ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ហាម​អ្នកគាំទ្រ​ប្រើពាក្យ​ស្លោក​ដែល​CPP​គំរាម​ប្តឹង​
18, Mar 2017 , 2:40 pm        
រូបភាព
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហាមប្រាម​អ្នកគាំទ្រ​របស់ខ្លួន ប្រើប្រាស់​ពាក្យស្លោក​ណា​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​បុគ្គល ឬ​គណបក្ស​ផ្សេង ដើម្បី​ចៀស​វាងភាព​ល្អក់កករ​មុន​ការបោះឆ្នោត​។  ដ្បិត​មិន​និយាយ​ឲ្យ​ចំ ប៉ុន្តែ​ពាក្យស្លោក​នោះ គឺ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​គណបក្ស​ប្រជាជន​គំរាម​ប្តឹង ។



​លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ជាគោលការណ៍ យើង​អត់​ទាន់​សម្រេច​ថា​មិន​ឲ្យ​ប្រើពាក្យ​ស្លោក​នេះ​ទេ​(​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​)​ប៉ុន្តែ​បើ​ពាក្យ​ណា​ប្រើ​ទៅ​ប៉ះពាល់​អារម្មណ៍​គណបក្ស​ណា ឬ​បុ​គ្ក​ល​ណា ឬ​បើ​ប្រើ​ទៅ​នាំ​ឲ្យ​ល្អក់កករ យើង​ខ្ជិល​ប្រើ​។ យើង​មិន​ចង់​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ មុន​ការបោះឆ្នោត​ទេ​»​។

​នៅក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីដើម​ខែមីនា គណបក្ស​ប​ញ្ជូ​ល​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ក្នុង​គោលនយោបាយ​ចំនួន​៥​ចំណុច​របស់ខ្លួន សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការបោះឆ្នោត​នាពេលខាងមុខ​។  

​ពាក្យស្លោក​ដែល​មិនទាន់បាន​ប្រើ​ជា​ផ្លូវការ​ក្នុងការ​ឃោសនាបោះឆ្នោត​ផង​នេះ ត្រូវបាន​មេឃុំ និង​ចៅសង្កាត់​មួយចំនួន​ពី​បក្ស​កាន់អំណាច ថ្កោលទោស​ជា​បន្តបន្ទាប់​។  ចំណែកឯ​គណបក្សកាន់អំណាច​វិញ ចាត់ទុកថា មាន​ច​រិ​ក​ញុះញុង បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ ដល់​មន្ត្រីឃុំ​សង្កាត់​ទូទាំងប្រទេស ដែល​បាន​ខិតខំ​បម្រើប្រជាជន ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​។ គណបក្ស​ប្រជាជន​កម្ពុជា បានទាមទារ​ថ្នាក់ដឹកនាំ CNRP កែតម្រូវ​ជាបន្ទាន់​ចំពោះ​ខ្លឹមសារ​ពាក្យស្លោក​នេះ ដើម្បី​រក្សា​បិ​រ​យា​កាស​ល្អ និង​សុខសន្តិភាព​របស់​ប្រទេសជាតិ និង​ព្រមាន​ប្តឹង​ប្រសិនបើ​មិន​កែតម្រូវ​ពាក្យស្លោក​នេះ​ទេនោះ​៕


Tag:
 ពាក្យស្លោក​
  ​ប៉ុល ហំ​ម​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com