បទវិភាគ
ពីនេះ ពីនោះ / មិនយល់...!
រឿង​មីក្រូហិរញ្ញវត្ថុ​, រដ្ឋាភិបាល យកចិត្ត​កូនពៅ តែ​ត្រូវ​គិត​កូនច្បង​ផងដែរ​…!
19, Mar 2017 , 8:59 am         29112
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន
​លោក ង៉ែត ជូ​

​សាច់រឿង​ដ៏​គួ​រឲ្យ​ជក់ចិត្ត​មួយ​មាន​តួអង្គ​បី​។ តួអង្គ​ទី​១​គឺ​ឪពុកម្តាយ​(​រដ្ឋាភិបាល​) តួអង្គ​ទី​២​គឺ​កូនពៅ​(​អតិថិជន​ដែលជា​ពលរដ្ឋ​) និង តួអង្គ​ទី​៣​គឺ​កូនច្បង​(​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​)​។


​ថ្មីៗ​នេះ​រដ្ឋាភិបាល​ដែលជា​ឪពុកម្តាយ​បានចេញ​ប្រកាស​កំណត់​ការប្រាក់​ខ្ពស់បំផុត​ត្រឹម​១៨ភាគរយ ក្នុង​១​ឆ្នាំ ​ដោយហេតុថា​កូនពៅ​កំពុង​ជួប​ការលំបាក​នៃ​បំណុល​ជាច្រើន​ ដែល​បាន​ជំពាក់​កូនច្បង​។ ម្យ៉ាងទៀត​ឪពុកម្តាយ​ក៏​យល់​ដែរ​ថា​ ខ្លួន​ត្រូវ​រស់នៅ​ជាមួយ​កូនពៅ ហើយ​កូនពៅ​នេះហើយ​ ដែលមាន​ភារៈ​ថែរក្សា​បីបាច់​ខ្លួន​ដែលជា​ឪពុកម្តាយ​។

​ចំណែកឯ​កូនច្បង​វិញ​ ក៏​ជួបប្រទះ​ការលំបាក​ដោយសា​ការសម្រេចចិត្ត​របស់​ឪពុកម្តាយ​នេះដែរ​ ព្រោះ​កូនច្បង​ មុខជា​នឹងមិន​រស់​ទេ ​បើ​កូនពៅ​បង់​ការប្រាក់​ឲ្យ​ខ្លួន​ ត្រឹមតែ​១៨ភាគរយ ​ក្នុង​១​ឆ្នាំ​នោះ​។​

​តើ​ឪពុកម្តាយ​គួរ​ធ្វើ​យ៉ា​យ​ណា​បើ​សុទ្ធតែជា​កូន​ដូចគ្នា​នោះ​?

​បាតដៃ​ក៏​សាច់​ ខ្នងដៃ​ក៏​សាច់​។ សម្រេចសម្រួល​បែរជា​កើត​ការណ៍​ដូចតទៅ​:
១) ឪពុកម្តាយ​បានជា​ជ្រុលខ្លួន​សន្យា​ជាមួយ​កូនពៅ​រឿង​១៨ភាគរយទៅហើយ ​(​មិនអាច​លេបសម្តី​បាន​នោះទេ​)​ ទើប​ដឹងថា​១៨ភាគរយនេះ ​កូនច្បង​មុខជា​មិន​រស់​ដែរ​។​

២) មកដល់ពេលនេះ កូនច្បង​ក៏​មិន​ថ្លើមខ្មៅ​មានចិត្ត​អក​តញូ​ ប្រឆាំងនឹង​ការសម្រេច​របស់​ឪពុកម្តាយ​ដែរ​ គឺ​យល់ស្រប​នឹង​ការសម្រេចចិត្ត​របស់​ឪពុកម្តាយ​ រឿង​១៨ភាគរយ ​នោះ​ទាំងស្រុង​។ ប៉ុន្តែ​កូនច្បង​ទ​ទួ​ច​សុំឲ្យឪពុកម្តាយ​ជួយ​ខ្លួន​ តាមរយៈ​ផ្តល់​ថ្លៃដើម​ហិរញ្ញវត្ថុ​ទាប និងលើកលែង​ការបង់ពន្ធ​ជូន​ឪពុកម្តាយ​ជាដើម ដើម្បីឲ្យ​ខ្លួន​បាន​រស់​។​

​ទីបញ្ចប់ បើ​កូនច្បង​ស្លាប់ កូន​ប្អូន​ក៏​រងទុក្ខវេទនា​ដែរ​។ ដូច្នេះ​តើ​ឪពុកម្តាយ​គួ​ធ្វើយ៉ាងណា ​បើ​ខ្លួន​ត្រូវ​រស់នៅ​ជ្រកកោន​ជាមួយ​កូនពៅ​ហើយ​ កូនពៅ​បែ​រជា​ត្រូវ​ជួប​ទុក្ខវេទនា​ ដោយសា​ការសម្រេចចិត្ត​របស់ខ្លួន​នោះ​? សំណួរ​ដ៏​លំបាក​នេះ បើ​សួរ​ទៅ​ចំ​ឪពុកម្តាយ​មានចិត្ត​ធម៌​ និង​ប្រកបដោយ​ពុទ្ធិ នោះ​មុខជា​គាត់​ឆ្លើយថា​ គាត់​នឹងត្រូវ​បេះ​ពី​មាត់​ អត់​ពី​ក ដោយ​មិន​យកពន្ធ​ពី​កូនច្បង​ និង​រិះរក​គ្រប់​វិធី​ ដើម្បី​ជួយ​រក​ប្រភព​ហិរញ្ញវត្ថុ​ដែលមាន​ការប្រាក់​ទាប​ ឲ្យ​កូនច្បង​ខ្ចី​តាម​កា​រទ​ទួ​ច​សុំ​ពី​កូនច្បង​ហើយ​។ ធ្វើ​យ៉ាងនេះ​កូនច្បង ​ក៏​រស់​រីឯ​ឪពុកម្តាយ​ក៏​មិន​ក្បត់​សម្តី​ដែល​បាន​សន្យា​ថា ឲ្យ​កូនពៅ​សង​ទៅ​កូនច្បង​ជាមួយ​ការប្រាក់​ត្រឹម​១៨ភាគរយ ​ក្នុង​១​ឆ្នាំ​នោះដែរ​។ ទីបំផុត​គ្រួសារ​មួយ​នេះ​ រស់នៅ​សុខ​ស្រួល​នឹង​គ្នា​ ប្រកបដោយ​ការ​សាមគ្គី ក្រោម​ម្លប់​នៃ​ឪពុកម្តាយ​ ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ និង​ប្រកបដោយ​គុណធម៌​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1516next