អន្តរជាតិ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​ប្រាប់​ជប៉ុន​ថា បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើងរាទឹក​
17, Mar 2017 , 9:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying (រូបថតពីវ៉េបសាយក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying (រូបថតពីវ៉េបសាយក្រសួងការបរទេសចិន)
​ក្រុង​ប៉េកាំង បានប្រកាសថា ខ្លួន​នឹង​ឆ្លើយតប​ម៉ឺងម៉ាត់​មួយ បើ​ក្រុង​តូ​ក្យូ​នៅតែ​ពន្យុះ​ឲ្យ​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​តានតឹង និង​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​អធិបតេយ្យ​របស់​ចិន​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​មាន​របាយការណ៍​ថា ជប៉ុន​នឹង​បញ្ជូន​នាវា​ធំជាងគេ​បំផុត​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ហួស​ដំណើរ​ឆ្ពោះទៅ​មហាសមុទ្រ​ឥណ្ឌា​។ ចិន​នៅមាន​មន្ទិលសង្ស័យ​លើ​គោលដៅ​ពិតប្រាកដ​នៃ​ការបញ្ជូន​នាវា​នេះ និង​ជឿថា​ជាការ​សម្ញែង​ឫទ្ធិ​យោធា ដែល​អាច​បង្កើន​កម្ដៅ​ជម្លោះ​។​



​គម្រោង​បញ្ជូន​នាវា​ធំ​បំផុត​របស់​ជប៉ុន​ដែល​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​សំដៅ​មហាសមុទ្រ​ឥណ្ឌា កំពុង​បញ្ឆេះ​កំហឹង​រដ្ឋាភិបាល​ចិន​យ៉ាងខ្លាំង​។ ចិន មិន​ពេញចិត្ត​ទាល់តែសោះ​សកម្មភាព​រប​ស់ជ​ប៉ុន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទាំង​ខ្លួន​មិនមែនជា​ភាគី​ពាក់ព័ន្ធ​អ្វី​ទាំងអស់​។ ចិន ក៏​ប្រាប់​ឲ្យ​ជប៉ុន ដកខ្លួន​ចេញពី​ជម្លោះ​នេះ និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​ជម្លោះ​រាលដាល​ឡើយ​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​១៦ ខែមីនា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ជប៉ុន​តែងតែ​គិតពី​ផលប្រយោជន៍​ខ្លួនឯង ដើរ​បញ្ឆេះ​កំហឹង និង​បង្ក​ការបែកបាក់​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។ លោកស្រី ទំនងជា​ចង់​សំដៅ​ដល់​ជំហរ​របស់​ជប៉ុន ដែល​រិះគន់​ចិន​រហូតមក ហើយ​ថ្មីៗ​នេះ​ទៀត មាន​គម្រោង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត​របស់ខ្លួន​មកកាន់​តំបន់​ជម្លោះ​ក្ដៅគគុក​នេះ​។

​អ្នកនាំពាក្យ​ខាងលើនេះ បន្តថា សកម្មភាព​របស់​ជប៉ុន ធ្វើ​ឲ្យ​ប្រជាជន​ចិន​ខឹងសម្បារ និង​ជំទាស់​យ៉ាងខ្លាំង​។ លោកស្រី​ថែមទាំង​ព្រមាន​ថា បើ​ជប៉ុន​បន្តសកម្មភាព​បែ​ប​នេះ​ទៀត ឬក៏​ដល់​ថ្នាក់​ធ្វើ​សកម្មភាព​យោធា​ណាមួយ​មក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​ប៉ះពាល់​អធិបតេយ្យ​និង​សន្តិសុខ​ចិន ឬក៏​បំផ្លាញ​ស្ថិរភាព​តំបន់ ក្រុង​ប៉េកាំង​នឹង​ឆ្លើយតប​ម៉ឺងម៉ាត់​បំផុត​។   

​លោកស្រី Hua Chunying ក៏បាន​រម្លឹក​ជប៉ុន​ដែ​រថា ខ្លួន​មិនមែនជា​ភាគី​ដែល​ត្រូវ​ព្រួយបារម្ភ​រឿង​ជម្លោះទឹកដី​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ហើយ​ជប៉ុន​ក៏មាន​ប្រវត្តិ​អាក្រក់​គ្រប់គ្រង​កោះ Xisha និង​កោះ Nansha កាលពី​សម័យ​សង្គ្រាម​ផងដែរ​។ ដូច្នេះ ក្រុង​តូ​ក្យូ គួរ​រៀន​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​មិនគួរ​អួតអាង​សម្ភារ​យោធា​អ្វី​ឡើយ​។ ហើយ​ជប៉ុន ក៏​មិន​ត្រូវធ្វើ​អ្វីដែល​បង្ក​អស្ថិរភាព និង​ការបែកបាក់​នៅក្នុង​តំបន់​អ្វី​ទេ​។​

​នៅមុននេះ ក្រុង​ប៉េកាំង​ក៏បាន​ស្នើ​រក​ការបកស្រាយ​ផ្លូវការ​ពី​សំណាក់​ជប៉ុន ជុំវិញ​គម្រោង​ឆ្លងកាត់​របស់​នាវា​ដ៏​ធំ​ជប៉ុន​។ ចិន​សង្ស័យថា នាវា​ដឹក​ឧទ្ធម្ភាគចក្រ Izumo មិនមែន​គ្រាន់តែ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ឈប់​សំចត​នៅតាម​រដ្ឋ​សមាជិក​អាស៊ាន​ដូច​ការផ្សាយ​របស់​សារព័ត៌មាន​នានា​ឡើយ​។ ចិន មិន​ជំទាស់​ទេ បើ​នាវា​ជប៉ុន​គ្រាន់តែ​បំពេញ​ទស្សនកិច្ច​ធម្មតា និង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ប៉ុន្តែ​បើ​នាវា​ជប៉ុន​ទៅក្នុង​គោលដៅ​ផ្សេង វា​នឹង​ក្លាយជា​បញ្ហា​ដែល​ត្រូវ​ឆ្លើយតប​មិន​ខាន​៕


Tag:
 ចិន​
  ជប៉ុន​
  សមុទ្រ​ចិន​ខាងត្បូង​
  Hua Chunying
© រក្សាសិទ្ធិដោយ thmeythmey.com