ជាតិ
បទវិភាគ
លិខិតមិត្តអ្នកអាន ៖ មីក្រូហិរញ្ញវត្ថុអាចបញ្ឈប់កម្ចីខ្នាតតូច ដោយសារពិតានអត្រាការប្រាក់១៨ភាគរយ
× បើតាមការវិភាគរបស់អ្នកជំនាញ លើការកំណត់ពិតានការប្រាក់១៨ភាគរយក្នុងមួយឆ្នាំ ពិតជាអាចជះឥទ្ឋិពលអវិជ្ជមានដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ ក្នុងរយៈពេលយ៉ាងយូរ ១២ខែខាងមុខ។ ផលប៉ះពាល់នេះ មិនត្រឹមតែមានចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុតូចៗទេ គឺបូករួមទាំងស្ថាប័នធំៗ ក៏ដូចជាមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ (MDI) ដែរ។ ការប្រាក់១,៥ភាគរយក្នុងមួយខែ ឬ១៨ ភាគរយ ក្នុងមួយឆ្នាំ អាចហៅបានថា ជាអត្រាការប្រាក់ពិបាករស់ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
ជាក់ស្តែងបើយើងពិនិត្យមើលកត្តាពាក់ព័ន្ធ ថ្លៃដើមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFI)វាកើតឡើងពីធាតុផ្សំសំខាន់ចំនួន២គឺ៖
ទី១៖ ថ្លៃដើមទុន (Cost of Capital) ដែលជាប្រាក់សម្រាប់ឲ្យអតិថិជនខ្ចី នៅក្នុ្ងង MFI ប្រមាណ ៩០ភាគរយ គឺបានមកពីការខ្ចីបុលគេបន្តពីក្រៅប្រទេស ធនាគារពាណិជ្ជក្នុងស្រុក ឬការកៀងគរប្រាក់សន្សំពីអតិថិជន ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបានទទួលអាជ្ញាប័ណ្ណសន្សំ។ មិនថាប្រភពសាច់ប្រាក់នោះបានមកពីណាទេ MFI ទាំងនោះ ត្រូវចំណាយការប្រាក់ ចន្លោះពី ៧,៥ភាគរយ ទៅ៩,៥ភាគរយ រួចទៅហើយ។
ទី២៖ ថ្លៃចំណាយប្រតិបត្តិការ។ គ្រប់ស្ថាប័ន MFI ទាំងអស់ មានខ្ទង់ចំណាយប្រតិបត្តិការខ្ពស់ព្រោះថា Microfinance មានន័យថា ការធ្វើឥណទានដែលមានទំហំតូច រយៈពេលខ្លី។ ជាក់ស្តែងតួលេខនៅ បំណាច់ ឆ្នាំ២០១៦ ទំហំប្រាក់កម្ចីមធ្យមរបស់អិតិថិជនម្នាក់ មានត្រឹមតែ ១,៥០០ដុល្លារប៉ុណ្ណោះ។ ដោយផ្អែកលើ ទំហំឥណទាននេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវចំណាយលើប្រតិបត្តិការច្រើន។ ដូច្នេះហើយ ការចំណាយប្រតិបត្តិការរបស់ MFI មានយ៉ាងហោចណាស់ ចន្លោះពី ៧ភាគរយ ទៅ ៨ភាគរយ ។
បើបូកសរុបលើប្រភពថ្លៃដើមទាំង២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចមានថ្លៃដើម ចន្លោះពី ១៤,៥ភាគរយ ទៅ ១៧ភាគរយ រួចហើយ នេះដោយមិនទាន់គិតបញ្ចូលនូវការខាតបង់ លើកម្ចីដែលអតិថិជនមិនសងផងទេ។ អត្រាអតិបរមា ១៨ភាគរយ គឺពិតជាអត្រាដែលមើលទៅល្អប្រសើរ សម្រាប់អតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ប្រសិនបើគាត់ពិតជាអាចបន្តទទួលបាន (Access) សេវានេះពីគ្រប់ MFI នាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ ប្រសិនបើឈរមកខាងអ្នកវិនិយោគ ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលវិញ ពិតជាមានភាពលំបាក ក្នុងការធ្វើទៅបាន បើផ្អែកលើទឡ្ហីករណ៍ខាងលើ។
ដូច្នេះជម្រើសតែមួយគត់ របស់អ្នកវិនិយោគគឺ ដកឃ្លាពីការវិនិយោគលើវិស័យនេះ តាមរយៈរូបភាព បិទអាជីវកម្ម នៅទ្រឹងមិនបញ្ចេញឥណទានថ្មី ចាំមើលចរន្តនៃការប្រែប្រួល ឬមួយ ប្តូរ យុទ្ឋសាស្ត្រ មកផ្តល់ឥណទានដែលមានទំហំមធ្យម ដូចជាចាប់ពី ៣ពាន់ដុល្លារឡើងវិញ ព្រោះចំណាយប្រតិបត្តិការតិច។
