ជាតិ
អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ លើក​ទី​៧ របស់​មូលនិធិ ម៉េង​លី ជេ​. គួច
17, Mar 2017 , 9:02 am        
រូបភាព
​មូលនិធិ ម៉េង​លី ជេ​. គួច ជា​មូលនិធិ​សប្បុរសធម៌​មួយ​ដែល​មនុស្ស​ជាច្រើន​សង្កេតឃើញថា តែង​បានធ្វើ​សកម្មភាព​សប្បុរសធម៌​ក្នុងសង្គម​យ៉ាង​សស្រាក់សស្រាំ និង​ទូលំទូលាយ​បំផុត​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំង  អស់​។ ជាក់ស្ដែង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ មូលនិធិ​សប្បុរសធម៌​មួយ​នេះ​បានរៀបចំ​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ លើក​ទី​៧ របស់ខ្លួន​នៅ​សាល​សហ​សិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​យុទ្ធនាការ “​កង់​១ ជីវិត​១ ចូលរួម​លើកស្ទួយ​ការអប់រំ​កុមារ​កម្ពុជា​” ។​

​សូម​ជម្រាបជូន​ថា កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ លើក​ទី​៧ នេះ គឺមាន​លក្ខណៈ​ខុសប្លែក​ពី​ពេល​កន្លងទៅ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឡើង​ក្នុង​គោលដៅ​រៃអង្គាស​ថវិកា​យកទៅជួយ​កុមារកំព្រា ចាស់ជរា ជន​គ្មាន​ទីពឹង និង​ពលរដ្ឋ​ក្រីក្រ​នៅតាម​សហគមន៍​នានា​ស្ទើរ​គ្រប់​២៥​រាជធានី​ខេត្ត​ក្រុង​។ ក៏ប៉ុន្តែ​ការរៀបចំ​ឱ្យមាន​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ​លើក​នេះ គឺធ្វើឡើង​ដើម្បី​កៀរគរ​ថវិកា​ពី​សប្បុរសជន​នានា ក្នុង​គោលបំណង​យកទៅ​ទិញ​កង់​ចែកជូន​ដល់​កុមារ​ក្រីក្រ​កម្ពុជា នៅតាម​តំបន់​សហគមន៍​មួយចំនួន​ដែល​ពួកគេ​ចង់​រៀនសូត្រ តែ​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី​នៃ​មូលនិធិ ម៉េង​លី ជេ​. គួច​។​



​ប្រធាន​កម្មវិធី​មូលនិធិ​រូបនោះ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា វត្តមាន​អ្នកចូលរួម​ក្នុង​កម្មវិធី​នោះ​គឺ​មកពី​គ្រប់​មជ្ឈដ្ឋាន​មាន​ចំនួន​ប្រមាណ​១,៣០០​នាក់ ហើយ​ថវិកា​ដែល​ប្រមូលបាន​ប្រមាណ​១០,៤០០​ដុល្លារ​។ ដោយឡែក​ចំពោះ​ការចំណាយ​ដើម្បី​ដំណើរ​ការរៀបចំ​កម្មវិធី​នោះ គឺ​មូលនិធិ​ចំណាយ​អស់​ប្រមាណ ៤,៥០០​ដុល្លារ​។ លោក​បន្ដថា ចំពោះ​ថវិកា​ដែល​នៅសល់ គឺ​មូលនិធិ ម៉េង​លី ជេ​. គួច នឹង​យកទៅ​ទិញ​កង់​ដើម្បី​បរិច្ចាគ​ដល់​សិស្សានុសិស្ស ជាក់ស្ដែង​នៅ​ថ្ងៃទី​២៧ ខែមីនា ខាងមុខនេះ មូលនិធិ​សប្បុរសធម៌​មួយ​នេះ​នឹង​បរិច្ចាគ​កង់​ចំនួន​៧០ ទៅដល់​សិស្សសាលា​បឋមសិក្សា គួច ម៉េង​លី ទួល​បេង ខេត្តកំពង់ចាម និង​សម្ពោធ​អគារសិក្សា​មួយ​ខ្នង​មាន​៤​បន្ទប់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា​ទាំងមូល ដែលជា​ជំនួយ​ដោយផ្ទាល់​ពី​មូលនិធិ ម៉េង​លី ជេ​. គួច សរុប​ទឹកប្រាក់​ប្រមាណ​ជាង​១១​ម៉ឺន​ដុល្លារ​។ ជំហាន​បន្ទាប់ មូលនិធិ​នេះ​នឹង​បរិច្ចាគ​កង់​ដល់​កុមារ​នៅ​សហគមន៍​វាល​ស្បូវ រាជធានី​ភ្នំពេញ​, សិស្សសាលា​បឋមសិក្សា ថ្ម​កង្កែប គួច​ប៉េង​សាំង​-​ងិន​ហួយ ខេត្តកំពង់ឆ្នាំង និង​អង្គការ​បណ្ដុះបណ្ដាល និង​ថែរក្សា​កុមារកំព្រា ខេត្តកំពង់ស្ពឺ ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍​។​

