រតិបត្តិ​ការប្រឆាំង​នាវាមុជទឹក​ផងដែរ​។ ទាក់ទង​គម្រោង​ទស្សនកិច្ច នាវា Izumo នឹង​សំចត​រដ្ឋ​សមាជិក​អាស៊ាន រហូតដល់​ខែកក្កដា​ទើបនឹង​បន្តដំណើរ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ចូលរួម​លំ​ហាត់​យោធា Malabar ជាមួយ​កងទ័ពជើងទឹក​អាមេរិក​និង​កងទ័ព​ឥណ្ឌា​ផងដែរ​។ នៅ​ខែសីហា នាវាចម្បាំង​ជប៉ុន​នឹង​ត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ផងដែរ​៕


Tag:
 ចិន​
  ជប៉ុន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com