អន្តរជាតិ
ក្ដីសង្ឃឹម​ឯករាជ្យ​របស់​ស្កុ​តឡែ​ន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​
17, Mar 2017 , 8:39 pm        
រូបភាព
​គម្រោង​ធ្វើ​ប្រជាមតិ​ឯករាជ្យ​របស់​ស្កុ​តឡែ​ន ទំនងជា​ត្រូវ​បញ្ចប់​ហើយ ក្រោយ​នាយករដ្ឋមន្ត្រី ចក្រភព អង់គ្លេស Theresa May ទាត់ចោល​ការប៉ុនប៉ង​ផ្ដាច់ខ្លួន​នេះ ខណៈ​រដ្ឋាភិបាល​អង់គ្លេស​កំពុង​ជាប់ដៃ​ដើម្បី​ត្រៀម​ការចរចា​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​។ លោកស្រី May ប្រាប់​ស្កុ​តឡែ​ន​ថា ពេលវេលា​មិន​ស័ក្តិសម​ឡើយ សម្រាប់​ការធ្វើប្រជាមតិ​នោះ​។ ការជំទាស់​នេះ ធ្វើ​ឲ្យ​ស្កុ​តឡែ​ន​ខឹង​យ៉ាងខ្លាំង ហើយ​ប្រមុខ​រដ្ឋាភិបាល​ស្កុ​តឡែ​ន ក៏បាន​ប្រកាសថា ខ្លួន​នឹង​បន្ត​អនុវត្តតាម​ផែនការ​ប្រជាមតិ​ដដែល​។



​ទើបតែ​ទទួល​អំណាច​ពេញដៃ​ក្នុង​ការចរចា​ចែកផ្លូវ​ជាមួយ​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May ទំនងជា​កំពុង​រៀបចំ​ផែនការ​សំខាន់​ដើម្បី​ត្រៀម​ចាប់ផ្ដើម​ចរចា​។ ដោយសារតែ​មិន​ចង់​ឲ្យ​ការ​រង្គោះរង្គើ​ផ្ទៃក្នុង នាយករដ្ឋមន្ត្រី May ក៏បាន​ទាត់ចោល​គម្រោង​ធ្វើ​ប្រជាមតិ​ឯករាជ្យ​លើក​ទី​២ របស់​ស្កុ​តឡែ​ន​។ លោកស្រី បាន​ប្រាប់​ស្កុ​តឡែ​ន​ថា កាលៈទេសៈ​នេះ មិនមែនជា​ពេល​ត្រូវ​គិតពី​ប្រជាមតិ និង​ត្រូវ​រង់ចាំ​លទ្ធផល​ចរចា​ជាមួយ​អឺរ៉ុប​សិន ចាំ​គិត​រឿងនេះ​បន្តទៀត​។​

​ត្រឡប់​ទៅ​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ប្រជាជន​ស្កុ​តឡែ​ន បាន​បោះឆ្នោត​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ចាប់ពីពេលនោះ គម្រោង​ប្រជាមតិ​ឯករាជ្យ​លើក​ទី​២ របស់​រដ្ឋាភិបាល​ស្កុ​តឡែ​ន ក៏​លេចឡើង​ម្ដងទៀត ព្រោះ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស មិនបាន​បញ្ចូល​ការចង់បាន​របស់​ស្កុ​តឡែ​ន​ក្នុង​គម្រោង​ចរចា​ជាមួយ​អឺរ៉ុប​។ ស្កុ​តឡែ​ន​ទាមទារ​ឲ្យ​អង់គ្លេស​បន្ត​ស្ថិតនៅ​ទីផ្សារ​រួម​របស់​អឺរ៉ុប និង​បើកចំហ​លំហូរ​អន្តោប្រវេសន៍ ប៉ុន្តែ​ការទាមទារ​នេះ ត្រូវបាន​ទាត់ចោល​ទាំងអស់​។​

