អន្តរជាតិ
កូរ៉េខាងត្បូង​៖«​មក​ពីចិន​អត់​យល់​អី ទើប​ជំទាស់​ការពង្រាយ​ខែល​ការពារ THAAD ទាំង​ទទឹងទិស​»
16, Mar 2017 , 9:19 pm        
រូបភាព
ប្រព័ន្ធការពារ THAAD ដែលដឹកទៅដល់ទឹកដីកូរ៉េខាងត្បូង (រូបភាព Xinhua)
ប្រព័ន្ធការពារ THAAD ដែលដឹកទៅដល់ទឹកដីកូរ៉េខាងត្បូង (រូបភាព Xinhua)
​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Lim Sung-nam បាន​ប្រាប់​សភា​ថា ការណ៍​ដែល​ចិន​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ពេល​អាមេរិក​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD គឺ​មកពី​ចិន​ផ្ទាល់​មិន​យល់​គោលដៅ​ពិត​នៃ​វត្តមាន​ប្រព័ន្ធ​ការពារ​នេះ​។ កូរ៉េខាងត្បូង តែង​ប្រាប់​ចិន​ជា​ញឹកញាប់​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ មាន​គោលដៅ​ការពារ​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។ ប៉ុន្តែ ចិន​ហាក់​មិន​យល់ស្រប​លើ​ការបកស្រាយ​នេះឡើយ និង​បាន​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​គម្រោង​ពង្រាយ​នេះ​វិញ​។​



​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​លើទឹក​ដី​កូរ៉េខាងត្បូង បាន​ឈាន​មួយ​ជំហាន​ទៅមុខ ក្រោយ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ការពារ​នេះ​បាន​ទៅដល់​ឧបទ្វីប​កូរ៉េ​ហើយ​នោះ​។ បើទោះជា​យ៉ាងណា ចិន​នៅតែ​ជំទាស់​ដាច់ខាត​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ដោយ​លើក​ហេតុផល​ថា វា​អាច​ប៉ះពាល់​សន្តិសុខ​ខ្លួន ក៏ដូចជា​អាច​បង្ក​អស្ថិរភាព​តំបន់​ទៀតផង ខណៈដែល​កូរ៉េខាងត្បូង​ពន្យល់​ម្ដង​ហើយ​ម្ដង​ទៀតថា ប្រព័ន្ធ​ការពារ​នេះ ជា​វិធាន​ការការពារ​សុទ្ធសាធ​ក្ដី​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Lim Sung-nam បាន​ប្រាប់​សមាជិកសភា​ថា រដ្ឋាភិបាល​បាន​បកស្រាយ​ឲ្យ​ចិន​យល់ថា វា​ជា​វិធានការ​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចិន ហាក់ដូចជា​មិន​យល់​ពី​ចំណុច​នេះ​សោះ​។ ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ Han Min-koo និយាយ​ដែរ​ថា ការព្រួយបារម្ភ​របស់​ចិន​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ជា​រឿង​គ្មាន​មូលដ្ឋាន​ទាល់តែសោះ​។  

«​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ជា​ចំណាត់ការ​ការពារ​ខ្លួន​អ​ប្បរមា  ដែល​ប្រឆាំង​ការគំរាមកំហែង​ដែល​បង្កដោយ​ការបាញ់​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ចិន បែរជា​វាយតម្លៃ​ជ្រុល​ពេក​លើ​ប្រព័ន្ធ​ការពារ​នេះ ហើយ​ប្រឆាំង​ដោយ​ងងឹតងងល់​នឹង​ការពង្រាយ​ប្រព័ន្ធ THAAD ។​» នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​តាំងពីដើម​មក​នោះ ក្រុង​ប៉េកាំង ប្រឆាំង​ដាច់ខាត​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​។ ក្រុង​ប៉េកាំង ក៏បាន​ដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង LOTTE ដែល​សុខចិត្ត​ប្រគល់​ទីតាំង​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​យកទៅ​ដំឡើង​ប្រព័ន្ធ​ការពារ THAAD ។ ហាង​ជាច្រើន​របស់ LOTTE នៅលើ​ទឹកដី​ចិន ត្រូវបាន​បិទ ហើយ​ការហោះហើរ និង​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង ក៏​រង​ការរើសអើង​ខ្លាំង​ពី​សំណាក់​ចិន ដោយសារ​រឿងនេះ​ដែរ​។​

​តាមពិតទៅ ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ធ្វើឡើង​ក្រោយ​ការគំរាមកំហែង​មកពី​កូរ៉េខាងជើង​កើនឡើង​ខ្លាំង ព្រោះ​របប​នេះ បាន​សាកល្បង និង​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ មិន​រអា​ចិត្ត​អ្នកណា​ឡើយ​។ គ្រាន់តែ​ចូលដល់​ខែមីនា កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ព្រម​គ្នា​ម្ដង​៤​គ្រាប់​ទៅហើយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន បារម្ភ​ខ្លាំង ហើយ​អាមេរិក ក៏​បង្កើនល្បឿន​ពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដោយ​មិន​ស្ដាប់​អ្នកណា​ទាំងអស់​៕


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com