បទវិភាគ
ពីនេះ ពីនោះ
រឿងមីក្រូហិរញ្ញវត្ថុ, រដ្ឋាភិបាល យកចិត្តកូនពៅ តែត្រូវគិតកូនច្បងផងដែរ…!
× លិខិតមិត្តអ្នកអាន
លោក ង៉ែត ជូ
សាច់រឿងដ៏គួរឲ្យជក់ចិត្តមួយមានតួអង្គបី។ តួអង្គទី១គឺឪពុកម្តាយ(រដ្ឋាភិបាល) តួអង្គទី២គឺកូនពៅ(អតិថិជនដែលជាពលរដ្ឋ) និង តួអង្គទី៣គឺកូនច្បង(គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)។
ថ្មីៗនេះរដ្ឋាភិបាលដែលជាឪពុកម្តាយបានចេញប្រកាសកំណត់ការប្រាក់ខ្ពស់បំផុតត្រឹម១៨ភាគរយ ក្នុង១ឆ្នាំ ដោយហេតុថាកូនពៅកំពុងជួបការលំបាកនៃបំណុលជាច្រើន ដែលបានជំពាក់កូនច្បង។ ម្យ៉ាងទៀតឪពុកម្តាយក៏យល់ដែរថា ខ្លួនត្រូវរស់នៅជាមួយកូនពៅ ហើយកូនពៅនេះហើយ ដែលមានភារៈថែរក្សាបីបាច់ខ្លួនដែលជាឪពុកម្តាយ។
ចំណែកឯកូនច្បងវិញ ក៏ជួបប្រទះការលំបាកដោយសាការសម្រេចចិត្តរបស់ឪពុកម្តាយនេះដែរ ព្រោះកូនច្បង មុខជានឹងមិនរស់ទេ បើកូនពៅបង់ការប្រាក់ឲ្យខ្លួន ត្រឹមតែ១៨ភាគរយ ក្នុង១ឆ្នាំនោះ។
តើឪពុកម្តាយគួរធ្វើយ៉ាយណាបើសុទ្ធតែជាកូនដូចគ្នានោះ?
បាតដៃក៏សាច់ ខ្នងដៃក៏សាច់។ សម្រេចសម្រួលបែរជាកើតការណ៍ដូចតទៅ:
១) ឪពុកម្តាយបានជាជ្រុលខ្លួនសន្យាជាមួយកូនពៅរឿង១៨ភាគរយទៅហើយ (មិនអាចលេបសម្តីបាននោះទេ) ទើបដឹងថា១៨ភាគរយនេះ កូនច្បងមុខជាមិនរស់ដែរ។
២) មកដល់ពេលនេះ កូនច្បងក៏មិនថ្លើមខ្មៅមានចិត្តអកតញូ ប្រឆាំងនឹងការសម្រេចរបស់ឪពុកម្តាយដែរ គឺយល់ស្របនឹងការសម្រេចចិត្តរបស់ឪពុកម្តាយ រឿង១៨ភាគរយ នោះទាំងស្រុង។ ប៉ុន្តែកូនច្បងទទួចសុំឲ្យឪពុកម្តាយជួយខ្លួន តាមរយៈផ្តល់ថ្លៃដើមហិរញ្ញវត្ថុទាប និងលើកលែងការបង់ពន្ធជូនឪពុកម្តាយជាដើម ដើម្បីឲ្យខ្លួនបានរស់។
ទីបញ្ចប់ បើកូនច្បងស្លាប់ កូនប្អូនក៏រងទុក្ខវេទនាដែរ។ ដូច្នេះតើឪពុកម្តាយគួធ្វើយ៉ាងណា បើខ្លួនត្រូវរស់នៅជ្រកកោនជាមួយកូនពៅហើយ កូនពៅបែរជាត្រូវជួបទុក្ខវេទនា ដោយសាការសម្រេចចិត្តរបស់ខ្លួននោះ? សំណួរដ៏លំបាកនេះ បើសួរទៅចំឪពុកម្តាយមានចិត្តធម៌ និងប្រកបដោយពុទ្ធិ នោះមុខជាគាត់ឆ្លើយថា គាត់នឹងត្រូវបេះពីមាត់ អត់ពីក ដោយមិនយកពន្ធពីកូនច្បង និងរិះរកគ្រប់វិធី ដើម្បីជួយរកប្រភពហិរញ្ញវត្ថុដែលមានការប្រាក់ទាប ឲ្យកូនច្បងខ្ចីតាមការទទួចសុំពីកូនច្បងហើយ។ ធ្វើយ៉ាងនេះកូនច្បង ក៏រស់រីឯឪពុកម្តាយក៏មិនក្បត់សម្តីដែលបានសន្យាថា ឲ្យកូនពៅសងទៅកូនច្បងជាមួយការប្រាក់ត្រឹម១៨ភាគរយ ក្នុង១ឆ្នាំនោះដែរ។ ទីបំផុតគ្រួសារមួយនេះ រស់នៅសុខស្រួលនឹងគ្នា ប្រកបដោយការសាមគ្គី ក្រោមម្លប់នៃឪពុកម្តាយ ដែលមានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com