ការប្តូរយុទ្ឋសាស្ត្រនេះ ជាជម្រើសមួយល្អ ហើយស្ថាប័នភាគច្រើន អាចមានលទ្ឋភាពធ្វើបាន។ ប៉ុន្តែបញ្ហានឹងកើតឡើង ប្រសិនបើគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានភាគច្រើន បោះបង់ចោលអតិថិជនខ្នាតតូចរបស់ខ្លួន ដែលពួកគាត់ភាគច្រើនលើសលប់នៅទីជនបទ។ បើតាមតួលេខនៅឆ្នាំ ២០១៦ អតិថិជនប្រមាណជា ៧០ភាគរយ នៃអតិថិជនសរុប ២ លាននាក់ គឺបានខ្ចីឥណទានទំហំមិនលើសពី ៣ពាន់ ដុល្លារអាមេរិក ក្នុងនោះមានប្រហែល ៤០ភាគរយ ទំហំកម្ចីតិចជាង ១ ពាន់ ដុល្លារអាមេរិក។ នេះមានន័យថា អតិថិជនប្រហែល ១,៥ លាននាក់ ក្នុងវិស័យទាំងមូល នឹងរងផលប៉ះពាល់ ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបន្តឲ្យខ្ចី នៅពេលពួកគាត់សងផ្តាច់មកគ្រឹះស្ថានវិញ នៅរយៈពេលមិនយូរជាង ១២ ខែខាងមុខ (ឥណទានខ្នាតតូចភាគច្រើន មិនលើសពី ១ ឆ្នាំ) ។ ឬអាចនិយាយម្យ៉ាងទៀត អតិថិជន មីក្រូហិរញ្ញវត្ថុ មិនតិចជាង ១០ ម៉ឺននាក់ ក្នុងមួយខែ នឹងមិនទទួលបានសេវាឥណទានខ្នាតតូច (ទំហំកម្ចីតិចជាង ៣ពាន់ ដុល្លារអាមេរិក) ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសព្វថ្ងៃ។ ដូច្នេះជម្រើសតែមួយគត់របស់ពួកគាត់ គឺស្វែងរកឥណទានពីឯកជនក្រៅផ្លូវការ ដែលមិនស្ថិតនៅក្រោមអាណាព្យាបាលរបស់ធនាគារជាតិ នៃកម្ពុជា ហើយដែលគេដឹងជាទូទៅថាពួកឯកជនទាំងនោះ យកការប្រាក់ថ្លៃលើសលប់។
ការលើកឡើងរបស់អ្នកជំនាញខាងលើនេះ គ្រាន់តែជាផ្នែកមួយនៃផលប៉ះពាល់ ពីគោលនយោបាយថ្មីនេះ ដោយមិនទាន់រាប់បញ្ចូល នូវផលប៉ះពាល់លើប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ច លំនឹង និង សុខមាលភាព វិស័យហិរញ្ញវត្ថុទាំងមូល ទំនុកចិត្តរបស់វិនិយោគិន ជាពិសេស ផលប៉ះពាល់ដោយផ្ទាល់ ទៅដល់អតិថិជន ដែលកំពុងប្រើប្រាស់ និងមានតម្រូវការឥណទានខ្នាតតូច ។
មួយផ្នែកវិញទៀត គេមើលឃើញថាអត្រាការប្រាក់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងរង្វង់ពី ២៦ភាគរយ ទៅ ៣០ភាគរយ រួចហើយ ដែលនេះជាអត្រាមួយសមរម្យ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដូចជា Philippines នឹង Laos ជាដើម។ ដោយឡែក ចំពោះ ពិតានអត្រាការប្រាក់នេះ ក៏ត្រូវបានគេប្រើដែរ ចំពោះប្រទេសនៅ អាស៊ី ដែលឈានមុខគេ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ឥណ្ឌា និងបង់ក្លាដែស ប៉ុន្តែអ្វីដែលគេ កំណត់គឺក្នុងរង្វង់ ២៦ភាគរយ ទៅ ២៧ភាគរយ នៅឡើយ។
តាមអ្នកជំនាញយល់ឃើញថា រដ្ឋាភិបាល ក៏ដូចជាធនាគារជាតិ គួរតែពិនិត្យឡើងវិញ ធ្វើយ៉ាងណា កុំឲ្យហានិភ័យ ឬផលលំបាកអាចកើតមានឡើងបាន ក៏ដូចជាដើម្បីបន្តនិរន្តភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាបានការួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ អ្វីដែលសំខាន់ ដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ឋគួរពិនិត្យនោះ គឺគ្រប់គ្រងឲ្យបាននូវការផ្តល់ឥណទានក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ហួសហេតុ និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ដែលអាចបង្កឲ្យមានបញ្ហាបំណុលវ័ណ្ឌក ហើយឈានទៅការបាត់បង់ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com