គួរ​បញ្ជាក់ថា កម្មវិធី​ដ៏​វិសេស​នោះ​ក៏មានដែរ​ការអញ្ជើញ​ចូលរួម​សម្តែង​ទេពកោសល្យ​ដោយ​ស្ម័គ្រចិត្ត​ពី​សិស្ស​និស្សិត​មកពី​ក្លឹប​នានា​។ ពិសេស​វត្តមាន​របស់​ក្រុម​សម្តែង​គុន​ល្បុក្កតោ​អាជីព​ក្នុង​ភាពយន្ត រឿង​ការពារ​ឧក្រិដ្ឋជន​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ហើយ​អ្វីដែល​ធ្វើឱ្យ​អ្នកចូលរួម​កាន់តែ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​ទៀត​នោះ នោះ​គឺ​វត្តមាន​របស់លោក Jimmy Kiss, លោក អ៊ា​ម វ​ន្នី​, កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​, លោក មាស មុន្នីរាជ​, លោក ជ័យ សុ​វ៉ាត​, កញ្ញា ចែម ស្រី​ល័ក្ខណ៍​, លោក សោម សៅ​សុ​វណ្ណា និង​តារាចម្រៀង​ល្បីៗ​ជាច្រើន​ដួង​ទៀត​ជាដើម​។​

​ថ្លែង​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​សប្បុរសធម៌​នោះ លោក ឈឹម សំអុល គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​មួយ ដោយ​ខំ​ស្កាត់​ពី​ខេត្ត​ដើម្បី​មក​ទិញ​សំបុត្រ​បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​នេះ​ថ្លែងថា ក្រៅពី​ការចូលរួម​កម្សាន្ត​អារម្មណ៍​ជាមួយនឹង​សកម្មភាព​សប្បាយៗ​របស់​ក្រុម​សម្តែង នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ដ៏​សែន​មមាញឹក​នោះ នេះ​ក៏​ជា​សម្មភាព​សប្បុរសធម៌​តូច​មួយ​របស់លោក​ដែរ ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​លើកស្ទួយ​ការអប់រំ​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ផងដែរ​។ ដ្បិតថា​ថវិកា​នេះ​តិចតួច​ក៏ពិតមែន ក៏ប៉ុន្តែ​វា​ជា​សន្តាន​ចិត្ត​ដ៏​មានតម្លៃ​មួយ ដែល​អនុញ្ញាតឱ្យ​រូបលោក​អាច​ចូលរួម​អភិវឌ្ឍ​សង្គម​ខ្មែរ​ដ៏​ធំធេង​។​



​យ៉ាងណាក៏ដោយ ទោះបីជា​អ្នកចូលរួម​មិនបាន​ទៅតាម​ការរំពឹង​ក្ដី ក៏​ប្រធាន​កម្មវិធី​មូលនិធិ ម៉េង​លី ជេ​. គួច រូបនោះ នៅតែ​មិន​ភ្លេច​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមានចិត្ត​សប្បុរជន ក្រុមហ៊ុន​ជំនួយ​ឧបត្ថម្ភ ក្រុមយុវជន​ស្ម័គ្រចិត្ត ក៏ដូចជា​ក្រុម​តារា​សម្តែង​នានា ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន និង​កម្លាំងកាយ​ចិត្ត ព្រមទាំង​ពេលវេលា​ដ៏​មានតម្លៃ​មក​ចូលរួម​លើកទឹកចិត្ត​ដល់​ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​. គួច ដើម្បី​រួមចំណែក​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​អប់រំ​កុមារ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ឡើង​៕

(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com