​ទាក់ទង​រឿង​ជំទាស់​គម្រោង​ប្រជាមតិ​នេះ នាយករដ្ឋមន្ត្រី May បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា ពេលនេះ ទាំងអស់គ្នា គួរ​ធ្វើការ​ជាមួយគ្នា មិនមែន​បែកបាក់​គ្នា​ឡើយ​។ ពោល គឺ​ធ្វើការ​ដើម្បី​កិច្ចព្រមព្រៀង​ដ៏​ល្អ​សម្រាប់​ស្កុ​តឡែ​ន និង​ចក្រភព​អង់គ្លេស​តែម្ដង​។ លោកស្រី​និយាយទៀតថា នេះ​ជាការ​ងារ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ហើយ​លោកស្រី​ក៏បាន​ប្រាប់​បក្ស​កាន់អំណាច​ស្កុ​តឡែ​ន​ពី​រឿងនេះ​រួចរាល់​ហើយ​អស់​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ស្កុ​តឡែ​ន David Mundell ក៏​ចេញមក​បញ្ជាក់ដែរថា ការពិភាក្សា​ណាមួយ​លើ​ដំណើរការ​ឈានទៅរក​ការធ្វើប្រជាមតិ នឹង​មិនអាច​កើតឡើង​ឡើយ​។ លោក​បន្តថា​៖ «​យើង​ក៏​មិន​ជជែក​ដេញដោល ឬក៏​មាន​ការចរចា​ណាមួយ​លើ​មាត្រា​៣០ ដែលជា​នីតិវីធី​បើកផ្លូវ​ឲ្យ​សភា​ស្កុ​តឡែ​ន បង្កើត​ច្បាប់​ឈានទៅរក​ការធ្វើប្រជាមតិ​ស្ដីពី​ឯករាជ្យ ហើយ​ការស្នើសុំ​ណាមួយ ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​»​។​

១. ស្កុ​តឡែ​ន ហៅ​ការជំទាស់​របស់​ចក្រភព​អង់គ្លេស ជា​រឿង​មិនអាច​ទទួលយកបាន​

​បន្ទាប់ពី​នាយករដ្ឋមន្ត្រី Theresa May ទាត់ចោល​គម្រោង​ធ្វើ​ប្រជាមតិ នៅ​ស្កុ​តឡែ​ន​ឯណោះ រដ្ឋមន្ត្រី​ទី​១ ស្កុ​តឡែ​ន លោកស្រី Nicola Sturgeon បាន​ចោទប្រកាន់​លោកស្រី May ថា​កំពុង​ព្យាយាម​រាំងខ្ទប់​អនាគត​របស់​ចក្រភព​អង់គ្លេស​។ លោកស្រី Sturgeon ក៏បាន​ហៅ​ជំហរ​របស់​នាយករដ្ឋមន្ត្រី May ជា​រឿង​មិនអាច​ទទួលយកបាន និង​ហួសហេតុ​។​

​រដ្ឋាភិបាល​ស្កុ​តឡែ​ន មាន​គម្រោង​ធ្វើ​ប្រជាមតិ​ឯករាជ្យ​នៅ​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ចុងក្រោយ​នៃ​រយៈពេល​ចរចា​លែងលះ​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​។ យ៉ាងណាមិញ លោកស្រី Sturgeon ក៏បាន​ប្ដេជ្ញាចិត្ត​បន្ត​គម្រោង​ប្រជាមតិ​នេះ​ដាច់ខាត​នៅឯ​សភា​ស្កុ​តឡែ​ន និង​បន្ត​ស្វែងរក​ការយល់ព្រម​តាមផ្លូវ​ច្បាប់​ពីស​ភា​ចក្រ​ភ​ភព​អង់គ្លេស​។

​ដូច​បាន​រៀបរាប់​ខាងលើ ស្កុ​តឡែ​ន​សម្រេចចិត្ត​បន្ត​នៅ​ជាមួយ​អឺរ៉ុប​។ លោកស្រី Sturgeon ក៏​បញ្ជាក់ដែរថា ស្កុ​តឡែ​ន ក៏​គួរតែ​មានឱកាស​ខ្លួន​ដើម្បី​បន្ត​ប្រើប្រាស់​ទីផ្សារ​រួមគ្នា​រវាង​អឺរ៉ុប និង​បន្ត​អនុវត្ត​គោលនយោបាយ​បើកចំហ​លំហូរ​ជនអន្តោប្រវេសន៍​ដូច​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត​។ លោកស្រី រិះគន់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ថា មិនបាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ស្កុ​តឡែ​ន​លើ​រឿង​ចរចា​លែងលះ​ជាមួយ​អឺរ៉ុប​ទៀតផង​។​

