ជាតិ
គ​.​ជ​.​ប នៅតែ​បារម្ភ​ពី​ជម្លោះ​នយោបាយ ដែល​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​
20, Mar 2017 , 8:19 am         2462
រូបភាព
​ភ្នំពេញ​៖ គ​.​ជ​.​ប ហាក់​ធូរចិត្ត​ជាច្រើន​ចំពោះ​បញ្ហា​នានា ដែល​ខ្លួន​ខិតខំ​បំពេញ​និង​ដោះស្រាយ​កន្លងមក​។ រឿង​តែមួយគត់ ដែល​គ​.​ជ​.​ប កំពុង​ព្រួយបារម្ភ​នោះ គឺ​ជម្លោះ​ខាង​នយោបាយ ដែល​នៅតែ​បន្ត​កើតមាន ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។


​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅតែ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​ធានា​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ឲ្យ​ដំណើរ​ទៅដោយ​រលូន និង​យុត្តិធម៌​។ ចំពោះ​ថវិកា ដើម្បី​ទ្រទ្រង់​ដំណើរការ​នៃ​ការបោះឆ្នោត ក៏​គ​.​ជ​.​ប បាន​គិតគូរ​រួចរាល់​ដែរ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប មាន​ថវិកា​ចំនួន​៥៣​លាន​ដុល្លារ ដែល​បានមកពី​រដ្ឋាភិបាល​ក​ម្ពុ​ជា រួមទាំង​បរទេស ជា​ម្ចាស់ជំនួយ ដើម្បី​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​។ លោក បញ្ជាក់ថា គ​.​ជ​.​ប លែង​ព្រួយបារម្ភ​ពី​ថវិកា រួមទាំង​បញ្ហា​មួយចំនួន​ទៀតហើយ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អ្វីៗ គឺ​យើង​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ​។ ហើយ​ថវិកា​ប៉ុណ្ណឹង គឺ​គ្រប់គ្រាន់​ហើយ មិន​ខ្វះ​ទេ​។ គ​.​ជ​.​ប មិន​ព្រួយបារម្ភ​ទេ រឿង​ថវិកា​នោះ​»​។

​យ៉ាងណា ស្ថាន​ប័នរៀបចំ​ការបោះឆ្នោត​មួយ​នេះ នៅតែមាន​កង្វល់​ពី​ភាពមិន​នឹងន​ផ្នែក​នយោបាយ​។ ស​ម្រ​ប់លោក ហង្ស ពុទ្ធា ជម្លោះ​រវាង​គណបក្សនយោបាយ​ទាំងពីរ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា គឺជា​ក្តី​ព្រួយបារម្ភ​របស់​គ​.​ជ​.​ប​។ 

​លោក ហង្ស ពុទ្ធា យល់ថា ការទាស់ទែង​គ្នា​ដោយសារតែ​ទស្សន​នយោបាយ អាច​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង​នៅតែ​ព្រួយបារម្ភ​ពី​ការ​ប៉ះ​ទ​ង្វិ​ច​គ្នា​របស់​គណបក្សនយោបាយ​។ យើង​ឃើញ​ហើយ មួយរយៈ​ចុងក្រោយ​នេះ គណបក្សនយោបាយ ដូចជា​មិនសូវ​ត្រូវ​គ្នា​ទេ​»​។

​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការប្រើ​ពាក្យស្លោក​ថា «​ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ បម្រើ​រាស្ត្រ​»​។ គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ពាក្យស្លោក​នេះ ថា​ជាការ​ញុះញង់​និង​ជា​ប្រមាថមើលងាយ​ទៅដល់​មន្ត្រីឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​។

​ក្រោយមក មេឃុំ​-​ចៅសង្កាត់​មួយចំនួន មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​ធ្វើ​ញត្តិ​ថ្កោលទោស​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្នើ​ឲ្យ​កែប្រែ​ខ្លឹមសារ​នៃ​ពាក្យស្លោក​ខាងលើ​។ នៅ​ទីបំផុត គណបក្ស​សង្គ្រោះ​ជាតិ ក៏​សម្រេច​ផ្អាក​ប្រើ​ពាក្យស្លោក​នេះ​។

​ជាងនេះទៀត គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​ផុត​ស្រឡះ​ពី​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​សមាជ​វិសាមញ្ញ​របស់ខ្លួន នោះទេ​។ សមាជ​វិសាមញ្ញ ដែល​ធ្វើឡើង​កាលពីដើម​ខែមីនា ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​ថ្មី ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បា​នស​ន្ស​ល់​នូវ​ស្លាកស្នាម​ខ្លះៗ ដល់​ក្រសួងមហាផ្ទៃ​។

​ពេលនេះ ក្រសួងមហាផ្ទៃ កំពុង​សិក្សា​ពី​អង្គសមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រសិនបើ​ក្រសួងមហាផ្ទៃ រកឃើញ​ភាពមិនប្រក្រតី​ណាមួយ ពី​អង្គសមាជ​វិ​សាញ នោះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជួយ​បញ្ហា ជា​បន្តទៀត​៕

Tag:
 គជប​
  គណបក្ស​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