២. លោកស្រី May ចង់​ផ្ដោតអារម្មណ៍​លើ​ការចរចា​តែមួយគត់​
​ក្រោយ​សភា​អង់គ្លេស បោះឆ្នោត​យល់ព្រម​លើ​ច្បាប់ Brexit ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II ក៏បាន​យល់ព្រម​លើ​ច្បាប់ ដែល​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី Theresa May មាន​សិទ្ធិ​ផ្ដើម​ការចរចា​បាន​។ លោកស្រី ប្រកាស​ហើយ​ថា លោកស្រី នឹង​ចាប់ផ្ដើម​ដំណើរ​ការចរចា​លែងលះ​ដែលមាន​រយៈពេល​២​ឆ្នាំ ជាមួយ​សហភាព​អឺរ៉ុប​នៅ​ដំណាច់​ខែមីនា តាមរយៈ​ការជូនដំណឹង​ស្ដីពី​ការចាកចេញ​នេះ​ទៅកាន់​ក្រុមប្រឹក្សា​អឺរ៉ុប​។​

​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ដែល​ល្អ​ទាំង​ខាង​ជាមួយ​អឺរ៉ុប​។ ប៉ុន្តែ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី May បែរជា​មិនសូវ​យកចិត្តទុកដាក់​លើ​ការទាមទារ​របស់​ស្កុ​តឡែ​ន ដែលជា​រដ្ឋ​ចំណុះ​របស់​ចក្រភព​អង់គ្លេស​ឡើយ​។ ស្កុ​តឡែ​ន​ចង់បាន​នៅ​ជា​សមាជិក​អឺរ៉ុប ហើយ​បើទោះជា​ចាកចេញ​ក្ដី ស្កុ​តឡែ​ន​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ផលប្រយោជន៍​ដែល​ធ្លាប់​ទទួល​ពី​សមាជិកភាព​នេះ​។​

​យ៉ាងណាក្ដី លោកស្រី May បានសម្រេច​ចិត្ត​ជ្រើសរើស​ការ​លែងលះ​ដាច់ស្រេច ដោយ​មិន​ចង់​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហ​ភា​អឺរ៉ុប​ឡើយ សូម្បីតែ​បន្ត​ស្ថិតក្នុង​ទីផ្សារ​រួមគ្នា​ក្ដី​។ ម្យ៉ាងទៀត លោកស្រី May ក៏​មិន​ចង់​ឲ្យ​រឿង​ឯករាជ្យ​របស់​ស្កុ​តឡែ​ន ក្លាយជា​ឆ្អឹង​ទទឹង​ករ​ដែរ ខណៈដែល​លោកស្រី​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការចរចា​ជាមួយ​អឺរ៉ុប​។ តាមរយៈ​ការអធិប្បាយ​ខាងលើ លោកស្រី ចង់​ឲ្យ​ស្កុ​តឡែ​ន​នៅ​ស្ងៀមស្ងាត់ ហើយ​រង់ចាំ​រហូតដល់​ការចរចា​លែងលះ​ចេញ​លទ្ធផល​សិន ចាំ​និយាយ​រឿង​ឯករាជ្យ ព្រោះ​វា​មិន​យុត្តិធម៌​ឡើយ ដែល​ប្រជាជន​ស្កុ​តឡែ​ន​បោះឆ្នោត​ប្រជាមតិ ទាំង​មិនដឹង​លទ្ធផល​នោះ​៕
 

Tag:
 ​អឺរ៉ុប​
  Brexit
  ស្កុ​តឡែ​ន​
  Theresa May
  Nicola Sturgeon
© រក្សាសិទ្ធិដោយ thmeythmey.com